ព័ត៌មានថ្មីៗ

បទល្មើសព្រៃឈើតំបន់ប្រាសាទកោះកេរគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាមានការថយចុះច្រើន

បានផ្សាយនៅ ថ្ងៃទី 06 ខែ មេសា ឆ្នាំ2016 01:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។

តាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម ឈរ ថាណាត អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះនេះបញ្ជាក់ថា កន្លងមកធ្លាប់មានបទល្មើសព្រៃឈើច្រើន រហូតមានពេលខ្លះជនល្មើសមានគ្រឿងអាវុធក្នុងដៃទៀតផង តែចាប់ពីគណៈកម្មការចម្រុះត្រូវបានបង្កើតឡើងមក បទល្មើសបានថយចុះ ទាំងចំនួន និងមធ្យោបាយប្រព្រឹត្ត។ ជាក់ស្តែង ក្រុមការងារបង្ក្រាបបានបទល្មើសមួយចំនួនដែលជនល្មើសដូរពីប្រើប្រាស់រណារង៉ោងមកប្រើប្រាស់រណារដៃធម្មតា និងពីរថយន្តកន្ត្រៃមកប្រើប្រាស់រទេះដឹកជញ្ជូនដោយមនុស្សវិញ ដែលនេះបញ្ជាក់ថា ជនល្មើសមានការខ្លាចរអារច្រើនចំពោះភ្នាក់ងារអភិរក្ស ដែលបំពេញការងាររបស់ខ្លួនទាំងយប់ទាំងថ្ងៃ។

លទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយទៀត គឺការងារផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌក្នុងតំបន់ការពារកោះកេរ។ តាមរបាយការណ៍ខាងលើនេះបញ្ជាក់ថា ក្រុមការងារបានចុះផ្សព្វផ្សាយបានចំនួន៣ភូមិពាក់ព័ន្ធសំខាន់ៗ គឺភូមិរំចេក ភូមិស្រយ៉ង់ខាងត្បូង និងភូមិស្រយ៉ង់ខាងជើង ដែលស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រជាពលរដ្ឋប្រមាណ៨០%បានមកចូលរួមស្តាប់ និងបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ ហើយពួកគាត់ភាគច្រើនបានសន្យាចូលរួមសហការនិងថែរក្សាព្រៃឈើជាមួយក្រុមគណៈកម្មការចម្រុះនេះ។

ទោះជាយ៉ាងណា គណៈកម្មការចម្រុះនេះនៅតែចង់បានលទ្ធផលដែលល្អប្រសើរជាងនេះ ដោយព្យាយាមកាត់បន្ថយឲ្យខាងតែបានទៅលើបទល្មើស ដោយមិនលើកលែងចំពោះអ្នកប្រព្រឹត្តណាមួយឡើយ ហើយក្រុមការងារផ្សព្វផ្សាយនៃគណៈកម្មការគ្រោងនឹងពង្រីកវិសាលភាពផ្សព្វផ្សាយទៅកាន់ឃុំមួយចំនួនទៀតដែលនៅក្បែរនឹងតំបន់ការពារនៃប្រាសាទកោះកេរ ព្រោះជនល្មើសមួយចំនួនក៏មកពីបណ្តាឃុំទាំងនោះដែរ។ ទន្ទឹមនឹងនេះ ស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះនេះ ក៏បានសម្តែងការអរគុណ និងការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តមអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដែលតែងតែតាមដានការងារ ផ្តល់អនុសាសន៍ដឹកនាំការងារ និងបានចុះមកពង្រឹងស្មារតីក្រុមអភិរក្សព្រៃឈើ ដែលជាកត្តាជំរុញឲ្យការងារយាមល្បាតមានប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង៕






ដោយអនុវត្តទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីកង្វះខាតទឹកប្រើប្រាស់ ដោយសាររដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានប្រកាសផ្អាកការផ្គត់ផ្គង់ទឹកជូនសហគមន៍ ដែលប្រើប្រាស់ទឹកបារាយណ៍សម្រាប់ស្រោចស្រពដំណាំកសិកម្ម។ ការប្រកាសផ្អាកនៅពេលនេះ គឺដើម្បីរក្សាទឹកខ្លះឲ្យនៅសល់នៅបាតបារាយណ៍ ជាជម្រាបផ្គត់ផ្គង់អណ្តូង និងប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
បច្ចេកវិទ្យាអវកាស (Remote Sensing) ដែលកំពុងអនុវត្តលើការងារអភិរក្សក្នុងរមណីយដ្ឋានអង្គរសព្វថ្ងៃ អាចនឹងត្រូវពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់តំបន់បេតិកភណ្ឌដទៃទៀត ដូចជា ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងប្រាសាទបេងមាលាជាដើម។ នេះបើយោងតាមលទ្ធផលនៃកិច្ចពិភាក្សារវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាមួយលោកសាស្ត្រាចារ្យ Bai Chunli ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រចិន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ។
ដោយមានការផ្តួចផ្តើមគំនិត ការចង្អុលបង្ហាញ និងការជំរុញពីឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះគ្រប់គ្រងអភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ និងមន្រ្តីបុគ្គលិកមួយចំនួនទៀតបានចុះទៅអប់រំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង អភិរក្ស និងថែរក្សាការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ ដោយមានការចូលរួមអំពីសំណាក់ព្រះសង្ឃ គណៈកម្មការ មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ រដ្ឋបាលព្រៃឈើ អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិនិងប្រជាពលរដ្ឋប្រមាណជាង៦០០អង្គ/រូបមកពីភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រុមការងារផ្សព្វផ្សាយអប់រំអំពីការងារអភិរក្សព្រៃឈើនៅតំបន់ប្រាសាទកោះកេរ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ បានចុះជួបប្រជាពលរដ្ឋជាង២០០នាក់នៅវត្តស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ការជួបជុំនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីតម្លៃនៃការងារអភិរក្ស និងគោលការណ៍សំខាន់ៗដែលត្រូវអនុវត្តក្នុងតំបន់អភិរក្សនៃប្រាសាទកោះកេរ។ នេះជាលើកទី២ហើយនៃយុទ្ធនាការចុះអប់រំប្រជាពលរដ្ឋ បន្ទាប់ពីយុទ្ធនាការទី១បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នៅភូមិរំចេក ឃុំស្រយ៉ង់ ខេត្តព្រះវិហារ។ ការផ្សព្វផ្សាយអប់រំ គឺជាបេសកកម្មដ៏សំខាន់មួយដែលត្រូវធ្វើដំណាលគ្នានឹងការបង្រ្កាប ទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់អភិរក្សនេះ។
គណៈកម្មការចម្រុះដែលត្រូវបានបង្កើតឡើងរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តព្រះវិហារកាលពីដើមឆ្នាំ២០១៦ ឥឡូវនេះត្រូវបានបែងចែកជាក្រុមតូចៗចំនួន៣ ដើម្បីពង្រឹងប្រសិទ្ធភាពការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើនៅតំបន់កោះកេរ។ ថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ សេចក្តីប្រកាសពីសមាសភាពក្រុម និងភារកិច្ច ត្រូវបានធ្វើឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជា្ញធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
0851
ម្សិលមិញ
:
73217
សប្តាហ៍នេះ
:
144957
ខែនេះ
:
0144957
សរុប
:
015214760