ព័ត៌មានថ្មីៗ

Miss Global 2015 ស្តាប់បទបង្ហាញនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីឈ្វេងយល់ពីការគ្រប់គ្រងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ2016 11:24 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

បទបង្ហាញដែលបកស្រាយដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានៅក្នុងជំនួបនេះមាន ការជួសជុលប្រាសាទ ផែនការគ្រប់គ្រងទេសចរណ៍អង្គរ និងអាជ្ញាធរជាតិអប្សរាជាមួយការងារសហគមន៍ រួមទាំងវីដេអូខ្លីអំពីការផ្សព្វផ្សាយក្រមប្រតិបត្តិអង្គរ។

បន្ទាប់ពីសម្តែងការស្វាគមន៍ទៅកាន់ Miss Globle 2015 រួមនឹងគណៈប្រតិភូអមដំណើរទាំងអស់ហើយ ឯកឧត្តម សុខ សង្វារ ក៏បានជម្រាបជូនភ្ញៀវអំពីការទទួលបានចំណាត់ថ្នាក់លេខ១ស្ទួនៗជាបន្តបន្ទាប់នៃតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ពោលគឺកាលពីឆ្នាំង២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រ Archaeo Madness ដែលតែងតែយកតំបន់បុរាណវិទ្យានិងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិ Trip advisor ជាគេហទំព័រផ្សព្វផ្សាយពីតំបន់ទេសចរណ៍ល្បីៗលើពិភពលោក ហើយថ្មីៗនេះអង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ជាគេហទំព័រផ្សព្វផ្សាយនិងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវេបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម។

ឯកឧត្តមបន្តទៀតថា ភាពជោគជ័យដែលជម្រុញឲ្យអង្គរទទួលបានចំណាត់ថ្នាក់ទាំងនេះរួមមាន ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរា វិស័យឯកជន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជននិងភ្ញៀវទេសចរគ្រប់រូប ក្នុងការរួមចំណែកលើការគ្រប់គ្រង ការអភិវឌ្ឍ និងការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនៃតំបន់ឧទ្យានអង្គរប្រកបដោយចីរភាព។

តាមរយៈវត្តមានរបស់ Miss Global 2015 ៣រូបនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឯកឧត្តម រំពឹងថានឹងធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែទទួលបានប្រជាប្រិយភាពនិងភាពល្បីល្បាញកាន់តែខ្លាំងឡើងៗ ហើយអរគុណចំពោះការចាប់យកកម្ពុជា ក៏ដូចជាខេត្តសៀមរាបជាគោលដៅទេសចរណ៍ក្នុងដំណើរកម្សាន្តដ៏មានតម្លៃនេះ។

បវរកញ្ញាទាំង៣ ក៏បានសម្តែងនូវភាពសប្បាយរីករាយ ចំពោះវត្តមានជាប្រវត្តិសាស្ត្រលើកដំបូងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ដែលបានមកឃើញម្តងហើយ ចង់មកលេងម្តងទៀត។ នៅទីនេះមានសុខសុវត្ថិភាព មិនមានអ្វីដែលគួរឱ្យភ័យខ្លាចចំពោះសន្តិសុខនោះទេ។ ពិសេសជាងនេះទៅទៀត បវរកញ្ញាទាំង៣ក៏បានគាំទ្រនិងសំណូមពរឱ្យភ្ញៀវទេសចរទាំងអស់ចូលរួមគោរពក្រមប្រតិបត្តិអង្គរឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា វត្តមានរបស់ Miss Global 2015 ទាំងអស់នៅលើទឹកដីខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ដើម្បីឈ្វេងយល់ពីតំបន់ប្រវត្តិសាស្ត្រនិងជាទិសដៅទេសចរណ៍លេខ១លើពិភពលោក ដោយមានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជាមគ្គុទ្ទេសក៍ក្នុងដំណើរទស្សនកិច្ចនេះ៕















ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ​ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមប្រតិភូខេត្តជាំងស៊ី (Jiangxi) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Yang Huiwen អនុប្រធានមន្ទីរអប់រំខេត្តជាំងស៊ីចូលជួបពិភាក្សាការងារនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ ជំនួបពិភាក្សានេះផ្តោតសំខាន់លើការបើកវគ្គបណ្តុះបណ្តាលភាសាចិនដល់មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា។
លទ្ធផលនៃការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងគ្នា។ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាទីតាំងដែលរកឃើញនោះមាន៩កន្លែងនៅប្រាសាទអង្គរវត្ត និង២កន្លែងទៀតក្នុងក្រុងអង្គរធំក្បែរប្រាសាទបាយ័ន។
តាមការសង្កេតជាក់ស្តែង ប្រជាជននៅក្នុងតំបន់អង្គរមានជីវភាពរស់នៅល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ មានគ្រួសារតិចណាស់ដែលមានបង្គន់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ព្រោះខ្វះវិធីសាស្ត្រក្នុងការកែច្នៃបង្គន់ប្រើប្រាស់ និងមិនបានចាប់អារម្មណ៍ចំពោះផលប៉ះពាល់សុខភាពតាមរយៈការបន្ទោបង់ពាសវាលពាសកាល។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2447
ម្សិលមិញ
:
5500
សប្តាហ៍នេះ
:
02447
ខែនេះ
:
0229311
សរុប
:
012054942