ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបន្តដោះស្រាយ សំណូមពរចាំបាច់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 25 ខែ មិនា ឆ្នាំ2016 10:51 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។

កន្លងមកសំណើផ្សេងៗ ត្រូវបានដោះស្រាយជូនជាបន្តបន្ទាប់រួចមកហើយ ដោយឡែកថ្ងៃនេះ គឺមានសំណើរបស់ប្រជាពលរដ្ឋចំនួន ៨គ្រួសារទៀត ដែលរស់នៅភូមិជ័យ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដែលមូលដ្ឋានរស់នៅរបស់ពួកគាត់ទាំងនេះ ស្ថិតក្នុងតំបន់ការពារឧទ្យានអង្គរ។ ពួកគាត់បានដាក់សំណើតាមរយៈអាជ្ញាធរដែនដីភូមិ សង្កាត់ ដែលពួកគាត់កំពុងរស់នៅ ដើម្បីសុំឲ្យអាជ្ញាធរជាតិអប្សរា ពិនិត្យលទ្ធភាពផ្ដល់យោបល់ ក៏ដូចជាការអនុញ្ញាតផ្សេងៗជូនពួកគាត់។

ឯកឧត្តម ខូយ គឹមទួ ប្រធានក្រុមការងារសហគមន៍ក្រុមទី១ របស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សំណើរបស់ពួកគាត់ទាំងអស់ គឺទទួលបានការឯកភាពដើម្បីឲ្យពួកគាត់ជួសជុលដំបូល ធ្វើបង្អួច ធ្វើបង្គន់ សាងសង់រោងគោ និងចាក់បំពេញដីផ្លូវចូលក្នុងភូមិជាដើម។ ឯកឧត្តមបានបន្ថែមថា ពួកគាត់សុទ្ធតែជាប្រជាពលរដ្ឋចាស់រស់នៅពីយូរលង់មកហើយ ដែលអាជ្ញាធរជាតិអប្សរាមានគោលការណ៍ច្បាស់លាស់ ជូនពួកគាត់ដើម្បីបន្តការរស់នៅតទៅទៀត។

ចំណែកលោក ប៊ី សុន មេភូមិជ័យ សង្កាត់ទឹកវិលបានថ្លែងដោយក្ដីរំភើប និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាជាពិសេស អរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់ជាអំណោយ តាមរយៈការកសាងសមិទ្ធិផលផ្សេងៗ នៅក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស គឺការផ្ដល់នូវសម្ភារៈ ទារកសម្រាប់ស្ដ្រីដែលទើបឆ្លងទន្លេហើយជាដើម។

គួររំឭកថាដើម្បីជួយសម្រួលដល់ការស្នើសុំរបស់ប្រជាពលរដ្ឋ និងដើម្បីដឹងសុខទុក្ខរបស់ ប្រជាពលរដ្ឋជាប្រចាំនោះ អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍ ដែលមាន គ្រប់នាយកដ្ឋានជំនាញរបស់អាជ្ញាធរជាតិអប្សរាចុះតាមមូលដ្ឋានប្រជាពលរដ្ឋជាប្រចាំ។ ក្រុមការងារ នេះតែងផ្សព្វផ្សាយអំពីច្បាប់ការអប់រំបេតិកភណ្ឌ និងការងារសំខាន់ៗ របស់អាជ្ញាធរជាតិអប្សរា ជាពិសេស ក្រុមនេះតែងដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅនឹងកន្លែងភ្លាមៗ ចំពោះសំណើតូចៗដូចជា ធ្វើបង្គន់ តសំយ៉ាបផ្ទះ ឬជួសជុលខ្នាតតូចជាដើម។ ចំពោះសំណើធំៗដូចជា ការរើដំបូល ផ្តូរទីតាំងផ្ទះ ឬសង់ផ្ទះថ្មីជំនួសផ្ទះចាស់ជាដើម ក្រុមការងារសហគមន៍តែងនាំយកសំណើទាំងនោះមកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕












បឹងដូនប៉ាជាភូមិស្ថិតក្នុង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ភូមិនេះមានផ្ទៃដីមួយចំណែកពាក់ព័ន្ធ តំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ និងមួយចំណែកទៀតស្ថិតក្នុងតំបន់ការពារទី២នៃឧទ្យានអង្គរ។
ប្រជាពលរដ្ឋទាំង១១២ភូមិ ស្ថិតក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរកាន់តែមានភាពងាយស្រួលក្នុងការសុំច្បាប់សាងសង់ ឬជួសជុលតូចតាចដូចជា បង្គន់អនាម័យ ជួសជុលជញ្ជាំងផ្ទះ ដំបូលផ្ទះ ជណ្តើរ ប្តូរសរសរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ ។ល។ 
ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៥ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ចុះផ្សព្វផ្សាយអំពីច្បាប់ និងអប់រំប្រជាពលរដ្ឋអំពីការងារអភិរក្សបេតិកភណ្ឌ។
ក្នុងឱកាស ចុះសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឈរ ថាណាត ប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកពួក  និងក្រុមការងារបានប្រគល់កូនឈីចំនួន៥០០ដើម មានគគី បេង និងកកោះ ជូនសាលាឃុំដូនកែវ ដើម្បីដាំក្នុងបរិវេណឃុំ និងចែកអ្នកភូមិដែលស្ម័គ្រចិត្តយកទៅដាំក្នុងដីរបស់ខ្លួន រួមចំណែកថែរក្សាបរិស្ថានអង្គរ។
ល្ងាចថ្ងៃ១៥កើត ខែភទ្របទព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាតំណាង ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិកបានចូលរួម និងនាំយកទេយ្យទានទៅសូត្រមន្តកាន់បិណ្ឌវេនទី១នៅវត្តរលួស។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4838
ម្សិលមិញ
:
1458
សប្តាហ៍នេះ
:
14600
ខែនេះ
:
0063073
សរុប
:
009436349