ព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ដើមឈើដែលបានរលំក្នុងឧទ្យានអង្គរនាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦

បានផ្សាយនៅ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ2016 08:50 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖

១.នៅបរិវេណប្រាសាទព្រះវិហារ៧ល្វែង មានដើមយាងមួយដើមបាក់រលំសង្កត់លើតូបដូនជីស្នាក់នៅបណ្ដាលឲ្យខូច ខាតមួយចំនួន។

២.នៅបរិវេណចំណតមុខភ្នំបាខែង បាក់មែកយាងធំៗចំនួន៤មែក តែពុំបង្កឲ្យមានខូចខាតអ្វីទេ។

៣.លើភ្នំបាខែងជ្រុងខាងកើតឆៀងខាងត្បូងប្រាសាទ រលំដើមកន្ទ្រៀកមួយដើម ទំហំមុខកាត់ប្រហែល០.៦០ម៉ែត្រ បណ្ដោយជាង១០ម៉ែត្ររលំលើគំនរថ្ម ចុងមែកបោកប៉ះចំបណ្ណាល័យប្រាសាទខ្លះៗតែពុំបណ្ដាលឲ្យខូចខាតទេ។

៤.នៅមុខផ្សារយាងធំ ខ្យល់បោកខ្លាំងចំតូបអ្នកលក់បណ្ដាលឲ្យរលំ និងប៉ើងដំបូលតូបអស់មួយចំនួន និងបាក់មែកយាងមួយមែកធំតែនៅទើដើមឈើនៅឡើយ។

៥.មុខកសិណខាងលិចឆៀងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមសង្កែមួយដើមប្រវែងប្រហែល៧ម៉ែត្រ រលំកាត់ផ្លូវ។ ក្រោយភ្លៀង និងខ្យល់បានស្ងប់បន្តិចដើមឈើនោះ ត្រូវបានក្រុមអភិរក្សព្រៃរបស់អាជ្ញាធរជាតិអប្សរាកាប់សម្អាតយកចេញបានរួចរាល់ហើយ។

៦.មាត់កសិណជ្រុងខាងលិចឆៀងខាងជើងប្រាសាទអង្គរវត្ត បាក់ដើមយាងពីរដើម រលំសង្កត់លើថ្មកសិណតែពុំបណ្ដាលឲ្យមានការខូចខាតទេ។

៧.ជ្រុងខាងត្បូងឆៀងខាងលិចនៃខឿនប្រាសាទអង្គរវត្ត ដើមត្នោតមួយដើមបានបាក់មួយកំណាត់តែពុំបណ្ដាលឲ្យមានការខូចខាតថ្មប្រាសាទទេ។

៨.ទីតាំងជាប់កំពែងខាងកើតប្រាសាទអង្គរវត្ត រលំដើមក្រឡាញ់មួយដើម មុខកាត់ប្រហែល ០.៥០ម៉ែត្រ បណ្ដោយប្រហែល១២ម៉ែត្រ ពុំបណ្ដាលឲ្យខូចខាតថ្មប្រាសាទទេ។

៩.កំពែងខាងជើងប្រាសាទអង្គរវត្ត ដើមស្នួលមួយដើមទំហំមុខកាត់ប្រហែល ១ម៉ែត្រ និងបណ្ដោយប្រហែល២០ម៉ែត្រ បានរលំគងលើកំពែងតែពុំបណ្ដាល ឲ្យមានការខូចខាតទេ។

១០.តាមបណ្ដោយផ្លូវក្រួសក្រហមខាងកើតប្រាសាទអង្គរវត្ត បាក់ដើមយាងមួយដើម មុខកាត់ប្រហែល ០.៨០ម៉ែត្រ បណ្ដោយប្រហែល១៥ម៉ែត្រ សង្កត់ចំស្នាក់ការនគរបាលការពារបេតិកភណ្ឌបណ្ដាលឲ្យខូចខាតមួយចំនួន។

១១.បរិវេណខាងជើងអង្គភាពនគរបាលការពារបេតិកភណ្ឌមុខប្រាសាទអង្គរវត្ត រលំផ្ទាំងព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ត្រង់ម្ដុំបរិវេណចំណតបណ្ដោះ អាសន្ន។

១២.នៅក្នុងបរិវេណព្រៃក្រៅពីទីតាំងប្រាសាទក៏មានដើមឈើមួយចំនួនបានបាក់ដែរតែយើងកំពុងសរុបទិន្នន័យជាបន្តបន្ទាប់ទៀត។

ក្រោយហេតុការណ៍ភ្លៀង និងខ្យល់បានស្ងប់បន្តិច ភ្នាក់ងារអភិរក្សព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាក៏បានធ្វើអន្តរាគមន៍ជាបន្ទាន់ កាប់លះយកចេញនូវដើមឈើដែលរលំកាត់ផ្លូវដើម្បីសម្រួលចរាចរណ៍ជាបន្ទាន់ និងដើមឈើដែលរលំសង្កត់ប្រាសាទមួយចំនួនទៀត យើងក៏បានកាប់លះមែកដើម្បីសម្រាលទម្ងន់កុំឲ្យប៉ះពាល់ប្រាង្គប្រាសាទដែរ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានការខូចខាតដល់ប្រាង្គប្រាសាទទេ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងបំពេញការងារយ៉ាងសកម្ម និងបន្តទៅថ្ងៃស្អែកទៀត។














ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ណាស់ក្នុងការណែនាំទិសដៅទស្សនា មើលសកម្មភាពនានារបស់ភ្ញៀវទេសចរ ពន្យល់ណែនាំ ក៏ដូចជាជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុក្នុងការទស្សនានៅតំបន់អង្គរ។
ដើមឈើងាប់រស់ និងដួលរលំដោយសារភ្លៀងខ្យល់ចំនួន០៦ដើម ត្រូវបាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាកាប់ និងកាត់ក្រីមែកឈើចំនួន០៥ដើមក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានឡើងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅពេលពួកគាត់ធ្វើដំណើរតាមដងផ្លូវ និងទស្សនាប្រាង្គប្រាសាទផ្សេងៗក្នុងតំបន់ឧទ្យានអង្គរ ដោយយថាហេតុណាមួយដែលយើងមិនអាចដឹងទុកជាមុនបាន។
ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រឹបអូសបានពីជនល្មើសនៅក្នុងករណីចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ចម្លាក់នេះអាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថាចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ​ នៅពេល​ដែលនីតិវិធីផ្លូវច្បាប់បានបញ្ចប់ជាស្ថាពរ។​
កំពែងក្រុងអង្គរធំជ្រុងខាងជើង ផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំងប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណានាឆ្នាំ២០០៩កន្លងមក បានជួសជុលរួចជាស្ថាពរហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបំពេញការងារអស់រយៈពេល៤ឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
2786
ម្សិលមិញ
:
20186
សប្តាហ៍នេះ
:
59160
ខែនេះ
:
0297277
សរុប
:
014357132