NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 11 May 2016 11:24 AM Post By ៖ Apsara National Authority
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

បទបង្ហាញដែលបកស្រាយដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានៅក្នុងជំនួបនេះមាន ការជួសជុលប្រាសាទ ផែនការគ្រប់គ្រងទេសចរណ៍អង្គរ និងអាជ្ញាធរជាតិអប្សរាជាមួយការងារសហគមន៍ រួមទាំងវីដេអូខ្លីអំពីការផ្សព្វផ្សាយក្រមប្រតិបត្តិអង្គរ។

បន្ទាប់ពីសម្តែងការស្វាគមន៍ទៅកាន់ Miss Globle 2015 រួមនឹងគណៈប្រតិភូអមដំណើរទាំងអស់ហើយ ឯកឧត្តម សុខ សង្វារ ក៏បានជម្រាបជូនភ្ញៀវអំពីការទទួលបានចំណាត់ថ្នាក់លេខ១ស្ទួនៗជាបន្តបន្ទាប់នៃតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ពោលគឺកាលពីឆ្នាំង២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រ Archaeo Madness ដែលតែងតែយកតំបន់បុរាណវិទ្យានិងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិ Trip advisor ជាគេហទំព័រផ្សព្វផ្សាយពីតំបន់ទេសចរណ៍ល្បីៗលើពិភពលោក ហើយថ្មីៗនេះអង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ជាគេហទំព័រផ្សព្វផ្សាយនិងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវេបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម។

ឯកឧត្តមបន្តទៀតថា ភាពជោគជ័យដែលជម្រុញឲ្យអង្គរទទួលបានចំណាត់ថ្នាក់ទាំងនេះរួមមាន ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរា វិស័យឯកជន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជននិងភ្ញៀវទេសចរគ្រប់រូប ក្នុងការរួមចំណែកលើការគ្រប់គ្រង ការអភិវឌ្ឍ និងការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនៃតំបន់ឧទ្យានអង្គរប្រកបដោយចីរភាព។

តាមរយៈវត្តមានរបស់ Miss Global 2015 ៣រូបនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឯកឧត្តម រំពឹងថានឹងធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែទទួលបានប្រជាប្រិយភាពនិងភាពល្បីល្បាញកាន់តែខ្លាំងឡើងៗ ហើយអរគុណចំពោះការចាប់យកកម្ពុជា ក៏ដូចជាខេត្តសៀមរាបជាគោលដៅទេសចរណ៍ក្នុងដំណើរកម្សាន្តដ៏មានតម្លៃនេះ។

បវរកញ្ញាទាំង៣ ក៏បានសម្តែងនូវភាពសប្បាយរីករាយ ចំពោះវត្តមានជាប្រវត្តិសាស្ត្រលើកដំបូងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ដែលបានមកឃើញម្តងហើយ ចង់មកលេងម្តងទៀត។ នៅទីនេះមានសុខសុវត្ថិភាព មិនមានអ្វីដែលគួរឱ្យភ័យខ្លាចចំពោះសន្តិសុខនោះទេ។ ពិសេសជាងនេះទៅទៀត បវរកញ្ញាទាំង៣ក៏បានគាំទ្រនិងសំណូមពរឱ្យភ្ញៀវទេសចរទាំងអស់ចូលរួមគោរពក្រមប្រតិបត្តិអង្គរឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា វត្តមានរបស់ Miss Global 2015 ទាំងអស់នៅលើទឹកដីខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ដើម្បីឈ្វេងយល់ពីតំបន់ប្រវត្តិសាស្ត្រនិងជាទិសដៅទេសចរណ៍លេខ១លើពិភពលោក ដោយមានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជាមគ្គុទ្ទេសក៍ក្នុងដំណើរទស្សនកិច្ចនេះ៕















តាំងនាមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក គ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងតាំងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំសូមសំដែងនូវការអបអរសាទរដ៏ឧត្ដុង្គឧត្តម និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតក្នុងឱកាសដែលលោកជំទាវរដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនលោកជំទាវជា «បណ្ឌិតសភាចារ្យ»
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា នៅសប្តាហ៍ទី២ ខែកក្តដា ឆ្នាំ២០២០នេះ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង០៦របស់អាជ្ញាធរជាតិអប្សរាបានទទួលពាក្យស្នើសុំសាងសង់លំនៅដ្ឋាន និងជួសជុលតូចតាចចំនួន៤៩ករណី។
ក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។
ក្រោយកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីធ្លាមុខរួតព្រះរយព្រះពាន់ បានប្រទះឃើញពុទ្ធរូបជាច្រើនអង្គកាលពីខែមេសា ឆ្នាំ២០២០កន្លងមក អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាចំនួន៣រូប គឺលោកសាស្ត្រាចារ្យ អ៉ឹម សុខរិទ្ធី លោក ស្រ៊ុន តិច និងលោកស្រី ភិន វិជ្ជាសច្ចរ៉ា នឹងរួមគ្នាធ្វើបទបង្ហាញអំពី «ការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់អង្គរ» ក្រោមប្រធានបទ «ព្រះពុទ្ធបដិមានៅអង្គរវត្ត» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាខាងមុខនេះ។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរចំនួន២គោលដៅ អនុញ្ញាតបាន៩សំណើ ក្នុងចំណោម២០សំណើ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
30476
Yesterday
:
40656
This Week
:
71132
This Month
:
0155988
Total
:
011981619