ព័ត៌មានថ្មីៗ

លានជល់ដំរី ក្រុងអង្គរធំជាកន្លែងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាថ្មីម្តងទៀតនាឆ្នាំ២០១៦

បានផ្សាយនៅ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ2016 10:50 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាជនខ្មែរដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

ដោយឡែកនៅឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លានជល់ដំរី ក្រុងអង្គរធំ នឹងក្លាយជាទីតាំងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាថ្មីម្តងទៀត ដែលនេះជាលើកទី២ហើយ (លើកទី១នៅឆ្នាំ២០១១) សម្រាប់ការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះនៅលើទឹកដីអង្គរ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមអាជ្ញាធរជាតិអប្សរាដែលមានតួនាទីគ្រប់គ្រងនិងរៀបចំរមណីយដ្ឋានអង្គរ បានសហការរៀបចំទីតាំងសង់ព្រះពន្លាជ័យ វេទិកា ជម្រកគោឧសភរាជ និងទីកន្លែងសម្រាប់ដង្ហែស្តេចនាគនិងមេហួរ។ បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរាក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររៀបចំពិធីបុណ្យជាតិ-អន្តរជាតិ សាលាខេត្តសៀមរាប និងគ្រឹះស្ថានអង្គរលើការងាររៀបចំព្រះស្រែ ដាំស្មៅ ស្រោចស្មៅ រៀបចំបង្គន់អនាម័យ រៀបចំស្តង់តាំងពិព័រណ៍ការងារនានា ចងបដាពាក្យស្លោករក្សាសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរចេញចូលរបស់ក្រុមការងារ និងប្រជាជន រួមទាំងគ្រប់កិច្ចការដែលបម្រើឱ្យការរៀបចំព្រះរាជពិធីបុណ្យនេះ៕



















































នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអ៊ីអុង (AEON) សាកលវិទ្យាល័យសូហ្វីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា។ ជំនួបពិភាក្សានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាផ្ទាល់ ដោយផ្តោតសំខាន់លើដំណើរការនៃការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងការដាក់ឲ្យដំណើរការឡើងវិញនូវសារមន្ទីរក្រោយការជួសជុលរួចរាល់។
គម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដែលមានអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) បានធ្វើការជួសជុលផ្នែកផ្សេងៗនៃប្រាសាទតាព្រហ្មតាំងពីឆ្នាំ២០០៤មក។ រយៈពេល១០ឆ្នាំ ដែលជាជំហានទី១នៃគម្រោង (២០០៤-២០១៤) ក្រុមការងារសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបតំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ។
នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាបដឹកនាំដោយឯកឧត្តម តាន់ សំប៊ុន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមន្រ្តីបុគ្គលិកមួយចំនួនទៀតបានចុះយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ទៅចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច ចំនួន៣៦គ្រួសារកំពុងរស់នៅក្នុងសង្កាត់អំពិល ។ ពិធីចែកជូននេះត្រូវបានធ្វើឡើងនៅក្នុងសាលាឆទានភូមិត្រពាំងរុន សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាបដោយមានចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន រួមនិងប្រជាពលរដ្ឋប្រមាណ៥០នាក់។
នាពេលថ្មីៗនេះ សមាគមមគ្គុទ្ទេសក៍ខ្មែរអង្គរមួយក្រុមបានធ្វើដំណើរមកកាន់ការដ្ឋានកំណាយស្ថានីយ៍ស្លដែកបុរាណមួយ ដែលរកឃើញនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតក្នុងតំបន់ការពារទី២នៃរមណីយដ្ឋានអង្គរ។ នេះជាស្ថានីយលោហកម្មបុរាណដែលប្រទះឃើញមុនគេបង្អស់នៅក្នុងតំបន់អង្គរ។
ក្រុមគម្រោងអភិរក្សប្រាសាទព្រះពិធូរ KCHF (Korean Cultural Heritage Foundation) របស់សាធារណរដ្ឋកូរ៉េនឹងប្រើប្រាស់ឧបករណ៍ទំនើបមួយចំនួន ដើម្បីវាស់ស្ទង់រចនាសម្ព័ន្ធប្រាសាទក្រោមដីក្នុងដំណើរការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរនាពេលខាងមុខ។ មុននឹងឈានដល់ការប្រើប្រាស់ឧបករណ៍ទាំងនេះជាផ្លូវការ KCHF បានបណ្តុះបណ្តាលមន្ត្រីជំនាញចំនួន១០រូប ដែលអាជ្ញាធរជាតិអប្សរាឲ្យចេះប្រើប្រាស់ឧបករណ៍ទាំងនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1333
ម្សិលមិញ
:
6169
សប្តាហ៍នេះ
:
01333
ខែនេះ
:
0244008
សរុប
:
012751597