NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 31 March 2016 02:15 PM Post By ៖ Apsara National Authority

ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក បានលើកឡើងថា ឆ្នាំមុនៗត្រពាំងនេះមិនដែលរីងទេ ដោយក្នុងរដូវវស្សាទឹកក្នុងកសិណអង្គរវត្តឡើងខ្ពស់ ហើយក៏ហូរចូលមកបំពេញត្រពាំងសេសតែម្តង។ ក្នុងមួយឆ្នាំបញ្ចូលតែក្នុងខែវស្សាម្តងទឹកក៏នៅរក្សាគ្រប់គ្រាន់ រហូតដល់មានភ្លៀងធ្លាក់ ដោយមិនចាំបាច់បញ្ចូលក្នុងរដូវប្រាំងទៀតទេ។ សម្រាប់ឆ្នាំនេះ ដោយសារទឹកកសិណអង្គរក្នុងរដូវស្សាកន្លងទៅទាប ហូរចូលត្រពាំងបានតិច ហើយផ្សំនឹងរដូវប្រាំងក្តៅហួតខ្លាំផង ទើបត្រពាំងសេសរីងស្ទើរតែខះ។

ឯកឧត្តមបន្ថែមថា ដោយសព្វថ្ងៃ យើងបានបញ្ចូលទឹកក្នុងកសិណអង្គរវត្ត អង្គរធំ និងបារាយណ៍ជ័យតដាកបានបរិបូរ ទើបយើងសម្រេចបង្ហូរទឹកពីកសិណអង្គរវត្តចូលក្នុងត្រពាំងសេសឡើងវិញ ដើម្បីរក្សាសោភណភាព ទេសភាពមុខប្រាសាទអង្គរវត្តឲ្យបានស្រស់បំព្រង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានមកដល់ក្នុងពេលឆាប់ៗនេះ។

គួររំឭកថា មុនឆ្នាំ២០១០ត្រពាំងសេសគឺអាងផ្ទេរទឹកពីកសិណអង្គរធំទៅអង្គរវត្ត ដោយកាលនោះ ក្រុមជំនាញបានប្រើប្រាស់ប្រឡាយទឹក ដែលហៅថា ប្រឡាយសម្តេចហ៊ុនសែនដើម្បីបង្ហូរទឹកចេញពីកសិណអង្គរធំមកបញ្ចូលកសិណអង្គរវត្ត។ ចាប់ពីឆ្នាំ២០១០មក អ្នកជំនាញបានស្រាវជ្រាវរកឃើញប្រព័ន្ធទឹកបុរាណតាមច្រកសំពៅលូនឡើងវិញ។ ប្រព័ន្ធទឹកនេះ ត្រូវបានស្តារ និងប្រើប្រាស់ដើម្បីបញ្ចូលទឹកពីកសិណអង្គរធំមកអង្គរវត្ត ហើយអាចបង្កើនកម្ពស់ទឹកកសិណអង្គរវត្តបានដល់ទៅជាង១ម៉ែត្រលើសមុន។ ដូចនេះ ត្រពាំងសេសលែងជាអាងផ្តល់ទឹកដល់កសិណអង្គរវត្តទៀតហើយ តែជាអាងដែលត្រូវការទឹកពីកសិណអង្គរវត្តមកវិញ៕








 
ចម្លាក់តោធ្វើពីថ្មភក់ចំនួនប្រាំដែលដាក់តាំងនៅមុខប្រាសាទក្រវាន់ នឹងត្រូវនាយកដ្ឋានជំនាញសិក្សាពីទម្រង់រចនាបទដើម្បីធ្វើការជួសជុល និងឆ្លាក់បន្ថែមជើង ក្នុងន័យលើកតម្លៃសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។
ប្រជាពលរដ្ឋជាង៨០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ការចូលរួមសម្អាតប្រឡាយនៅពេលនេះ ធ្វើឡើងដើម្បីថែទាំងប្រព័ន្ធប្រឡាយមេ ធានាការប្រើប្រាស់យូរអង្វែង ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងសម្រាប់ការងារបង្កបង្កើនផលនារដូវប្រាំង ខាងមុខនេះ។

លោក ហួត ហាយ ប្រធានសមាគមកសិករប្រើប្រាស់ទឹកបារាយណ៍ខាងលិច បានឲ្យដឹងក្នុងពេលដែលលោកកំពុងដឹកប្រជាពលរដ្ឋសម្អាតប្រឡាយនេះថា សមាគមរបស់លោកមានប្រជាពលរដ្ឋ៩ឃុំសង្កាត់ និងមានផ្ទៃដីធ្វើសែ្រប្រាំងចំនួន៤ពាន់ហិកតា។ លោកបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធរជាតិអប្សរាបានទទួលការគ្រប់គ្រងប្រព័ន្ធទឹកនៅបារាយណ៍ខាងលិចមក កសិករយើងមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល មិនមានការបារម្ភពីកង្វះខាតទឹកនោះទេ។ ការសម្អាតប្រឡាយនៅពេលនេះ គឺជួយសម្រួលទឹកឲ្យបានហូរលឿន អាចស្រោចស្រពដល់ស្រែប្រាំង ដែលនៅខាងក្រោមៗ។

ជំទប់ទី១នៃឃុំខ្នាត លោក មឿន ឈឿត បញ្ជាក់ថា ស្រែប្រាំងនៅក្នុងឃុំរបស់លោកមាន៣៨០ហិកតា។ លោកក៏សម្តែងសេចក្តីរីករាយផងដែរ ដែលអាជ្ញាធរជាតិអប្សរាបានជួយស្តារ និងកាយប្រឡាយចាស់ៗមួយចំនួនក្នុងឃុំរបស់លោក បានប្រើប្រាស់ឡើងវិញ។ លោកបន្ថែមថា សព្វថ្ងៃនេះរាល់សំណូមពររបស់ប្រជាពលរដ្ឋទាក់ទងនឹងទឹកធ្វើកសិកម្ម អាជ្ញាធរជាតិអប្សរា តែងជួយដោះស្រាយទាន់ពេលវេលាមិនដែលខកខានឡើយ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់ថា ចាប់ពីទទួលបានគោលការណ៍គ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ខាងលិចពីរាជរដ្ឋាភិបាល រយៈពេលជាង១ឆ្នាំកន្លងមកនេះ យើងបានសហការគ្នាល្អណាស់ជាមួយសហគមន៍ប្រើប្រាស់ទឹកបារាយណ៍ខាងលិច។ យើងបានជួបពិភាក្សាជាមួយពួកគាត់ជាញឹកញាប់ អំពីតម្រូវការរបស់ពួកគាត់ និងអ្វីដែលយើងត្រូវធ្វើបន្ថែមទៀត។ យើងសង្កេតឃើញថា បច្ចុប្បន្នពួកគាត់រីករាយណាស់ ដោយសារមានទឹកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផល។

ការចូលរួមសម្អាតប្រឡាយរបស់ប្រជាកសិករក្នុងពេលនេះ គឺជាការបញ្ជាក់ពីការគាំទ្រ ចំពោះអាជ្ញាធរជាតិអប្សរាដែលបានរៀបចំប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ ឲ្យដំណើរការឡើងវិញ ដែលសកម្មភាពនេះ មិនត្រឹមតែចូលរួមក្នុងកិច្ចការអភិរក្សប្រាសាង្គប្រាសាទ ការបញ្ជៀសទឹកជំនន់តំបន់អង្គរ និងទីក្រុងសៀមរាបប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាប្រភពទឹកយ៉ាងសំខាន់ដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ការងារកសិកម្មទៀតផង។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា សូមគាំទ្រនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមក្នុងកិច្ចការអភិរក្ស ក៏ដូចជាកិច្ចការសង្គមផ្សេងៗទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានប្រគល់ការងារគ្រប់គ្រងទឹក និងទ្វារទឹកនៅបារាយណ៍ខាងលិច ជូនអាជ្ញាធរជាតិអប្សរា ដោយត្រូវទទួលខុសត្រូវទាំងស្រុងលើតម្រូវការទឹកសម្រាប់ស្រូវចំនួន១២០០០ហិកតា (ស្រូវវស្សា៨០០០ហិកតា ស្រូវប្រាំង៤០០០ហិកតា) និងដំណាំរួមផ្សំផ្សេងទៀតចំនួន១០០០ហិកតា និងធានាដោះស្រាយរាល់បញ្ហាគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលអាចកើតមានឡើងជាយថាហេតុ។ បន្ទាប់ពីបានទទួលគោលការណ៍នេះហើយ អាជ្ញាធរជាតិអប្សរាបានជួសជុល ស្តារឡើងវិញជាបន្ទាន់នូវទ្វារទឹក និងប្រព័ន្ធប្រឡាយនៃបារាយណ៍ខាងលិច ដែលការងារនេះ ធ្វើឲ្យប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលបានគ្រប់រដូវ៕










Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
2231
Yesterday
:
20186
This Week
:
58605
This Month
:
0296722
Total
:
014356577