ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រកាសផ្អាកការផ្គត់ផ្គង់ទឹកជូនសហគមន៍ប្រើប្រាស់ធ្វើកសិកម្មដោយសារទឹកបារាយណ៍នៅសល់តិចពេក

បានផ្សាយនៅ ថ្ងៃទី 26 ខែ មិនា ឆ្នាំ2016 10:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដោយអនុវត្តទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីកង្វះខាតទឹកប្រើប្រាស់ ដោយសាររដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានប្រកាសផ្អាកការផ្គត់ផ្គង់ទឹកជូនសហគមន៍ ដែលប្រើប្រាស់ទឹកបារាយណ៍សម្រាប់ស្រោចស្រពដំណាំកសិកម្ម។ ការប្រកាសផ្អាកនៅពេលនេះ គឺដើម្បីរក្សាទឹកខ្លះឲ្យនៅសល់នៅបាតបារាយណ៍ ជាជម្រាបផ្គត់ផ្គង់អណ្តូង និងប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

នៅចំពោះមុខសហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ និងអាជ្ញាធរភូមិឃុំដែលពាក់ព័ន្ធ ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក មានប្រសាសន៍ថា ការផ្អាកបង្ហូរទឹកជូនប្រជាពលរដ្ឋនៅពេលនេះ គឺដោយសារបរិមាណទឹកបារាយណ៍នៅសល់តិចតួច ដែលអាចនឹងខះរីងស្ងួត បើនៅតែបន្តបង្ហូរចេញទៅផ្គត់ផ្គង់ដំណាំកសិកម្មប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ការធ្វើស្រែប្រាំងលើកទី២របស់ប្រជាពលរដ្ឋក៏បានរួចរាល់ហើយដែរ តែការប្រកាសផ្អាកនេះ គឺដើម្បីកុំឲ្យប្រជាពលរដ្ឋបង្កបង្កើនផលសម្រាប់ដំណាក់កាលទី៣ទៀត ព្រោះទឹកបារាយណ៍បានធ្លាក់ដល់កម្រិតទាបបំផុតហើយ។ ឯកឧត្តមក៏លើកសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដែលបានណែនាំឲ្យស្ថាប័ន និងអង្គភាពគ្រប់គ្រងទឹកសន្សំសំចៃទឹកទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយសារឆ្នាំនេះប្រទេសជាច្រើននៅលើសកលលោកដោយរួមទាំងកម្ពុជាផង ប្រឈមនឹងរដូវប្រាំងយូរជាងប្រក្រតី។

ពាក់ព័ន្ធនឹងទឹកបារាយណ៍ដែលស្ទើរតែខះរីងនៅពេលនេះ ឯកឧត្តមបញ្ជាក់ថា ដោយសារការបង្ហូរទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ឆ្នាំនេះច្រើនជាងឆ្នាំមុន។ “វស្សាកន្លងទៅ ទឹកទន្លេទាបខ្លាំង មិនអាចហូរចូលទំនប់៧៨ ដែលជាឃ្លាំងផ្ទុកទឹកសម្រាប់ស្រោចស្រពស្រែប្រាំងជាង២៦០០ហិកតានៅក្រោមទំនប់។ ប្រជាពលរដ្ឋនៅទីនោះបានស្នើមកយើង ដើម្បីប្រើប្រាស់ទឹកបារាយណ៍ដែរ។ មិនតែប៉ុណ្ណោះ តាមស្ថិតិដែលយើងទទួលបាន ប្រជាពលរដ្ឋបានពង្រីកផ្ទៃដីដាំដុះដល់ទៅជាង១៦០០ហិកតាបន្ថែមទៀត។ ដូច្នេះសរុបទៅ ផ្ទៃដីដែលបន្ថែមថ្មីមានដល់ទៅជាង៤ពាន់ហិកតា ដែលធ្វើឲ្យតម្រូវការទឹកបារាយណ៍មានចំនួនច្រើនលើសធម្មតា។ បច្ចុប្បន្ន ក្រុមការងារយើងកំពុងចុះវាស់វែងដី ដើម្បីក្តាប់ស្ថិតិបានជាក់ស្តែង ដែលអាចឲ្យយើងងាយស្រួលគ្រប់គ្រង និងចែកចាយទឹកឲ្យបានគ្រប់គ្រាន់”

លោក បូ ប៊ត់ សមាជិកក្រុមប្រឹក្សាសង្កាត់ក្របីរៀលបានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់លោកភាគច្រើន សុទ្ធសឹងជាប្រជាកសិករ ដែលប្រកបរបរកសិកម្មប្រចាំថ្ងៃ ដោយពឹងផ្អែកលើទឹកដែលបានពីទំនប់៧៨ និងបារាយណ៍ទឹកថ្លា។ តែដោយសារឆ្នាំនេះកម្ពស់ទឹកទន្លេទាប មិនអាចហូរចូលទំនប់៧៨បាន ទើបប្រជាពលរដ្ឋងាកមកប្រើប្រាស់ទឹកបារាយណ៍ទាំងស្រុង ដែលជាហេតុធ្វើឲ្យទឹកបារាយណ៍មិនអាចផ្គត់ផ្គង់ទឹកបានជាបន្តទៀត។

ជាការឆ្លើយតប ប្រធានសហគមន៍ប្រើប្រាស់ទឹកបារាយណ៍ខាងលិច លោក ហួត ហៃ បញ្ជាក់ថា លោកនឹងនាំយកដំណឹងនេះទៅជម្រាបប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យបានជ្រាបបន្ត ដោយមិនឲ្យប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរបង្ហូរទឹតទៀតទេ ព្រោះស្ថានភាពជាក់ស្តែង គឺទឹកបារាយណ៍ពេលនេះមិនអាចបង្ហូរចេញបានទៀតទេ៕










ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) បានប្រារព្ធពិធីដាំកូនឈើចំនួន៥០០០ដើម នៅតាម
ដោយសាររដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលវេលាយូរជាងប្រក្រតីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ស្រះស្រង់ ដែលមានបណ្តោយ៧៨០ម និងទទឹង៣៨០ម ធ្លាប់តែមានទឹកថ្លាឈ្វេង ជាទីមនោរម្យរបស់អ្នកទេសចរ
ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានបើកធ្វើកម្មវិធីផ្សព្វផ្សាយបរិស្ថានស្ដីពីការអភិរក្សទឹក
ទូកបុរាណដែលម្ចាស់ការដ្ឋានបូមខ្សាច់ ប្រទះឃើញកប់នៅក្នុងដីជម្រៅជាង៧ម៉ែត្រ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុងអង្គរធំ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាទទួលយកមករក្សាទុកក្នុងកសិណអង្គរវត្តហើយ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
ដើមដំបូងមុន12345678បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0434
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77088
ខែនេះ
:
0158365
សរុប
:
009340647