NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 31 March 2016 02:15 PM Post By ៖ Apsara National Authority

ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក បានលើកឡើងថា ឆ្នាំមុនៗត្រពាំងនេះមិនដែលរីងទេ ដោយក្នុងរដូវវស្សាទឹកក្នុងកសិណអង្គរវត្តឡើងខ្ពស់ ហើយក៏ហូរចូលមកបំពេញត្រពាំងសេសតែម្តង។ ក្នុងមួយឆ្នាំបញ្ចូលតែក្នុងខែវស្សាម្តងទឹកក៏នៅរក្សាគ្រប់គ្រាន់ រហូតដល់មានភ្លៀងធ្លាក់ ដោយមិនចាំបាច់បញ្ចូលក្នុងរដូវប្រាំងទៀតទេ។ សម្រាប់ឆ្នាំនេះ ដោយសារទឹកកសិណអង្គរក្នុងរដូវស្សាកន្លងទៅទាប ហូរចូលត្រពាំងបានតិច ហើយផ្សំនឹងរដូវប្រាំងក្តៅហួតខ្លាំផង ទើបត្រពាំងសេសរីងស្ទើរតែខះ។

ឯកឧត្តមបន្ថែមថា ដោយសព្វថ្ងៃ យើងបានបញ្ចូលទឹកក្នុងកសិណអង្គរវត្ត អង្គរធំ និងបារាយណ៍ជ័យតដាកបានបរិបូរ ទើបយើងសម្រេចបង្ហូរទឹកពីកសិណអង្គរវត្តចូលក្នុងត្រពាំងសេសឡើងវិញ ដើម្បីរក្សាសោភណភាព ទេសភាពមុខប្រាសាទអង្គរវត្តឲ្យបានស្រស់បំព្រង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានមកដល់ក្នុងពេលឆាប់ៗនេះ។

គួររំឭកថា មុនឆ្នាំ២០១០ត្រពាំងសេសគឺអាងផ្ទេរទឹកពីកសិណអង្គរធំទៅអង្គរវត្ត ដោយកាលនោះ ក្រុមជំនាញបានប្រើប្រាស់ប្រឡាយទឹក ដែលហៅថា ប្រឡាយសម្តេចហ៊ុនសែនដើម្បីបង្ហូរទឹកចេញពីកសិណអង្គរធំមកបញ្ចូលកសិណអង្គរវត្ត។ ចាប់ពីឆ្នាំ២០១០មក អ្នកជំនាញបានស្រាវជ្រាវរកឃើញប្រព័ន្ធទឹកបុរាណតាមច្រកសំពៅលូនឡើងវិញ។ ប្រព័ន្ធទឹកនេះ ត្រូវបានស្តារ និងប្រើប្រាស់ដើម្បីបញ្ចូលទឹកពីកសិណអង្គរធំមកអង្គរវត្ត ហើយអាចបង្កើនកម្ពស់ទឹកកសិណអង្គរវត្តបានដល់ទៅជាង១ម៉ែត្រលើសមុន។ ដូចនេះ ត្រពាំងសេសលែងជាអាងផ្តល់ទឹកដល់កសិណអង្គរវត្តទៀតហើយ តែជាអាងដែលត្រូវការទឹកពីកសិណអង្គរវត្តមកវិញ៕








 
និស្សិតវិស្វករឆ្នាំទី៥នៃមហាវិទ្យាល័យទេពកោសល្យជនបទរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានចុះមកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រព័ន្ធផ្លូវទឹក ពីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦។
អាជ្ញាធរជាតិអប្សរា បានបង្កើតនូវស្ថានីយសាកអាគុយចំនួនបីកន្លែងក្នុងតំបន់អង្គរ ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(បន្ទះសូឡា) ក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរហៅកាត់ថា ACHA ដែលជាជំនួយឧបត្ថម្ភរបស់ប្រទេសញូវហ្ស៊ីឡែន ដើម្បីចូលរួមចំណែកជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ។
គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ បានលេចចេញរូបរាងជាផ្លូវការហើយ។ ពិធីប្រកាស សមាសភាពគណៈកម្មការថ្មី នេះ ត្រូវបានរៀបចំឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ សមាសភាពនៃគណៈកម្មការចម្រុះនេះ មានឯកឧត្តម ឈរ ថាណាត អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាជាប្រធាន អមដោយអនុប្រធាន៥រូប ដែលមានអភិបាលរងខេត្តព្រះវិហារ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្នងការនគរបាលខេត្តព្រះវិហារ ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា អភិបាលស្រុកគូលែន រួមនឹងសមាជិកទាំងអស់ជាង១០រូបទៀត។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
0782
Yesterday
:
7910
This Week
:
08692
This Month
:
0166581
Total
:
014226436