ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាជួសជុលទំនប់ថ្នល់ដាច់លើខ្នងភ្នំគូលែនតាមសំណើរបស់ប្រជាពលរដ្ឋ

បានផ្សាយនៅ ថ្ងៃទី 30 ខែ មិនា ឆ្នាំ2016 01:19 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមីនានេះថា ប្រជាជនបានស្នើមកអាជ្ញាធរជាតិអប្សរា ឲ្យជួយជួសជុលទំនប់ទឹកបុរាណនេះឡើងវិញ ដោយពួកគាត់យល់ថា អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញដែលធ្លាប់ធ្វើការស្តារនិងជួសជុលប្រព័ន្ធទឹកបុរាណជាច្រើនក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឥឡូវក្រុមក្រុមការងារសម្រេចជួសជុលហើយ ដោយកម្លាំងប្រជាពលរដ្ឋជាច្រើនបានចូលរួម ហើយយើងបញ្ជូនអ្នកបច្ចេកទេសទៅប្រចាំការនៅលើភ្នំផ្ទាល់តែម្តង។ ការងារនេះក៏បានការចូលរួមដែរ ពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច សហគមន៍ និងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរា ហៅកាត់ថា ACHA និងមូលនិធិបុរាណវិទ្យា សម្រាប់ការអភិវឌ្ឍ (ADF)។ នេះគឺជាទស្សនវិស័យរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលតែងយកចិត្តទុកដាក់ចំពោះតម្រូវការនានារបស់សហគមន៍ប្រជាពលរដ្ឋ ជាពិសេសគឺការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ទំនប់នេះត្រូវបានបុព្វបុរសខ្មែរសាងសង់មុនសម័យអង្គរ ដើម្បីទប់ទឹកប្រើប្រាស់ដូចនឹងបារាយណ៍ ដែលយើងឃើញសព្វថ្ងៃដែរ។ តែដោយទំនប់នេះបានបាក់ខូចលែងប្រើប្រាស់កើត ទើបសហគមន៍ប្រជាពលរដ្ឋបានស្នើមកអ្នកជំនាញយើងតាមរយៈ ADF ដើម្បីឲ្យយើងជួយជាបច្ចេកទេសដល់ពួកគាត់។ “យើងរីករាយនឹងចូលរួមជាមួយពួកគាត់ ព្រោះនេះជាតម្រូវការផ្ទាល់របស់ប្រជាជន។ ទំនប់នេះនឹងជួយរក្សាទឹកសម្រាប់ប្រជាពលរដ្ឋចំនួន៣ភូមិប្រើប្រាស់ប្រចាំថ្ងៃ ហើយក៏ជាជម្រាបទៅស្ទឹងសៀមរាប និងស្ទឹងផ្សេងទៀតនៅរដូវប្រាំងដែលមានប្រភពពីភ្នំគូលែនដែរ។ អាជ្ញាធរជាតិអប្សរាផ្តល់អ្នកបច្ចេកទេស ហើយគម្រោង ACHA ដែលឧបត្ថម្ភដោយប្រទេសញូវហ្សេឡែនជាអ្នកផ្តល់មធ្យោបាយ ធ្វើការជាមួយពួកគាត់ ដើម្បីជួសជុលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ យើងសប្បាយចិត្តត្រង់ថា វាជាគំនិតដែលពួកគាត់បានលើកឡើងដោយខ្លួនឯង ហើយក៏បញ្ជាក់ពីការចូលរួមរបស់សហគមន៍ ក្នុងការងារអភិរក្សដែរ”












ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។
សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា។ សំណង់ទ្វារទឹកនេះ នឹងអាចកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំនេះ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំបន្លែ ឬស្រែប្រាំង។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។
ស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើបទបង្ហាញស្តីពីការធ្វើវិសោធនកម្មនៃមាត្រាមួយចំនួន នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានស្តង់ដារអន្តរជាតិISO14001 ដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដើម្បីត្រៀមខ្លួនសម្របទៅតាមស្តង់ដារថ្មីនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
20
ថ្ងៃនេះ
:
94538
ម្សិលមិញ
:
84683
សប្តាហ៍នេះ
:
319840
ខែនេះ
:
0623348
សរុប
:
015066189