ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋលើខ្នងភ្នំគូលែនអបអរសាទរធ្វើបុណ្យឆ្លងសមិទ្ធផលទំនប់ថ្នល់ដាច់

បានផ្សាយនៅ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ2016 08:58 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ទំនប់ដែលទើបតែជួសជុលហើយជាស្ថាពរនេះមានប្រវែង៣០ម៉ែត្រ កម្ពស់៩ម៉ែត្រ បាតក្រោម៣៦ម៉ែត្រ និងផ្ទៃខាងលើប្រវែង២ម៉ែត្រកន្លះ។ នេះជាទំបន់បុរាណដែលត្រូវបានបុព្វបុរសខ្មែរសាងសង់មុនសម័យអង្គរ ដើម្បីទប់ទឹកប្រើប្រាស់ដូចនឹងបារាយណ៍ ដែលយើងឃើញសព្វថ្ងៃដែរ។ ដោយទំនប់នេះបានបាក់ខូចលែងប្រើប្រាស់កើតតាំងពីក្នុងអំឡុងទសវត្សឆ្នាំ១៩៧០។ នៅចុងឆ្នាំ២០១៥សហគមន៍ប្រជាពលរដ្ឋបានស្នើមកអាជ្ញាធរជាតិអប្សរា ដើម្បីឲ្យជួយជាបច្ចេកទេសដល់ពួកគាត់ ដោយពួកគាត់យល់ថា អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញដែលធ្លាប់ធ្វើការស្តារនិងជួសជុលប្រព័ន្ធទឹកបុរាណជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ជាម តាន់ មេឃុំខ្នងភ្នំបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបានឧបត្ថម្ភយ៉ាងពេញទំហឹងលើការងារជួសជុលនេះទាំងបច្ចេកទេស សម្ភារៈ និងថវិកា។ លោកមេឃុំបញ្ជាក់ថា ទំនប់ថ្នល់ដាច់នេះនឹងជួយឲ្យប្រជាពលរដ្ឋមានកម្រិតជីវភាពល្អប្រសើរថែមទៀត ដោយអាងនេះនឹងក្លាយជាកន្លែងផ្គត់ផ្គង់ទឹកប្រើប្រាស់ កន្លែងចិញ្ចឹមត្រី និងជាតំបន់ទេសចរណ៍ដែលអាចបន្ថែមចំណូលដល់ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំនេះ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីឆ្លងសមិទ្ធផលនេះថា ទំនប់នេះជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋពិតៗ។ វាជាគម្រោង និងជាគំនិតផ្តួចផ្តើមរបស់ប្រជាពលរដ្ឋ ក្នុងការជួសជុលរបស់បុរាណឲ្យមានសភាពដើម អាចប្រើប្រាស់ឡើងវិញបាន។ អាជ្ញាធរជាតិអប្សរាគ្រាន់តែជាជំនួយបងប្អូនប្រជាពលរដ្ឋ ដែលមានគំនិតស្រឡាញ់បេតិកភណ្ឌដូនតាស្រាប់។ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ចំពោះតម្រូវការនានារបស់សហគមន៍ ជាពិសេសគឺការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម គុជ លីណា ប្រធានក្រុមការងារខេត្តចុះជួយស្រុកស្វាយលើក៏បានសម្តែងនូវអំណរសាទរចំពោះប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ជាពិសេសគឺអាជ្ញាធរជាតិអប្សរា ដែលបានសហការគ្នាជួសជុលទំនប់បុរាណនេះឲ្យបានប្រើប្រាស់ឡើងវិញ ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានសំណូមពរឲ្យអាជ្ញាធរជាតិអប្សរាជួយជួសជុលទំនប់បុរាណ២កន្លែងផ្សេងទៀតដែលស្ថិតនៅខ្នងភ្នំនេះដែរ។

គួររំឭកថា ទំនប់ថ្នល់ដាច់នេះត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុលចាប់ពីចុងខែមីនា ឆ្នាំ២០១៦មក ដោយមានការចូលរួមពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច សហគមន៍ និងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរា ហៅកាត់ថា ACHA និងមូលនិធិបុរាណវិទ្យាសម្រាប់ការអភិវឌ្ឍ (ADF)៕









ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ការអប់រំដល់កុមារជាគោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់ៗរបស់សារមន្ទីរ។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកគ្រូ-អ្នកគ្រូនៃសាលាភាសាបារាំងប្រចាំខេត្តសៀមរាប (École Française de Siem Reap) បានដឹកនាំសិស្សានុសិស្សចំនួន១៩នាក់មកធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
ចាប់ពីថ្ងៃស្អែកទៅ ទោចក្រយានយន្តនឹងត្រូវបានហាមឃាត់មិនឱ្យជិះលើកំពែងក្រុងអង្គរធំក្នុងរមណីយដ្ឋានអង្គរ

ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានរៀបចំពិធីប្រុងពលី សែនព្រេន បួងសួងសុំសេចក្តីសុខចម្រើន ដើម្បីរុះរើខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុលមុននឹងជួសជុលឱ្យដំណើរការបានរលូន សុវត្ថិភាព និងជោគជ័យក្នុងការបំពេញការងារអភរិក្សសម្បត្តិដូនតា។
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
20536
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
71858
ខែនេះ
:
0375366
សរុប
:
014818207