ព័ត៌មានថ្មីៗ

ស្ពានហាលមុខអង្គរវត្តចាប់បើកការដ្ឋានជួសជុលហើយ

បានផ្សាយនៅ ថ្ងៃទី 09 ខែ ឧសភា ឆ្នាំ2016 05:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

ពិធីចុះហត្ថលេខា និងបើកការដ្ឋាននៅព្រឹកមិញនេះបានប្រារព្ធឡើងជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Kumamaru Yuji អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប តំណាងស្ថានទូតនៃប្រទេសមួយចំនួនទៀត ព្រមទាំងប្រជាពលរដ្ឋ សិស្ស និស្សិតយ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា រហូតមកដល់ពេលនេះមានប្រទេសចំនួន២៣ ដែលកំពុងជួយលើការងារអភិរក្សជួសជុលប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ដោយឡែកប្រទេសជប៉ុនមានស្ថាប័នចំនួន៣ ដែលកំពុងអនុវត្តការងារស្រាវជ្រាវ និងជួសជុលក្នុងតំបន់អង្គរសព្វថ្ងៃគឺ ស្ថាប័ន JASA កំពុងជួសជុលប្រាសាទបាយ័ន សាកលវិទ្យាល័យណារ៉ា កំពុងជួសជុលប្រាសាទតុបខាងលិច និងសាកលវិទ្យាល័យសូហ្វីយ៉ា កំពុងរៀបគម្រោងជួសជុលស្ពានហាលមុខអង្គរវត្តនៅពេលនេះ។ នេះគឺជាជំហានទី២ហើយដែលអាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្ត បន្ទាប់ពីស្ពានហាលនេះត្រូវបានជួសជុលប្រវែង១០០ម៉ែត្រក្នុងដំណាក់កាលទី១ នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ដើម្បីធានាសុវត្តិភាពភ្ញៀវទេសចរដែលចេះតែកើនឡើងឥតឈប់ អាជ្ញាធរជាតិអប្សរាទទួលបន្ទុកកសាងផ្លូវវាងបណ្តោះអាសន្នមួយដែលអាចជំនួសស្ពានហាលបានក្នុងការធ្វើដំណើចេញចូលប្រាសាទអង្គរវត្ត។ បន្ទាប់ពីស្ពានវាងបណ្តោះអាសន្នសាងសង់រួចរាល់ ស្ពានហាលទាំងមូលនឹងត្រូវបិទទាំងស្រុងដើម្បីជួសជុល។ រីឯស្ពានបណ្តោះអាសន្ននេះក៏ត្រូវកសាងឡើងតាមបទដ្ឋានបេតិកភណ្ឌដើម្បីបញ្ជៀសនូវផលប៉ះពាល់បុរាណវិទ្យា និងសោភ័ណភាពដើមរបស់ប្រាសាទអង្គរឱ្យបានក្នុងកំរិតអតិបរិមា ព្រមទាំងធានាបាននូវសុវត្តិភាពជូនភ្ញៀវទេសចរ។

លោកសាស្រ្តាចារ្យ Toshiaki Koso ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអប់រំសូហ្វីយ៉ា បានលើកឡើងថា វាជាមោទនភាពណាស់ដែលប្រទេសជប៉ុនបានមកសហការជាមួយកម្ពុជា ក្នុងការជួសជុលនិងស្តារឡើងវិញនូវបណ្តាប្រាង្គប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោកដ៏អច្ឆរិយៈនេះ។ ប្រាសាទខ្មែរត្រូវតែជួសជុលឡើងវិញដោយដៃកូនខ្មែរ និងដើម្បីខ្មែរ។ ក្នុងន័យនេះ កិច្ចសហការលើការងារជួសជុលស្ពានហាលនេះ គឺដឹកនាំអនុវត្តផ្ទាល់ដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។ លោកសាស្ត្រាចារ្យបន្ថែមថា តាមរយៈកិច្ចសហការនេះមិនត្រឹមតែបានរឹតចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាលសូហ្វីយ៉ាទេ តែរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនតែម្តង។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បញ្ជាក់ថា ស្ពានហាលនេះគឺជាផ្លូវចេញចូលដ៏សំខាន់នៃប្រាសាទអង្គរវត្ត ដែលជាប្រាសាទមួយប្រកបដោយអត្ថន័យយ៉ាងជ្រាជ្រៅសម្រាប់ប្រជាជាតិខ្មែរ ព្រោះជានិមិត្តរូបជាតិ ជាស្នាដៃស្ថាបត្យកម្ម និងវិស្វកម្មដ៏កំពូលរបស់បុព្វបុរសខ្មែរនាសម័យនោះ។ ជាងនេះទៅទៀត គេជឿថា ស្ពានហាលនេះ គឺជាស្ពានដែលអតីតព្រះមហាក្សត្រខ្មែរព្រះបាទសុរិយវ្ម័នទី២ ធ្លាប់បានយាងចេញចូលប្រាសាទ កាលពីប្រមាណ១ពាន់ឆ្នាំមុន ដើម្បីបំពេញកិច្ចសាសនា និងពិធីផ្សេងៗ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ជាមួយអាជ្ញាធរជាតិអប្សរាក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ ឯកឧត្តមបញ្ជាក់ថា ការបើកការដ្ឋាននៅពេលនេះជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវស្មារតីសហប្រតិបត្តិការ និងសាមគ្គីភាពជាអន្តរជាតិយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារ ថែរក្សា និងអភិរក្សបេតិកភណ្ឌមនុស្សជាតិ ស្របតាមទិសដៅពាក្យស្លោកថា “បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ”។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសដទៃទៀត ដែលបានខិតខំប្រឹងប្រែងចូលរួមលើកិច្ចការអភិរក្សថែរក្សាបេតិកភណ្ឌអង្គរតាំងពីដើមរៀងមក ហើយនឹងអំពាវឲ្យមានការចូលរួមជាបន្តទៀត។ “ដោយហេតុថា ការថែរក្សាការពារ និងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ គឺជាកិច្ចការគ្មានទីបញ្ចប់ ប្រកបដោយវិសាលភាពធំធេង ដែលត្រូវការនូវធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដ និងថវិកាសមស្រប។ ជាងនេះទៅទៀត វាទាមទារនូវការចូលរួមជាប្រចាំពីសំណាក់ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់”។






















កាលពីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តការងារថែទាំ និងកែលម្អស្លាកសញ្ញាតាមដងផ្លូវវង់ធំ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពង្រឹងគុណភាព និងលើកសោភ័ណភាពនៃហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ សម្រួលដល់ការធ្វើចរាចរណ៍ និងសុវត្ថិភាពដល់ប្រជាជន ភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ។
សារំលែកព្រះរាជមរណទុក្ខ
( ថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ2019 )
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងពលករគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា សូមក្រាបបង្គំចូលរួមចែករំលែកនូវព្រះរាជមរណទុក្ខដ៏សែនក្រៀមក្រំដោយក្តីសោកសង្រេងជាទីបំផុតជាមួយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាប្រចាំប្រាសាទចៅស្រីវិបុលបានសហការជាមួយអភិបាលរងស្រុកប្រាសាទបាគង ប្រធានការិយាល័យមន្ទីរវប្បធម៌ខេត្តសៀមរាប នគរបាលបេតិកភណ្ឌ នគរបាលប៉ុស្ត៍រដ្ឋបាលស្រុកប្រាសាទបាគង មន្រ្តីធម្មការនិងសាសនាស្រុកប្រាសាទបាគង បានចុះហាមឃាត់ការសាងសង់សំណង់ឥដ្ឋ និងការត្រួសត្រាយដីទួលប្រាសាទកូងបូង ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាភោគ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1294
ម្សិលមិញ
:
2032
សប្តាហ៍នេះ
:
89432
ខែនេះ
:
0221558
សរុប
:
009690315