NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 30 March 2016 01:19 PM Post By ៖ Apsara National Authority
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមីនានេះថា ប្រជាជនបានស្នើមកអាជ្ញាធរជាតិអប្សរា ឲ្យជួយជួសជុលទំនប់ទឹកបុរាណនេះឡើងវិញ ដោយពួកគាត់យល់ថា អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញដែលធ្លាប់ធ្វើការស្តារនិងជួសជុលប្រព័ន្ធទឹកបុរាណជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឥឡូវក្រុមក្រុមការងារសម្រេចជួសជុលហើយ ដោយកម្លាំងប្រជាពលរដ្ឋជាច្រើនបានចូលរួម ហើយយើងបញ្ជូនអ្នកបច្ចេកទេសទៅប្រចាំការនៅលើភ្នំផ្ទាល់តែម្តង។ ការងារនេះក៏បានការចូលរួមដែរ ពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច សហគមន៍ និងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរា ហៅកាត់ថា ACHA និងមូលនិធិបុរាណវិទ្យា សម្រាប់ការអភិវឌ្ឍ (ADF)។ នេះគឺជាទស្សនវិស័យរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលតែងយកចិត្តទុកដាក់ចំពោះតម្រូវការនានារបស់សហគមន៍ប្រជាពលរដ្ឋ ជាពិសេសគឺការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ទំនប់នេះត្រូវបានបុព្វបុរសខ្មែរសាងសង់មុនសម័យអង្គរ ដើម្បីទប់ទឹកប្រើប្រាស់ដូចនឹងបារាយណ៍ ដែលយើងឃើញសព្វថ្ងៃដែរ។ តែដោយទំនប់នេះបានបាក់ខូចលែងប្រើប្រាស់កើត ទើបសហគមន៍ប្រជាពលរដ្ឋបានស្នើមកអ្នកជំនាញយើងតាមរយៈ ADF ដើម្បីឲ្យយើងជួយជាបច្ចេកទេសដល់ពួកគាត់។ “យើងរីករាយនឹងចូលរួមជាមួយពួកគាត់ ព្រោះនេះជាតម្រូវការផ្ទាល់របស់ប្រជាជន។ ទំនប់នេះនឹងជួយរក្សាទឹកសម្រាប់ប្រជាពលរដ្ឋចំនួន៣ភូមិប្រើប្រាស់ប្រចាំថ្ងៃ ហើយក៏ជាជម្រាបទៅស្ទឹងសៀមរាប និងស្ទឹងផ្សេងទៀតនៅរដូវប្រាំងដែលមានប្រភពពីភ្នំគូលែនដែរ។ អាជ្ញាធរជាតិអប្សរាផ្តល់អ្នកបច្ចេកទេស ហើយគម្រោង ACHA ដែលឧបត្ថម្ភដោយប្រទេសញូវហ្សេឡែនជាអ្នកផ្តល់មធ្យោបាយ ធ្វើការជាមួយពួកគាត់ ដើម្បីជួសជុលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ យើងសប្បាយចិត្តត្រង់ថា វាជាគំនិតដែលពួកគាត់បានលើកឡើងដោយខ្លួនឯង ហើយក៏បញ្ជាក់ពីការចូលរួមរបស់សហគមន៍ ក្នុងការងារអភិរក្សដែរ”












Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
14
Today
:
21091
Yesterday
:
20070
This Week
:
72413
This Month
:
0375921
Total
:
014818762