ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបន្តដោះស្រាយ សំណូមពរចាំបាច់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 25 ខែ មិនា ឆ្នាំ2016 10:51 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមការងារសហគមន៍ក្រុមទី១របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបន្តចុះដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំជួសជុលផ្ទះ ធ្វើបង្គន់ និងសាងសង់សំណង់ចាំបាច់ផ្សេងៗ របស់ពួកគាត់ ព្រមទាំងសុំជួសជុលផ្លូវក្នុងភូមិជាដើម។ល។

កន្លងមកសំណើផ្សេងៗ ត្រូវបានដោះស្រាយជូនជាបន្តបន្ទាប់រួចមកហើយ ដោយឡែកថ្ងៃនេះ គឺមានសំណើរបស់ប្រជាពលរដ្ឋចំនួន ៨គ្រួសារទៀត ដែលរស់នៅភូមិជ័យ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដែលមូលដ្ឋានរស់នៅរបស់ពួកគាត់ទាំងនេះ ស្ថិតក្នុងតំបន់ការពារឧទ្យានអង្គរ។ ពួកគាត់បានដាក់សំណើតាមរយៈអាជ្ញាធរដែនដីភូមិ សង្កាត់ ដែលពួកគាត់កំពុងរស់នៅ ដើម្បីសុំឲ្យអាជ្ញាធរជាតិអប្សរា ពិនិត្យលទ្ធភាពផ្ដល់យោបល់ ក៏ដូចជាការអនុញ្ញាតផ្សេងៗជូនពួកគាត់។

ឯកឧត្តម ខូយ គឹមទួ ប្រធានក្រុមការងារសហគមន៍ក្រុមទី១ របស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សំណើរបស់ពួកគាត់ទាំងអស់ គឺទទួលបានការឯកភាពដើម្បីឲ្យពួកគាត់ជួសជុលដំបូល ធ្វើបង្អួច ធ្វើបង្គន់ សាងសង់រោងគោ និងចាក់បំពេញដីផ្លូវចូលក្នុងភូមិជាដើម។ ឯកឧត្តមបានបន្ថែមថា ពួកគាត់សុទ្ធតែជាប្រជាពលរដ្ឋចាស់រស់នៅពីយូរលង់មកហើយ ដែលអាជ្ញាធរជាតិអប្សរាមានគោលការណ៍ច្បាស់លាស់ ជូនពួកគាត់ដើម្បីបន្តការរស់នៅតទៅទៀត។

ចំណែកលោក ប៊ី សុន មេភូមិជ័យ សង្កាត់ទឹកវិលបានថ្លែងដោយក្ដីរំភើប និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាជាពិសេស អរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់ជាអំណោយ តាមរយៈការកសាងសមិទ្ធិផលផ្សេងៗ នៅក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស គឺការផ្ដល់នូវសម្ភារៈ ទារកសម្រាប់ស្ដ្រីដែលទើបឆ្លងទន្លេហើយជាដើម។

គួររំឭកថាដើម្បីជួយសម្រួលដល់ការស្នើសុំរបស់ប្រជាពលរដ្ឋ និងដើម្បីដឹងសុខទុក្ខរបស់ ប្រជាពលរដ្ឋជាប្រចាំនោះ អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍ ដែលមាន គ្រប់នាយកដ្ឋានជំនាញរបស់អាជ្ញាធរជាតិអប្សរាចុះតាមមូលដ្ឋានប្រជាពលរដ្ឋជាប្រចាំ។ ក្រុមការងារ នេះតែងផ្សព្វផ្សាយអំពីច្បាប់ការអប់រំបេតិកភណ្ឌ និងការងារសំខាន់ៗ របស់អាជ្ញាធរជាតិអប្សរា ជាពិសេស ក្រុមនេះតែងដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅនឹងកន្លែងភ្លាមៗ ចំពោះសំណើតូចៗដូចជា ធ្វើបង្គន់ តសំយ៉ាបផ្ទះ ឬជួសជុលខ្នាតតូចជាដើម។ ចំពោះសំណើធំៗដូចជា ការរើដំបូល ផ្តូរទីតាំងផ្ទះ ឬសង់ផ្ទះថ្មីជំនួសផ្ទះចាស់ជាដើម ក្រុមការងារសហគមន៍តែងនាំយកសំណើទាំងនោះមកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕












នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ក្រុមការងារសហគមន៍ទី១ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យទីតាំងស្នើរសុំធ្វើបង្គន់អនាម័យនិងប្តូរដំបូលផ្ទះរបស់ប្រជាពលរដ្ឋ២គ្រួសារនៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បាននាំយកលិខិតអនុញ្ញាតជួសជុលផ្ទះមួយច្បាប់ និងលិខិតអនុញ្ញាតសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ចំនួន២ច្បាប់ទៅប្រគល់ជូនប្រជាពលរដ្ឋនៅភូមិប្រដាក និងភូមិថ្នល់បណ្តោយ។
អំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃត្រូវបានផ្តល់ជូនជាបន្តបន្ទាប់ ដល់ស្ត្រីឆ្លងទន្លេដែលជាអ្នកស្រុកក្នុងឧទ្យានអង្គរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា។ សម្ភារៈទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ។
កញ្ចប់សម្ភារៈទារក និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ចំនួន២៣កញ្ចប់ ត្រូវបានចែកជូនដល់ស្ត្រីទើបសម្រាលបុត្ររួច។
បុណ្យឆ្លងផ្លូវ និងស្ពានរបស់អ្នកភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានប្រារព្ធឡើងកាលពីចុងខែវិច្ឆិកា កន្លងទៅនេះ បានរៀបចំឡើងតាមប្រពៃណីរបស់ដូនតាខ្មែរ ដោយជំនឿមុតមាំក្នុងការបញ្ជៀសឧបទ្រពចង្រៃ ហើយសុំសេចក្តីសុខចម្រើនដល់អ្នកធ្វើដំណើរតាមផ្លូវនិងអ្នកឆ្លងកាត់គ្រប់ៗគ្នា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
12371
ម្សិលមិញ
:
15745
សប្តាហ៍នេះ
:
74869
ខែនេះ
:
0086050
សរុប
:
009554807