ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តចែកទឹកជូនប្រជាពលរដ្ឋនៅសង្កាត់ទឹកវិលក្រុងសៀមរាប

បានផ្សាយនៅ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ2016 08:21 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

ដោយសារតែអាកាសធាតុក្តៅហួតហែងនៅតែបន្តអូសបន្លាយ បានធ្វើឱ្យប្រជាពលរដ្ឋស្ទើរពេញផ្ទៃប្រទេសជួបប្រទះបញ្ហាកង្វះខាតទឹកសម្រាប់ប្រើប្រាស់ ក្នុងនោះប្រជាពលរដ្ឋនៅតំបន់ឧទ្យានអង្គរក៏ជួបប្រទះបញ្ហាបែបនេះដែរ។ ហេតុដូច្នេះហើយ បានជាអាជ្ញាធរជាតិអប្សរានៅតែបន្តការចែកចាយទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ជាក់ស្តែងទឹកស្អាតចំនួន៣៥០០លីត្រ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២៥គ្រួសារក្នុងភូមិសណ្តាន់ និងចំនួន៣៥០០លីត្រទៀតត្រូវបានចែកជូនដល់មជ្ឈមណ្ឌលកុមារកំព្រាអន្តរជាតិ។

នេះជាលើកទី៥ ហើយសម្រាប់ការចែកទឹក របស់អាជ្ញាធរជាតិអប្សរាជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវកង្វះខាតទឹកសម្រាប់ប្រើប្រាស់ ហើយការចែកជូននេះទៀតសោត នឹងនៅតែបន្ត រហូតដល់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជាធម្មតាមកវិញ។ អាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានតួនាទីគ្រប់គ្រង អភិរក្ស និងជួសជុលប្រាង្គប្រាសាទក្នុងឧទ្យានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាក់ស្តែងដូចជាកន្លងមកក្រុមការងារសហគមន៍បានចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជាច្រើន ដល់មូលដ្ឋានផ្ទាល់ ហើយចំពោះគ្រួសារដែលឆ្លងទន្លេថ្មីៗ ក៏ទទួលបាននូវការឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនផងដែរ៕






នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0405
ម្សិលមិញ
:
6587
សប្តាហ៍នេះ
:
19573
ខែនេះ
:
0000405
សរុប
:
012769837