ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានទទួលទូកបុរាណពីប្រជាពលរដ្ឋ នៅភូមិបំពេញរាជ្យមករក្សាទុកនៅកសិណអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 09 ខែ មេសា ឆ្នាំ2016 09:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ទូកបុរាណដែលម្ចាស់ការដ្ឋានបូមខ្សាច់ ប្រទះឃើញកប់នៅក្នុងដីជម្រៅជាង៧ម៉ែត្រ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុងអង្គរធំ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាទទួលយកមករក្សាទុកក្នុងកសិណអង្គរវត្តហើយ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។

ទូកបុរាណនេះមានប្រវែង១២,៨៣ម៉ែត្រ ជាប្រភេទទូកឃ្លោង ត្រូវបានគេសន្និដ្ឋានបឋមថា ធ្វើពីដើមគគីរ និងជាប្រភេទទូកដែលធ្វើពីដើមឈើតែមួយដើមគត់។ អ្នកជំនាញពុំទាន់ហ៊ានសន្និដ្ឋានថា វាត្រូវបានគេធ្វើឡើងក្នុងសម័យកាលណា មានអាយុប៉ុន្មាននៅឡើយ គេគ្រាន់តែដឹងថា ទូកប្រភេទនេះ ជាទូកកម្រដែលអ្នកស្រាវជ្រាវមិនងាយបានប្រទះឃើញ។

លោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មការធិការអាយស៊ីស៊ី-អង្គរ ដែលបានទៅពិនិត្យមើលទូកនៅទីតាំងរកឃើញផ្ទាល់ បានបញ្ជាក់ថា យោងតាមកំណកដីដែលកប់ពីលើទូកមានជម្រៅបែបនេះ វាបញ្ជាក់ប្រាប់ថា ទូកនេះមានអាយុកាលយូរមកហើយ។ ទូកនេះ ជាប្រភេទទូកដែលគេលែងប្រទះឃើញប្រើប្រាស់ក្នុងប្រទេសកម្ពុជាបន្តទៀតដែរ។ នេះជាពិតជាសំណាងណាស់ដែលយើងបានប្រទះឃើញវត្ថុបុរាណ ដែលជាបេតិកភណ្ឌដ៏មានតម្លៃបែបនេះ។ លោកសាស្ត្រាចារ្យបន្ថែមថា លោកនឹងយកបំណែកតូចនៃទូកនេះទៅធ្វើការវិភាគតាមបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដើម្បីកំណត់កាលបរិច្ឆេទជាក់លាក់នៃទូកនេះ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋដែលថា គេបានប្រទះឃើញទូកបុរាណនៅក្នុងការដ្ឋានបូមខ្សាច់មក លោកបានបញ្ជូនក្រុមការងារធ្វើការជាមួយអាជ្ញាធរភូមិឃុំ ដើម្បីទទួលបានព័ត៌មានជាក់លាក់តាំងពីថ្ងៃទី១៧ ខែមីនា មកម្ល៉េះ តែរកមិនឃើញ ដោយសារម្ចាស់ការដ្ឋានមិនព្រមសហការជាមួយ។ ប៉ុន្តែ ដោយក្រុមការងារនៅតែបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរភូមិឃុំ និងព្យាយាមពន្យល់ម្ចាស់ការដ្ឋានឲ្យបានយល់អំពីតម្លៃនៃបេតិកភណ្ឌ និងច្បាប់នៃការគ្រប់គ្រងនេះជាច្រើនលើកច្រើនសា ទើបនៅព្រឹកថ្ងៃទី៨ ខែមេសានេះគាត់ព្រមសហការជាមួយ ហើយកាយយកទូកដែលកប់ទៅក្នុងភក់នោះឡើងមកវិញ។

លោក គឹម ឆន មេឃុំលាងដៃបានលើកឡើងថា លោកបានទទួលដំណឹងនៃការឃើញទូកបុរាណនេះជាងពីរសប្តាហ៍មកហើយ ព្រមទាំងបានបញ្ជូនក្រុមប្រឹក្សាឃុំទៅតាមដានទៀតផង។ តែក្រោយមក ម្ចាស់ការដ្ឋានបែរជានិយាយថា មិនបានឃើញទូកបុរាណនោះទៅវិញ ប្រហែលជាដោយសារតែគាត់បារម្ភពីការបិទការដ្ឋានបូមខ្សាច់របស់គាត់ ទើបគាត់ព្យាយាមលាក់ពីពួកយើង។ ប៉ុន្តែ ដោយក្រុមការងារចេះតែតាមដានជាប្រចាំ និងពន្យល់គាត់សព្វគ្រប់ទើបគាត់ព្រមបង្ហាញការពិតដល់ពួកយើង។

អ្នកស្រី សំ យិន រស់នៅភូមិប្រដាក និងជាម្ចាស់ការដ្ឋានបូមខ្សាច់ ដែលបានប្រទះឃើញទូកបុរាណនេះរៀបរាប់ថា អ្នកស្រីបានប្រទះឃើញទូកនេះមែន តាំងតែពីជាង១០ថ្ងៃមុន តែអ្នកស្រីបានឲ្យគេពន្លិចទៅវិញ។ អ្នកស្រីបញ្ជាក់ថា ការដែលអ្នកស្រីចេះតែលាក់នោះ គឺដោយសារអ្នកស្រីបានយល់សប្តិឃើញម្ចាស់ទូក គេមកប្រាប់ថា ត្រូវរៀបចំទូកជាតំណាងឲ្យគេ ព្រមទាំងរៀបចំបាយសី លេងភ្លេងជូនគេ ទើបអាចយកទូកចេញបាន។ ឥឡូវនេះ អ្នកស្រីបានរៀបចំទូកតំណាងដែលធ្វើពីដើមខ្លែងគង់ប្រវែង២ចំអាមកន្លះ និងរៀបចំបាយសី១២ថ្នាក់បានរួចរាល់ហើយ ទើបអ្នកស្រីសម្រេចបា្រប់ដល់អាជ្ញាធរនៅពេលនេះ។

សូមបញ្ជាក់ថា ក្នុងពិធីទទួលទូកបុរាណនេះ អាជ្ញាធរជាតិអប្សរាក៏បានឧបត្ថម្ភថវិកាដល់ ម្ចាស់ការដ្ឋានក្នុងការរៀបចំបាយសី និងធ្វើពិធីតំឡើងនៅថ្ងៃទី១៣ ខែមេសាខាងមុខ ព្រមទាំងឧបត្ថម្ភដល់កម្មករទាំង២៥នាក់ និងអាជ្ញាធរមូលដ្ឋាន ដែលបានផ្តល់កិច្ចសហការជ្រោមជ្រែងនាំយកទូកមករក្សាទុកនៅកសិណអង្គរវត្ត ដែលនេះជាគំរូល្អមួយ ក្នុងកិច្ចសហការល្អលើការងារអភិរក្សបេតិកភណ្ឌដូនតាខ្មែរ៕










នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាបត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹកទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល១០ថ្ងៃទើបពេញកសិណទាំងពីរ។ នេះជាការអះអាងរបស់លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។
សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា។ សំណង់ទ្វារទឹកនេះ នឹងអាចកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំនេះ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំបន្លែ ឬស្រែប្រាំង។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0134
ម្សិលមិញ
:
9584
សប្តាហ៍នេះ
:
46863
ខែនេះ
:
0327692
សរុប
:
010283839