ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងគ្រប់គ្រង រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក

បានផ្សាយនៅ ថ្ងៃទី 08 ខែ មេសា ឆ្នាំ2016 08:28 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានបញ្ចប់ការសិក្សាទាំង៤វគ្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ។ 

ក្នុងឱកាសបិទវគ្គនិងចែកវិញ្ញាបនបត្រថ្ងៃនេះ ក៏មានការអញ្ចើញចូលរួមពីសំណាក់អគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធ គ្រូឧទ្ទេសនាម រួមនឹងសិក្ខាកាមជាមន្ត្រីបុគ្គលិកភ្នាក់ងារសណ្តាប់ធ្នាប់ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារអភិរក្សព្រៃឈើ និងអ្នកពាក់ព័ន្ធសរុបប្រមាណ១៥០នាក់។

លោកស្រី ម៉ម វណ្ណរតន៍ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរបានបញ្ជាក់នៅក្នុងរបាយការណ៍ថា អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ជូនដល់សិក្ខាកាមមានចំនួន៤វគ្គ ដោយលើកប្រធានបទចំនួន៨មកសិក្សាមាន៖ ១. តួនាទីនិងបេសកម្មអាជ្ញាធរជាតិអប្សរា ២. កិច្ចការពារតំបន់រមណីយដ្ឋានអង្គរ ៣. វិធានការរដ្ឋបាលនិងនិតិវិធីតុលាការក្នុងការទប់ស្កាត់បទល្មើស ការកសាងសំណុំឯកសារសម្រាប់អនុវត្តនិតិវិធីតុលាការ ៤. វិធីសាស្ត្រក្នុងការទំនាក់ទំនង ៥. គោលការណ៍អភិរក្សតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ៦. គោលការណ៍គ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ៧. បែបបទតាក់តែងលិខិតរដ្ឋបាលនិងលិខិតគតិយុត្តិ ៨. វិធីសង្គ្រោះបឋម។ វគ្គនីមួយៗមានរយៈពេល៥ថ្ងៃ ស្មើនឹង៣០ម៉ោង ដែលមានសិក្ខាកាមចូលរួម១៣៦នាក់ ឯអ្នកទទួលបានវិញ្ញាបនបត្រមាន១២១នាក់ ក្នុងនោះស្ត្រី១៦នាក់។

លោកស្រីបន្តទៀតថា គោលដៅសំខាន់នៃវគ្គបណ្តុះបណ្តាលគឺធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ភ្នាក់ងារនិងមន្ត្រីបុគ្គលិកពាក់ព័ន្ធពីគុណតម្លៃបេតិកភណ្ឌនិងកាតព្វកិច្ចរបស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការពារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងឱ្យសិក្ខាកាមយល់ពីនិតិវិធីរដ្ឋបាលនិងនិតិវិធីតុលាការក្នុងការទប់ស្កាត់សំណង់ខុសច្បាប់ របៀបរបបធ្វើការនិងឥរិយាបថដែលត្រូវប្រកាន់យកពេលចុះប្រតិបត្តិការងារឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ ក៏បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ក្នុងការក្រេបយកចំណេះដឹងដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួនក្នុងការអនុវត្តការងារឱ្យកាន់តែល្អប្រសើរ ព្រោះការអភិវឌ្ឍធនធានមនុស្សមានសារៈសំខាន់ខ្លាំងណាស់ ហើយក៏ជាចំណុចគន្លឹះនៃការងារគ្រប់គ្រងថែរក្សា អភិវឌ្ឍន៍រមណីយដ្ឋានប្រកបដោយចីរភាព។

ឯកឧត្តមក៏បានផ្តល់អនុសាសន៍បន្ថែមដល់ក្រុមការងារឱ្យយល់ពីតម្លៃនៃបេតិកភណ្ឌ ដោយមិនសំដៅទៅលើតែប្រាង្គប្រាសាទទេ តែត្រូវរួមទាំងហេដ្ឋារចនាសម្ពន្ធពាក់ព័ន្ធនឹងប្រាសាទដោយរាប់បញ្ចូលទាំងទឹកដី ព្រៃឈើ និងទេសភាពវប្បធម៌ផង។ ក្នុងនោះកិច្ចការកាពារ អភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌ ក៏មិនសំដៅត្រឹមការជួសជុសតែប្រាង្គប្រាសាទដែរ គឺជួសជុលគ្រប់អ្វីដែលជាតម្លៃនៃបេតិកភណ្ឌដូចគ្នា។ បើប្រាសាទរលំ គ្មានការថែរក្សាបានល្អ តម្លៃនៃបេតិកភណ្ឌក៏ធ្លាក់ចុះ ដោយឡែក បើប្រាសាទជួសជុលបានល្អ ថែរក្សា អភិរក្សបានល្អហើយ តែបរិស្ថានជុំវិញប្រាសាទពេញដោយសំណង់ថ្មីៗ បាត់បង់ព្រៃឈើ រួមទាំងហេដ្ឋរចនាសម្ពន្ធបុរាណរងនូវការប៉ះពាល់នោះ តម្លៃនៃវប្បធម៌នេះក៏ធ្លាក់ចុះដូចគ្នា។ ដូច្នេះកិច្ចការការពារនិងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ត្រូវមានការចូលរួម យកចិត្តទុកដាក់ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងជាតិ អន្តរជាតិ រួមនឹងប្រជាជនផងដោយខានមិនបាន។ ក្នុងរយៈពេល២០ឆ្នាំនៃការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ ជាពិសេសដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងការចូលរួមពីបណ្តាប្រទេសជាមិត្តដែរនោះ រមណីយដ្ឋាននេះបានក្លាយខ្លួនជាគោលដៅទេសចរណ៍លេខ១លើពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការលេចធ្លោទាំងនេះពិតជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ចជាតិ ហើយរមណីយដ្ឋានអង្គរបានដើតួនាទីជាប្រភពចំណូលដ៏មានសក្តានុពលមួយក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។

តាមរយៈបទពិសោធន៍នៃកិច្ចការពារនេះហើយ ទើបអាជ្ញាធរជាតិអប្សរាត្រូវទទួលបានការវាយតម្លៃខ្ពស់ពីអង្គការយូណេស្កូថាមានធនធានមនុស្សពេញលេញ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ហើយក្លាយជាស្ថាប័នជំនាញមួយដែលបានចែករំលែកនូវបទពិសោធន៍របស់ខ្លួនដល់សាកលវិទ្យាល័យជាតិ អន្តរជាតិ និងប្រទេសមួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានចង្អុលពីចរន្តនៃការអភិវឌ្ឍស្ថាប័នដោយផ្តោតលើកត្តាធនធានមនុស្សដែលសកម្មភាពនេះមិនអាចខ្វះបាន ហើយត្រូវតែដើរស្របទិសនឹងការអភិវឌ្ឍជាតិដែលបានកំណត់ជាគោលការណ៍ដោយរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនោះ ឯកឧត្តមក៏បានលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យមានមោទនភាពក្នុងនាមជាបុគ្គលិកអាជ្ញាធរជាតិអប្សរា ព្រោះរមណីយដ្ឋានអង្គរជារមណីយដ្ឋានបុរាណវិទ្យា និងប្រវត្តិសាស្ត្រដ៏ធំជាងគេលើសាកលលោក ហើយមានតួនាទីជាប្រវត្តិសាស្ត្រក្នុងកិច្ចការពារ ថែរក្សាបេតិកភណ្ឌដូនតា ក៏ដូចជាបេតិភណ្ឌពិភពលោកដូចគ្នា៕










បន្ទាប់ពីចំណាយពេលអស់១០ថ្ងៃដើម្បីចុះកម្មសិក្សាទាក់ទងនឹងបុរាណវិទ្យា ការអភិរក្ស ជួសជុល និងគ្រប់គ្រងប្រាសាទនៅលើទឹកដីខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យហើយនោះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រុមនិស្សិតបុរាណវិទ្យាទាំង៣០នាក់បានបញ្ចប់ភារកិច្ចដោយជោគជ័យ។ កម្មសិក្សានេះបានចាប់ផ្តើមនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរានិងដឹកនាំដោយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរានៅតាមប្រធានបទនិងទីតាំង រួមទាំងសាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។
បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលសមត្ថភាពទាក់ទងនឹងការរៀបចំប្លង់មេសម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទនៅក្នុងតំបន់អង្គរ (Monument Excutive Development) ពីអ្នក ជំនាញបារាំងអស់រយៈពេល៥ថ្ងៃកន្លងមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សិក្ខាកាមទាំងអស់ បានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ។
អាជ្ញាធរជាតិអប្សរាក្រៅពីមានភារកិច្ចចម្បងក្នុងការថែរក្សា អភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់អង្គរហើយ ក៏ជាស្ថាប័នផ្តល់ចំណេះដឹង ចែករំលែកបទពិសោធន៍ដល់សិស្សនិស្សិតទូទៅ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើនផងដែរ។
មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៣០នាក់ មកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេសម្រាប់ការអភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទ «Monument Excutive Development Plan» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។
វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មតាមបែបវិទ្យាសាស្ត្រ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺអ្នកជំនាញចំនួន៣០រូប របស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើមដំបូងមុន12345...89បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0961
ម្សិលមិញ
:
9934
សប្តាហ៍នេះ
:
10895
ខែនេះ
:
0204759
សរុប
:
003596538