NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 25 March 2016 10:51 AM Post By ៖ Apsara National Authority
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។

កន្លងមកសំណើផ្សេងៗ ត្រូវបានដោះស្រាយជូនជាបន្តបន្ទាប់រួចមកហើយ ដោយឡែកថ្ងៃនេះ គឺមានសំណើរបស់ប្រជាពលរដ្ឋចំនួន ៨គ្រួសារទៀត ដែលរស់នៅភូមិជ័យ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដែលមូលដ្ឋានរស់នៅរបស់ពួកគាត់ទាំងនេះ ស្ថិតក្នុងតំបន់ការពារឧទ្យានអង្គរ។ ពួកគាត់បានដាក់សំណើតាមរយៈអាជ្ញាធរដែនដីភូមិ សង្កាត់ ដែលពួកគាត់កំពុងរស់នៅ ដើម្បីសុំឲ្យអាជ្ញាធរជាតិអប្សរា ពិនិត្យលទ្ធភាពផ្ដល់យោបល់ ក៏ដូចជាការអនុញ្ញាតផ្សេងៗជូនពួកគាត់។

ឯកឧត្តម ខូយ គឹមទួ ប្រធានក្រុមការងារសហគមន៍ក្រុមទី១ របស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សំណើរបស់ពួកគាត់ទាំងអស់ គឺទទួលបានការឯកភាពដើម្បីឲ្យពួកគាត់ជួសជុលដំបូល ធ្វើបង្អួច ធ្វើបង្គន់ សាងសង់រោងគោ និងចាក់បំពេញដីផ្លូវចូលក្នុងភូមិជាដើម។ ឯកឧត្តមបានបន្ថែមថា ពួកគាត់សុទ្ធតែជាប្រជាពលរដ្ឋចាស់រស់នៅពីយូរលង់មកហើយ ដែលអាជ្ញាធរជាតិអប្សរាមានគោលការណ៍ច្បាស់លាស់ ជូនពួកគាត់ដើម្បីបន្តការរស់នៅតទៅទៀត។

ចំណែកលោក ប៊ី សុន មេភូមិជ័យ សង្កាត់ទឹកវិលបានថ្លែងដោយក្ដីរំភើប និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាជាពិសេស អរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់ជាអំណោយ តាមរយៈការកសាងសមិទ្ធិផលផ្សេងៗ នៅក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស គឺការផ្ដល់នូវសម្ភារៈ ទារកសម្រាប់ស្ដ្រីដែលទើបឆ្លងទន្លេហើយជាដើម។

គួររំឭកថាដើម្បីជួយសម្រួលដល់ការស្នើសុំរបស់ប្រជាពលរដ្ឋ និងដើម្បីដឹងសុខទុក្ខរបស់ ប្រជាពលរដ្ឋជាប្រចាំនោះ អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍ ដែលមាន គ្រប់នាយកដ្ឋានជំនាញរបស់អាជ្ញាធរជាតិអប្សរាចុះតាមមូលដ្ឋានប្រជាពលរដ្ឋជាប្រចាំ។ ក្រុមការងារ នេះតែងផ្សព្វផ្សាយអំពីច្បាប់ការអប់រំបេតិកភណ្ឌ និងការងារសំខាន់ៗ របស់អាជ្ញាធរជាតិអប្សរា ជាពិសេស ក្រុមនេះតែងដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅនឹងកន្លែងភ្លាមៗ ចំពោះសំណើតូចៗដូចជា ធ្វើបង្គន់ តសំយ៉ាបផ្ទះ ឬជួសជុលខ្នាតតូចជាដើម។ ចំពោះសំណើធំៗដូចជា ការរើដំបូល ផ្តូរទីតាំងផ្ទះ ឬសង់ផ្ទះថ្មីជំនួសផ្ទះចាស់ជាដើម ក្រុមការងារសហគមន៍តែងនាំយកសំណើទាំងនោះមកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕












Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
3109
Yesterday
:
5855
This Week
:
08964
This Month
:
0036420
Total
:
009409696