ព័ត៌មានថ្មីៗ

បច្ចេកវិទ្យាអវកាសអាចនឹងត្រូវពង្រីកវិសាលភាពហួសពីរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 23 ខែ មិនា ឆ្នាំ2016 03:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បច្ចេកវិទ្យាអវកាស (Remote Sensing) ដែលកំពុងអនុវត្តលើការងារអភិរក្សក្នុងរមណីយដ្ឋានអង្គរសព្វថ្ងៃ អាចនឹងត្រូវពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់តំបន់បេតិកភណ្ឌដទៃទៀត ដូចជា ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងប្រាសាទបេងមាលាជាដើម។ នេះបើយោងតាមលទ្ធផលនៃកិច្ចពិភាក្សារវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាមួយលោកសាស្ត្រាចារ្យ Bai Chunli ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រចិន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ។

ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកលើការប្រើប្រាស់បច្ចេកវិទ្យាអវកាសនេះបញ្ជាក់ថា បច្ចេកវិទ្យាអវកាសគឺជាបច្ចេកវិទ្យាផ្កាយរណប ដែលអាចឲ្យយើងដឹងពីបម្រែបម្រួលក្នុងតំបន់អង្គរជាប្រចាំ។ បច្ចេកវិទ្យានេះប្រើប្រាស់ដើម្បីគ្រប់គ្រងទឹក ព្រៃឈើ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមរយៈបច្ចេកវិទ្យានេះ យើងបានទទួលព័ត៌មានរៀងរាល់៤ថ្ងៃម្តងអំពីបម្រែបម្រួលក្នុងតំបន់អង្គរ។

ឯកឧត្តមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើឲ្យបណ្ឌិតសភាវិទ្យាសាស្ត្រចិន ជួយពង្រីកវិសាលភាពបច្ចេកវិទ្យានេះទៅកាន់តំបន់បេតិកភណ្ឌដទៃទៀត ដូចជាតំបន់ព្រះវិហារ កោះកេរ និងបេងមាលាជាដើម និងស្នើឲ្យមានការបណ្តុះបណ្តាលបន្ថែមទៀតដល់មន្ត្រី បុគ្គលិកដែលពាក់ព័ន្ធ ដោយមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាជាតំបន់ស្នូល។ ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានស្នើសុំភាគីចិន ធ្វើយ៉ាងណាឲ្យមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ឬភាគីដែលពាក់ព័ន្ធអាចទទួលបានអាហារូបករណ៍ទៅសិក្សាយកជំនាញ នៃការប្រើប្រាស់បច្ចេកវិទ្យានេះនៅប្រទេសចិន ដើម្បីមកអនុវត្តនៅទីនេះ។

ជាការឆ្លើយតបបណ្ឌិតសភាវិទ្យាសាស្ត្រចិនសម្តែងការរីករាយ ដោយទទួលរាល់សំណូមពររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ ឯកឧត្តម ហង់ ពៅ បន្ថែមដូច្នេះ “ភាគីចិនគេពេញចិត្តនឹងទទួលនូវអ្វីដែលជាសំណូមពររបស់ឯកឧត្តមបណ្ឌិសភាចារ្យ ព្រោះវាជាផ្លូវមួយថ្មីរបស់បណ្ឌិតសភាវិទ្យាសាស្ត្រចិន។ យើងដឹងថា អាជ្ញាធរជាតិអប្សរានិងបណ្ឌិតសភាវិទ្យាសាស្ត្រចិនប្រើប្រាស់លទ្ធផលវិទ្យាសាស្ត្រនេះ ដើម្បីតាមដានការបម្រែបម្រួលផេ្សងៗនៅក្នុងតំបន់បេតិកភណ្ឌ ដូច្នេះមានន័យថា ទាំងយើងនិងភាគីចិនបានការអនុវត្តមួយដ៏ធំក្នុងតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ”។

អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈកាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៣ជាមួយមជ្ឈមណ្ឌលអន្តរជាតិបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក្រោមការសម្របសម្រួលដោយអង្គការយូណេស្កូ ស្តីពីគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប។ តាំងពីឆ្នាំ២០១៣មក អាជ្ញាធរជាតិអប្សរាតាមរយៈ មជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage) និងវិទ្យាស្ថាន RADI (Institute of Remote Sensing and Digital Earth) បានក្លាយជាដៃគូទីមួយនៃបណ្ឌិតសភាវិទ្យាសាស្ត្រនេះ។ ក្នុងពេលឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរានិងបណ្ឌិតសភាវិទ្យាសាស្ត្រចិននឹងចុះអនុស្សរណៈជាថ្មី ដោយត្រូវពង្រីកកិច្ចសហប្រតិបត្តិការមួយកម្រឹតទៀត នោះគឺ អាជ្ញាធរជាតិអប្សរាអាចនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់សម្រាប់ការងារស្រាវជ្រាវដោយប្រព័ន្ធបច្ចេកវិទ្យាអវកាសទៀតផង។

សូមបញ្ជាក់ថា បណ្ឌិតសភាវិទ្យាសាស្ត្រចិន (Chinese Academy of Science) ជាស្ថាប័នស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដ៏ធំនៃប្រទេសចិន ដែលមានសាកលវិទ្យាល័យចំនួន៣ជាចំណុះ និងមាន ក្រុមអ្នកស្រាវជ្រាវ បម្រើការក្នុងស្ថាប័ននេះ ដល់ទៅជាង៧ម៉ឺននាក់ ដែលក្នុងនោះចំនួន៥ម៉ឺនជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងមានសភាចារ្យចំនួន៧០០ ព្រមទាំងសាខាទូទាំងប្រទេសចិន៕












ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) បានប្រារព្ធពិធីដាំកូនឈើចំនួន៥០០០ដើម នៅតាម
ដោយសាររដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលវេលាយូរជាងប្រក្រតីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ស្រះស្រង់ ដែលមានបណ្តោយ៧៨០ម និងទទឹង៣៨០ម ធ្លាប់តែមានទឹកថ្លាឈ្វេង ជាទីមនោរម្យរបស់អ្នកទេសចរ
ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានបើកធ្វើកម្មវិធីផ្សព្វផ្សាយបរិស្ថានស្ដីពីការអភិរក្សទឹក
ទូកបុរាណដែលម្ចាស់ការដ្ឋានបូមខ្សាច់ ប្រទះឃើញកប់នៅក្នុងដីជម្រៅជាង៧ម៉ែត្រ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុងអង្គរធំ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាទទួលយកមករក្សាទុកក្នុងកសិណអង្គរវត្តហើយ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
ដើមដំបូងមុន12345678បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
27671
ម្សិលមិញ
:
23810
សប្តាហ៍នេះ
:
297227
ខែនេះ
:
0297227
សរុប
:
015367030