NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 11 May 2016 11:24 AM Post By ៖ Apsara National Authority
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

បទបង្ហាញដែលបកស្រាយដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានៅក្នុងជំនួបនេះមាន ការជួសជុលប្រាសាទ ផែនការគ្រប់គ្រងទេសចរណ៍អង្គរ និងអាជ្ញាធរជាតិអប្សរាជាមួយការងារសហគមន៍ រួមទាំងវីដេអូខ្លីអំពីការផ្សព្វផ្សាយក្រមប្រតិបត្តិអង្គរ។

បន្ទាប់ពីសម្តែងការស្វាគមន៍ទៅកាន់ Miss Globle 2015 រួមនឹងគណៈប្រតិភូអមដំណើរទាំងអស់ហើយ ឯកឧត្តម សុខ សង្វារ ក៏បានជម្រាបជូនភ្ញៀវអំពីការទទួលបានចំណាត់ថ្នាក់លេខ១ស្ទួនៗជាបន្តបន្ទាប់នៃតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ពោលគឺកាលពីឆ្នាំង២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រ Archaeo Madness ដែលតែងតែយកតំបន់បុរាណវិទ្យានិងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិ Trip advisor ជាគេហទំព័រផ្សព្វផ្សាយពីតំបន់ទេសចរណ៍ល្បីៗលើពិភពលោក ហើយថ្មីៗនេះអង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ជាគេហទំព័រផ្សព្វផ្សាយនិងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវេបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម។

ឯកឧត្តមបន្តទៀតថា ភាពជោគជ័យដែលជម្រុញឲ្យអង្គរទទួលបានចំណាត់ថ្នាក់ទាំងនេះរួមមាន ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរា វិស័យឯកជន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជននិងភ្ញៀវទេសចរគ្រប់រូប ក្នុងការរួមចំណែកលើការគ្រប់គ្រង ការអភិវឌ្ឍ និងការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនៃតំបន់ឧទ្យានអង្គរប្រកបដោយចីរភាព។

តាមរយៈវត្តមានរបស់ Miss Global 2015 ៣រូបនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឯកឧត្តម រំពឹងថានឹងធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែទទួលបានប្រជាប្រិយភាពនិងភាពល្បីល្បាញកាន់តែខ្លាំងឡើងៗ ហើយអរគុណចំពោះការចាប់យកកម្ពុជា ក៏ដូចជាខេត្តសៀមរាបជាគោលដៅទេសចរណ៍ក្នុងដំណើរកម្សាន្តដ៏មានតម្លៃនេះ។

បវរកញ្ញាទាំង៣ ក៏បានសម្តែងនូវភាពសប្បាយរីករាយ ចំពោះវត្តមានជាប្រវត្តិសាស្ត្រលើកដំបូងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ដែលបានមកឃើញម្តងហើយ ចង់មកលេងម្តងទៀត។ នៅទីនេះមានសុខសុវត្ថិភាព មិនមានអ្វីដែលគួរឱ្យភ័យខ្លាចចំពោះសន្តិសុខនោះទេ។ ពិសេសជាងនេះទៅទៀត បវរកញ្ញាទាំង៣ក៏បានគាំទ្រនិងសំណូមពរឱ្យភ្ញៀវទេសចរទាំងអស់ចូលរួមគោរពក្រមប្រតិបត្តិអង្គរឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា វត្តមានរបស់ Miss Global 2015 ទាំងអស់នៅលើទឹកដីខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ដើម្បីឈ្វេងយល់ពីតំបន់ប្រវត្តិសាស្ត្រនិងជាទិសដៅទេសចរណ៍លេខ១លើពិភពលោក ដោយមានអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជាមគ្គុទ្ទេសក៍ក្នុងដំណើរទស្សនកិច្ចនេះ៕















នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុ ម៉ាប់ រដ្ឋលេខាធិកាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបន្តពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនិងរមណីយដ្ឋានអង្គរ។
អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាចំនួន៣រូប គឺលោកសាស្ត្រាចារ្យ អ៉ឹម សុខរិទ្ធី លោក ស្រ៊ុន តិច និងលោកស្រី ភិន វិជ្ជាសច្ចរ៉ា នឹងរួមគ្នាធ្វើបទបង្ហាញអំពី «ការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់អង្គរ» ក្រោមប្រធានបទ «រចនាសម្ពន្ធសំណង់ឈើនៅស្រះអង្គរ» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើជូនមន្ទីរបរិស្ថានខេត្តសៀមរាបចំនួន២៥០០ដើមបន្ថែមទៀត ដើម្បីដាំស្តារព្រៃឡើងវិញ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៥០០ដើម បេង៥០០ដើម កកោះ២៥០ដើម និងគគីរ៧៥០ដើម។
នៅក្នុងពិធីដាំកូនឈើនៅបរិវេណប្រាសាទអង្គរនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជម្រាបជូនអង្គពិធីទាំងមូលអំពីប្រយោជន៍សំខាន់របស់ព្រៃឈើក្នុងកិច្ចការអភិរក្សបេតិកភណ្ឌដោយមានប្រសាសន៍ថា ប្រាសាទបុរាណទាំងអស់នៅក្នុងតំបន់អង្គរត្រូវបានការការពារនិងថែរក្សាដោយសារដើមឈើ។ ឯកឧត្តមបានពន្យល់ថា តាមការវាស់វិទ្យាសាស្រ្ត ថ្មប្រាសាទ មានសីតុណ្ហភាពនៅពេលថ្ងៃរសៀលរហូតដល់ជិត៨០អង្សា និងធ្លាក់មកត្រឹមប្រមាណ២០អង្សានៅពេលយប់។ ដូច្នេះគម្លាតពេលថ្ងៃនិងយប់រហូតដល់៦០ដឺក្រេ។
ដើមឈើប្រណីតមានធ្នង់ គ្រញូង បេង នាងនួន សុក្រំនិងឈើផ្ការំដួល ថ្កុលមាស សរុបចំនួន៤០០ដើម បានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
18426
Yesterday
:
41931
This Week
:
101013
This Month
:
0185869
Total
:
012011500