ព័ត៌មានថ្មីៗ

ត្រពាំងសេសមានទឹកពេញវិញហើយ

បានផ្សាយនៅ ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 02:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក បានលើកឡើងថា ឆ្នាំមុនៗត្រពាំងនេះមិនដែលរីងទេ ដោយក្នុងរដូវវស្សាទឹកក្នុងកសិណអង្គរវត្តឡើងខ្ពស់ ហើយក៏ហូរចូលមកបំពេញត្រពាំងសេសតែម្តង។ ក្នុងមួយឆ្នាំបញ្ចូលតែក្នុងខែវស្សាម្តងទឹកក៏នៅរក្សាគ្រប់គ្រាន់ រហូតដល់មានភ្លៀងធ្លាក់ ដោយមិនចាំបាច់បញ្ចូលក្នុងរដូវប្រាំងទៀតទេ។ សម្រាប់ឆ្នាំនេះ ដោយសារទឹកកសិណអង្គរក្នុងរដូវស្សាកន្លងទៅទាប ហូរចូលត្រពាំងបានតិច ហើយផ្សំនឹងរដូវប្រាំងក្តៅហួតខ្លាំផង ទើបត្រពាំងសេសរីងស្ទើរតែខះ។

ឯកឧត្តមបន្ថែមថា ដោយសព្វថ្ងៃ យើងបានបញ្ចូលទឹកក្នុងកសិណអង្គរវត្ត អង្គរធំ និងបារាយណ៍ជ័យតដាកបានបរិបូរ ទើបយើងសម្រេចបង្ហូរទឹកពីកសិណអង្គរវត្តចូលក្នុងត្រពាំងសេសឡើងវិញ ដើម្បីរក្សាសោភណភាព ទេសភាពមុខប្រាសាទអង្គរវត្តឲ្យបានស្រស់បំព្រង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានមកដល់ក្នុងពេលឆាប់ៗនេះ។

គួររំឭកថា មុនឆ្នាំ២០១០ត្រពាំងសេសគឺអាងផ្ទេរទឹកពីកសិណអង្គរធំទៅអង្គរវត្ត ដោយកាលនោះ ក្រុមជំនាញបានប្រើប្រាស់ប្រឡាយទឹក ដែលហៅថា ប្រឡាយសម្តេចហ៊ុនសែនដើម្បីបង្ហូរទឹកចេញពីកសិណអង្គរធំមកបញ្ចូលកសិណអង្គរវត្ត។ ចាប់ពីឆ្នាំ២០១០មក អ្នកជំនាញបានស្រាវជ្រាវរកឃើញប្រព័ន្ធទឹកបុរាណតាមច្រកសំពៅលូនឡើងវិញ។ ប្រព័ន្ធទឹកនេះ ត្រូវបានស្តារ និងប្រើប្រាស់ដើម្បីបញ្ចូលទឹកពីកសិណអង្គរធំមកអង្គរវត្ត ហើយអាចបង្កើនកម្ពស់ទឹកកសិណអង្គរវត្តបានដល់ទៅជាង១ម៉ែត្រលើសមុន។ ដូចនេះ ត្រពាំងសេសលែងជាអាងផ្តល់ទឹកដល់កសិណអង្គរវត្តទៀតហើយ តែជាអាងដែលត្រូវការទឹកពីកសិណអង្គរវត្តមកវិញ៕









 
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។
នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរភូមិឃុំដែលស្ថិតនៅក្នុងឃុំ-សង្កាត់ចំនួន៧ ក្នុងស្រុកពួក និងក្រុងសៀមរាប បានចុះវាស់វែងដីកសិកម្មនៃសហគមន៍ដែលប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា ដើម្បីងាយស្រួលដល់ការងារគ្រប់គ្រងទឹក និងរៀបចំប្រព័ន្ធផ្លូវទឹកឲ្យបានកាន់តែល្អប្រសើរ។ ក្រុមការងារបានចាប់ផ្តើមចុះវាស់វែងពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៣ខែខាងមុខ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1916
ម្សិលមិញ
:
3923
សប្តាហ៍នេះ
:
09857
ខែនេះ
:
0122712
សរុប
:
003243576