ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចូលរួមសម្អាតបរិស្ថានក្រុងសៀមរាប ដើម្បីត្រៀមខ្លួនចូលរួមពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បានផ្សាយនៅ ថ្ងៃទី 04 ខែ មេសា ឆ្នាំ2016 02:25 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ភ្នាក់ងារទេសចរណ៍មួយរូបនៃអាជ្ញាធរជាតិអប្សរាប្រចាំការនៅប្រាសាទអង្គរវត្ត ដែលបានមកចូលរួមក្នុងពិធីសម្អាតបរិស្ថានក្រុងនេះដែរ គឺលោក ជឿង សែមលោក សែម បញ្ជាក់ថា លោកពិតជារីករាយណាស់ដែលបានចូលរួមក្នុងពិធីនេះ។ លោកបានផ្ញើសារទៅកាន់យុវជនទាំងអស់ថា សៀមរាបជាទីក្រុងវប្បធម៌ ដែលសម្បូរដោយប្រាសាទបុរាណរាប់ពាន់ មានភ្ញៀវរាប់ម៉ឺននាក់ចូលមកទស្សនាជារៀងរាល់ថ្ងៃ ដូច្នេះសំរាមក៏មានច្រើនដែរ តែបើយើងនាំគ្នាសម្អាតម្នាក់បន្តិច ហើយភ្ញៀវទេសចរនាំគ្នាសម្អាតម្នាក់បន្តិច ទីក្រុងរបស់យើង ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូលនឹងស្រស់ស្អាតបំព្រងមិនខាន។

យុវតី ស្រីយ៉ែន មកពីសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវមោទនភាពរបស់ខ្លួន ដែលបានចូលរួមក្នុងពិធីដ៏មានន័យនេះថា កម្មវិធីសម្អាតបរិស្ថាននេះពិតជាសារមួយល្អណាស់ ដែលអាចជួយក្រើនរំឭកដល់មនុស្សគ្រប់គ្នាថា ពួកគេត្រូវតែយកចិត្តទុកដាក់ពីការទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវ។ យុវតីរូបនេះបានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងមកទស្សនាអង្គរនាពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ សូមយកចិត្តទុកដាក់ថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីធ្វើឲ្យរមណីយដ្ឋានអង្គរ ជារមណីយដ្ឋានគ្មានសំរាម សក្តិសមជាដួងព្រលឹងជាតិរបស់ខ្មែរ និងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។

បរិស្ថានគឺជាធាតុដ៏សំខាន់ដែលធ្វើឲ្យរមណីយដ្ឋានអង្គរ មានសម្រស់ស្រស់បំព្រង ទាក់ទាញនូវចំណាប់អារម្មណ៍ភ្ញៀវទេសចរកាន់តែខ្លាំង បន្ថែមទៅលើប្រាង្គប្រាសាទបុរាណដ៏ល្អឯកដែលមានស្រាប់។ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហានេះ។ ដូច្នេះហើយ ទើបតាំងឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរា បានចុះឈ្មោះដើម្បីទទួលការវាយតម្លៃបរិស្ថានពីស្ថាប័នធានាគុណភាពជប៉ុនហៅកាត់ថា JQA និងបានទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័ននេះរយៈពេល៤លើករួចមកហើយ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាបានធ្វើសកម្មភាពការពារថែរក្សាបរិស្ថានជាច្រើនទម្រង់ ដូចជាការបង្កើតអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន EMS ការបណ្តុះបណ្តាលអំពីបរិស្ថានតាមគ្រឹះស្ថានសិក្សាក្នុងតំបន់រមណីយដ្ឋានអង្គរ និងអប់រំប្រជាពលរដ្ឋ ព្រះសង្ឃអំពីការថែរក្សាបរិស្ថានជាដើម។ ក្រៅពីនេះក៏មានការរៀបចំកម្មវិធីបរិស្ថានប្រចាំឆ្នាំ និងចូលរួមជាមួយស្ថាប័នការពារបរិស្ថានផ្សេងៗទៀតជាប្រចាំ៕










ស្រះស្រង់ មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ដោយមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ បានធ្វើឱ្យទឹកក្នុងស្រះប្រុស ស្រះស្រីមុខអង្គរវត្តនារដូវប្រាំងស្រក ខ្វះ បាត់បង់ភាពស្រស់ស្អាត។ ដូច្នេះដើម្បីរក្សាទឹកឱ្យនៅមានដូចរដូវវស្សានិងធ្វើឱ្យស្រះមានសោភ័ណភាពស្រស់បំព្រងឡើងវិញ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបូមទឹកពីកសិណមកបញ្ចូលស្រះទាំងពីរនេះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
ប្រជាពលរដ្ឋប្រមាណ៦០រូប ដែលតំណាងឲ្យអ្នកស្រុកចំនួនបួនឃុំ នៅស្រុកពួក គឺឃុំសំរោងយារ ឃុំពួក ឃុំកែវព័ណ៌ និងឃុំខ្នាត បានជួបពិភាក្សាជាមួយមន្ត្រីជំនាញគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដែលពួកគាត់កំពុងប្រឈមក្នុងការខ្វះទឹកបង្កបង្កើនផល។
ប្រជាពលរដ្ឋជាង៨០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល២ថ្ងៃកន្លះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
0646
ម្សិលមិញ
:
33427
សប្តាហ៍នេះ
:
00646
ខែនេះ
:
0303629
សរុប
:
015373432