NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 17 May 2016 01:53 PM Post By ៖ Apsara National Authority

“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។

ពិធីសុំទឹកភ្លៀងឆ្នាំនេះ មិនទាន់បានទទួលទឹកភ្លៀងភ្លាមៗតាមការសុំឡើយ ដែលខុសប្លែកពីឆ្នាំមុនៗ គ្រាន់តែធ្វើពិធីបួងសួងសូត្រមន្តមិនទាន់ចប់ផង មហាមេឃក៏បង្អុរភ្លៀងចុះមករកតែកន្លែងជ្រកមិនចង់បាន។ ទោះជាយ៉ាងនេះក្តី លោកយាយវឿន ដែលដឹកនាំកម្មវិធីនេះរៀបរាប់ទាំងក្តីសង្ឃឹមថា ទោះជាថ្ងៃនេះមិនទាន់ភ្លៀង យ៉ាងយូរពីរបីថ្ងៃទៀតភ្លៀងនឹងធ្លាក់ចុះមកមិនខាន។

លោកយាយវឿនរៀបរាប់ថា លោកយាយធ្លាប់មកធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនេះ តាំងពីនៅក្មេងមកម្ល៉េះ ដោយកាលនោះ លោកយាយមកជាមួយនឹងតារបស់គាត់ដែលមានអាយុជាង១០០ឆ្នាំ។ លោកយាយបន្តថា ទីនេះសក្តិសិទ្ធិណាស់ ឲ្យតែសុំទឹកភ្លៀងគឺដឹងតែបានហើយ។ “ពេលខ្លះ សូម្បីយើងមិនទាន់ដឹងថា វាអាចនឹងមានភ្លៀងតិចឬច្រើនសម្រាប់ធ្វើស្រែក៏ដោយ ក៏យើងនៅតែធ្វើពិធីសុំដែរ ព្រោះបើមិនធ្វើពិធីសុំទេ ក្រែងមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ”

តាមការសង្កេតឆ្នាំនេះ ប្រជាពលរដ្ឋប្រហែលជាងមួយរយនាក់មកពីភូមិផ្សេងៗដូចជា ភូមិភ្លង់ លាងដៃ តាប្រុកជាដើម បានមកជួបជុំគ្នានៅប្រាសាទនាគព័ន្ធ ដើម្បីធ្វើពិធីបួងសួងសុំទឹកភ្លៀងរយៈពេលមួយយប់ពីរថ្ងៃ។ តែលោកយាយវឿនលើកឡើងថា កាលពីមុនមានមនុស្សដែលមានជំនឿរឿងបួងសួងសុំទឹកភ្លៀងនេះច្រើនណាស់ ឲ្យតែដល់ពេលធ្វើម្តងៗ មនុស្សមកចូលរួមណែនណាន់តាន់តាប់ មិនមែនមកតែពីបីភូមិក្បែរៗនេះទេ គឺមកតាំងតែពីភូមិផ្សេងៗឆ្ងាយទៀត។ “សព្វថ្ងៃមនុស្សគេមិនសូវជឿ! គេមិនសូវមកចូលរួមច្រើនដូចមុនទេ! ណាមួយពីដើមយើងមានមុខរបរអីក្រៅពីស្រែចម្ការ ចឹងហើយ ម្នាក់ៗមានពេលទំនេរមកចូលរួមច្រើន តែឥឡូវគេរវល់ធ្វើការងារច្រើនពេកទើបមិនសូវមានអ្នកចូលរួមប៉ុន្មាន”

ទោះបានទទួលភ្លៀងភ្លាមៗ ឬមិនទាន់បានក្តី ពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធឆ្នាំនេះ នៅតែប្រព្រឹត្តទៅតាមទំនៀមទម្លាប់ដូចដែលធ្លាប់ប្រតិបត្តិមករាល់ឆ្នាំដែរ។ ដោយថ្ងៃដំបូងគេរៀបចំពិធីប្រុងពលី ប្រកាសបួងសួង និងសែនគ្រឿងសំណែនផ្សេងៗ។ ពិធីជាបន្ត គឺការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ មានពិធីមួយទៀត ដែលត្រូវបានប្រារព្ធឡើងបន្ទាប់ពីចម្រើនព្រះបរិត្តហើយ នោះគឺពិធីចូលរូប។ ពិធីបញ្ចូលរូបឆ្នាំនេះ មានរូបចូលមកសណ្ឋិត៤គឺ ជម្ពូទ្វីប សំពៅមាស ភុជង្គនាគ និងនាងគ្របលក្ខណ៍ ពេលមកចូលមក ផ្តើមលាបម្សៅ ហូបគ្រឿងស្រវឹងផ្សេងៗ រាំពត់ពែនទៅតាមចង្វាក់ភ្លេង និងទស្សន៍ទាយទឹកភ្លៀង ជូនពរកូនចៅសុខសប្បាយដូចសព្វដងដែរ។

ពេលព្រឹកឡើង គេនិមន្តព្រះសង្ឃឆាន់យាគូ និងរាប់បាត្រព្រះសង្ឃតាមទំនៀមព្រះពុទ្ធសាសនា។ មុននឹងបញ្ចប់កម្មវិធី អាចារ្យនាំអ្នកស្រុកដើរប្រទក្សិណប្រាសាទនាគព័ន្ធ ៣ជុំ ដោយចាក់ទឹកលើក្បាលទ (ដែលអ្នកស្រុកហៅថា រន្ធរាហូ) ដែលមានចម្លាក់រូបសំណាកនៅតាមទិសទាំងបួន។ មិនតែប៉ុណ្ណោះ អ្នកស្រុកក្មេងចាស់លេងជះទឹកដាក់គ្នាទៅវិញទៅមក ខ្លះច្រៀង ខ្លះរាំ សប្បាយក្អាកក្អាយ ជាមួយនឹងក្រុមឆៃយ៉ាំ ហាក់ដូចជាកំពុងភ្លៀងធ្លាក់មកមែនទែន៕






































ក្រុមកាត់ក្រីមែកឈើ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីមែកឈើ និងកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់មួយចំនួន ស្ថិតនៅបរិវេណប្រាសាទព្រះខ័ន តាមផ្លូវចូលមុខរានហាលខាងជើង។
នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាជាតិអប្សរាបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល វិជ្ជាសង្រ្គោះបឋម ចាប់ពីថ្ងៃទី០២ ខែធ្នូ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដល់សិក្ខាកាមមកពីនាយកដ្ឋានគ្រប់គ្រងទឹកចំនួន២០រូប នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរចំនួន២០រូប និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការចំនួន២០រូប សរុបចំនួន៦០រូប។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១១:០០នាទីនៅសាលលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នឹងមានរៀបចំបាឋកថាស្តីអំពី «វិបត្តិនិងបញ្ហាទំនាស់ដែលនាំឱ្យប៉ះពាល់ដល់សហគមន៍មនុស្សនិងបេតិកភណ្ឌវប្បធម៌» ជាភាសាអង់គ្លេសដោយលោកសាស្រ្តាចារ្យ MOUNIR BOUCHENAKI ។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រៅតែពីអាជ្ញាធរជាតិអប្សរាបានសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើនក្នុងការងារជួសជុល អភិរក្ស និងថែរក្សា ប្រាសាទបុរាណនោះ អាជ្ញាធរជាតិអប្សរាខ្លួនឯង ក៏មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការងារលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញថែមទៀតនៅឆ្នាំ២០២០ខាងមុខ។
នៅរសៀលថ្ងៃទី១១ ខែធ្នូ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦របស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងស្ដីពីគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ (Système d'aide à laDécision pour la Gestion des Eaux de la Région d'Angkor) ហៅកាត់ថា SDGERA។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
7112
Yesterday
:
11914
This Week
:
53687
This Month
:
0132313
Total
:
009881999