ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរមូលដ្ឋានចុះវាស់វែងដីកសិកម្មសហគមន៍ប្រើប្រាស់ទឹកបារាយណ៍

បានផ្សាយនៅ ថ្ងៃទី 28 ខែ មិនា ឆ្នាំ2016 10:01 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរភូមិឃុំដែលស្ថិតនៅក្នុងឃុំ-សង្កាត់ចំនួន៧ ក្នុងស្រុកពួក និងក្រុងសៀមរាប បានចុះវាស់វែងដីកសិកម្មនៃសហគមន៍ដែលប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា ដើម្បីងាយស្រួលដល់ការងារគ្រប់គ្រងទឹក និងរៀបចំប្រព័ន្ធផ្លូវទឹកឲ្យបានកាន់តែល្អប្រសើរ។ ក្រុមការងារបានចាប់ផ្តើមចុះវាស់វែងពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៣ខែខាងមុខ។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក លោក ភឿន សុឃីម បញ្ជាក់ថា ការចុះរៀបចំវាស់វែងដីកសិកម្មរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកបារាយណ៍នេះ គឺដើម្បីក្រុមការងារអាចក្តោបបានទិន្នន័យច្បាស់លាស់ថាតើផ្ទៃដីជាក់ស្តែងដែលប្រើប្រាស់ទឹកនេះ មានចំនួនប៉ុន្មានពិតប្រាកដ ព្រោះកន្លងមក ក្រុមការងារប្រើប្រាស់តែទិន្នន័យចាស់ ដែលទទួលបានពីមន្ទីរកសិកម្មប៉ុណ្ណោះ។ “តាមឯកសារផ្លូវការដែលយើងទទួលបានពេលដែលអាជ្ញាធរជាតិអប្សរាទទួលភារកិច្ចគ្រប់គ្រងទឹកក្នុងឆ្នាំ២០១៤ ផ្ទៃដីដែលប្រើប្រាស់ទឹកបារាយណ៍មានចំនួន១ម៉ឺន៣ពាន់ហិកតា ដោយក្នុងនោះស្រែវស្សាចំនួន៨ពាន់ហិកតា ស្រែប្រាំង៤ពាន់ហិកតា និងដំណាំរួមផ្សំចំនួន១ពាន់ហិកតា។ តែដោយជាក់ស្តែង ស្រែខ្លះត្រូវបានអភិវឌ្ឍន៍ជាភូមិដ្ឋាន និងតំបន់អភិវឌ្ឍន៍ផ្សេងៗ ចំណែកដីខ្លះទៀតដែលមិនធ្លាប់ធ្វើស្រែ ក៏ត្រូវបានប្រជាពលរដ្ឋកែច្នៃជាដីស្រែ ឬដំណាំ ដែលធ្វើឲ្យឃ្លៀងឃ្លាតពីទិន្នន័យដើម”

លោក សុឃីម បន្ថែមថា “ធម្មតាគោលការណ៍ស្រោចស្រព ដំបូងគេត្រូវសិក្សាពីទំហំដីដែលត្រូវស្រោចស្រព បន្ទាប់មក គេត្រូវសិក្សាពីប្រភពទឹក តើទឹកប៉ុណ្ណឹងអាចផ្គត់ផ្គង់ផ្ទៃដីហ្នឹងបានឬអត់? រួចហើយទើបត្រូវសិក្សាប្រព័ន្ធបង្ហូរទឹក តើទំហំប្រឡាយប៉ុណ្ណឹងស្រោចស្រពបានប៉ុន្មានហិកតា បើប្រឡាយតូចហើយផ្ទៃដីច្រើនពេកនឹងធ្វើឲ្យទឹកមិនគ្រប់គ្រាន់ ហើយខូចខាតដល់កសិកម្ម។ ដូច្នេះហើយទើបក្រុមការងារចុះវាស់វែងឲ្យបានជាក់លាក់ ដើម្បីងាយស្រួលរៀបចំផែនការប្រើប្រាស់ទឹកបារាយណ៍ ក្នុងន័យសន្សំសំចៃផង មិនឲ្យប៉ះពាល់ដល់ដំណាំកសិកម្មប្រជាពរលដ្ឋផង។ យើងមានផែនការច្បាស់លាស់ ព្រោះទឹកបារាយណ៍មិនមែនប្រើសម្រាប់តែស្រោចស្រពដំណាំកសិកម្មនោះទេ តែត្រូវការរក្សាទឹកទុកសម្រាប់ទ្រទ្រង់គ្រឹះប្រាសាទនានាផង ហើយក្នុងពេលខាងមុខ គ្រោងនឹងប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាបទាំងមូលផង។ លើសពីនេះទៀត ទឹកបារាយណ៍ក៏ជាចំណុចទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ដែរ”

លោក បូ ប៊ត់ សមាជិកក្រុមប្រឹក្សាសង្កាត់ក្របីរៀលទទួលបន្ទុកសិកម្មរៀបរាប់ថា លោកសប្បាយចិត្តដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះមកធ្វើការវាស់វែងដីជាក់ស្តែង ព្រោះកន្លងមក ដីកសិកម្មមានការប្រែប្រួលច្រើន ដោយដីខ្លះត្រូវបានអ្នកមានធនធានប្រមូលទិញ ហើយដីខ្លះទៀងលែងជាដីកសិកម្មទៅហើយ តែកន្លងមកយើងនៅប្រើបញ្ជីចាស់នៅឡើយ ដែលធ្វើឲ្យក្រុមសហគមន៍របស់លោកពិបាកក្នុងប្រមូលថវិកាមកផ្គត់ផ្គង់សហគមន៍ដូចជា ជួសជុលប្រព័ន្ធទឹក និងដាក់ទ្វារទឹកជាដើម។ “ខ្ញុំបានឲ្យមេភូមិ និងក្រុមការងារចុះធ្វើការជាមួយអាជ្ញាធរហើយ។ ពួកគាត់ជាអ្នកមូលដ្ឋានផ្ទាល់ ដឹងរឿងច្បាស់ ចឹងគាត់ចុះជាមួយក្រុមការងាររបស់អាជ្ញាធរទៅនឹងទទួលបានទិន្នន័យជាក់លាក់។ ពួកខ្ញុំក៏បានជម្រាបទៅប្រជាពលរដ្ឋឲ្យបានជ្រាបអំពីការចុះវាស់វែងនេះដែរ កុំឲ្យមានពួកគាត់មានការងឿងឆ្ងល់ថាគេវាស់ដីធ្វើអី”

លោក ហួត ហៃ ប្រធានសហគមន៍ប្រើប្រាស់ទឹកបារាយណ៍រៀបរាប់ថា សហគមន៍របស់លោកបានបង្កើតឡើង ដើម្បីគ្រប់គ្រងការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព។ លោកនិងក្រុមការងារនឹងសហការពេញដៃពេញជើងជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរា ក្នុងការចុះវាស់វែងដីកសិកម្មនេះ ព្រោះវាក៏ជួយសម្រួលដល់សហគមន៍របស់លោកក្នុងការប្រមូលសេវាកម្ម ឲ្យបានត្រឹមត្រូវដែរ៕








ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) បានប្រារព្ធពិធីដាំកូនឈើចំនួន៥០០០ដើម នៅតាម
ដោយសាររដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលវេលាយូរជាងប្រក្រតីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ស្រះស្រង់ ដែលមានបណ្តោយ៧៨០ម និងទទឹង៣៨០ម ធ្លាប់តែមានទឹកថ្លាឈ្វេង ជាទីមនោរម្យរបស់អ្នកទេសចរ
ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានបើកធ្វើកម្មវិធីផ្សព្វផ្សាយបរិស្ថានស្ដីពីការអភិរក្សទឹក
ទូកបុរាណដែលម្ចាស់ការដ្ឋានបូមខ្សាច់ ប្រទះឃើញកប់នៅក្នុងដីជម្រៅជាង៧ម៉ែត្រ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុងអង្គរធំ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាទទួលយកមករក្សាទុកក្នុងកសិណអង្គរវត្តហើយ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
ដើមដំបូងមុន12345678បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
11352
ម្សិលមិញ
:
15745
សប្តាហ៍នេះ
:
73850
ខែនេះ
:
0085031
សរុប
:
009553788