ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋលើខ្នងភ្នំគូលែនអបអរសាទរធ្វើបុណ្យឆ្លងសមិទ្ធផលទំនប់ថ្នល់ដាច់

បានផ្សាយនៅ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ2016 08:58 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ទំនប់ដែលទើបតែជួសជុលហើយជាស្ថាពរនេះមានប្រវែង៣០ម៉ែត្រ កម្ពស់៩ម៉ែត្រ បាតក្រោម៣៦ម៉ែត្រ និងផ្ទៃខាងលើប្រវែង២ម៉ែត្រកន្លះ។ នេះជាទំបន់បុរាណដែលត្រូវបានបុព្វបុរសខ្មែរសាងសង់មុនសម័យអង្គរ ដើម្បីទប់ទឹកប្រើប្រាស់ដូចនឹងបារាយណ៍ ដែលយើងឃើញសព្វថ្ងៃដែរ។ ដោយទំនប់នេះបានបាក់ខូចលែងប្រើប្រាស់កើតតាំងពីក្នុងអំឡុងទសវត្សឆ្នាំ១៩៧០។ នៅចុងឆ្នាំ២០១៥សហគមន៍ប្រជាពលរដ្ឋបានស្នើមកអាជ្ញាធរជាតិអប្សរា ដើម្បីឲ្យជួយជាបច្ចេកទេសដល់ពួកគាត់ ដោយពួកគាត់យល់ថា អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញដែលធ្លាប់ធ្វើការស្តារនិងជួសជុលប្រព័ន្ធទឹកបុរាណជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ជាម តាន់ មេឃុំខ្នងភ្នំបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបានឧបត្ថម្ភយ៉ាងពេញទំហឹងលើការងារជួសជុលនេះទាំងបច្ចេកទេស សម្ភារៈ និងថវិកា។ លោកមេឃុំបញ្ជាក់ថា ទំនប់ថ្នល់ដាច់នេះនឹងជួយឲ្យប្រជាពលរដ្ឋមានកម្រិតជីវភាពល្អប្រសើរថែមទៀត ដោយអាងនេះនឹងក្លាយជាកន្លែងផ្គត់ផ្គង់ទឹកប្រើប្រាស់ កន្លែងចិញ្ចឹមត្រី និងជាតំបន់ទេសចរណ៍ដែលអាចបន្ថែមចំណូលដល់ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំនេះ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីឆ្លងសមិទ្ធផលនេះថា ទំនប់នេះជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋពិតៗ។ វាជាគម្រោង និងជាគំនិតផ្តួចផ្តើមរបស់ប្រជាពលរដ្ឋ ក្នុងការជួសជុលរបស់បុរាណឲ្យមានសភាពដើម អាចប្រើប្រាស់ឡើងវិញបាន។ អាជ្ញាធរជាតិអប្សរាគ្រាន់តែជាជំនួយបងប្អូនប្រជាពលរដ្ឋ ដែលមានគំនិតស្រឡាញ់បេតិកភណ្ឌដូនតាស្រាប់។ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ចំពោះតម្រូវការនានារបស់សហគមន៍ ជាពិសេសគឺការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម គុជ លីណា ប្រធានក្រុមការងារខេត្តចុះជួយស្រុកស្វាយលើក៏បានសម្តែងនូវអំណរសាទរចំពោះប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ជាពិសេសគឺអាជ្ញាធរជាតិអប្សរា ដែលបានសហការគ្នាជួសជុលទំនប់បុរាណនេះឲ្យបានប្រើប្រាស់ឡើងវិញ ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានសំណូមពរឲ្យអាជ្ញាធរជាតិអប្សរាជួយជួសជុលទំនប់បុរាណ២កន្លែងផ្សេងទៀតដែលស្ថិតនៅខ្នងភ្នំនេះដែរ។

គួររំឭកថា ទំនប់ថ្នល់ដាច់នេះត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុលចាប់ពីចុងខែមីនា ឆ្នាំ២០១៦មក ដោយមានការចូលរួមពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច សហគមន៍ និងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរា ហៅកាត់ថា ACHA និងមូលនិធិបុរាណវិទ្យាសម្រាប់ការអភិវឌ្ឍ (ADF)៕









ជណ្តើរឈើនៅរមណីយដ្ឋានក្បាលស្ពានដែលសាងសង់ឡើងកាលពីឆ្នាំ២០០៧ បានទទួលរងនូវការពុកផុយ ចាស់ទ្រុឌទ្រោមដោយសារអាយុកាល កម្តៅ និងទឹកភ្លៀងនោះ ពេលនេះត្រូវបានសាងសង់ថ្មីឡើងវិញនៅតាមទីតាំងចាស់ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងចុះទៅទស្សនារមណីយដ្ឋានមួយនេះ។
ឯកឧត្តម យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) អនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ាបានមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាបនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ឯកឧត្តមបានមកដល់ព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាបនាម៉ោងប្រមាណ៩ព្រឹក ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅនៃអង្គការយូណេស្កូលើកទី៤០នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញចែករំលែកទស្សនទានក្នុងវេទិការដ្ឋមន្ត្រីក្រសួងវប្បធម៌អំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សនិងគំនិតឆ្នៃប្រឌិត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ក្រុមការងារចម្រុះដែលមាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ នាយកដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានគ្រប់គ្រងអន្ដរវិស័យ និងក្រុមសណ្ដាប់ធ្នាប់ប្រាសាទនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានចុះពិនិត្យទីតាំងបរិវេណជុំវិញទ្វារទឹកសំពៅលូន ឬទំនប់ស្ទាក់ខ្សាច់ ដែលស្ថិតនៅខាងជើងកសិន្ធុអង្គរវត្ត ដើម្បីត្រៀមរៀបចំ កែលម្អ សោភ័ណភាព អនាម័យនៅទីតាំងនោះ។ ការងារនេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ អ្នកលក់ដូរ ប្រើប្រាស់សម្រាប់ការលក់ដូរយ៉ាងអាណាធិបតេយ្យ ដូចជាក្រាលកន្ទេល និងចងអង្រឹង សម្រាប់អង្គុយហូបអាហារ និងផឹកគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់រមណីយដ្ឋានអង្គរជាខ្លាំង។
សិក្ខាកាមចំនួន២០នាក់ មកពីគ្រប់នាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរា ទទួលការបណ្តុះ បណ្តាលស្តីអំពី «អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវ ប្រាសាទបុរាណ » ក្រោមអធិបតីភាពឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
19310
ម្សិលមិញ
:
21159
សប្តាហ៍នេះ
:
102967
ខែនេះ
:
0114148
សរុប
:
009582905