ព័ត៌មានថ្មីៗ

លទ្ធផលកំណាយបុរាណវិទ្យារបស់ អាជ្ញាធរជាតិអប្សរានិងសាលាបារាំងចុងបូព៌ានៅប្រាសាទអកយំ

បានផ្សាយនៅ ថ្ងៃទី 22 ខែ មិនា ឆ្នាំ2016 07:53 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។

ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) បានធ្វើកំណាយជាថ្មីម្តងទៀតនៅប្រាសាទអកយំកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមគម្រោងកំណាយស្រាវជ្រាវរបស់ MAFKATA (ក្រុមការងារបេសកម្មបុរាណវិទ្យាខ្មែរបារាំងសម្រាប់ការស្រាវជ្រាវពីការរៀបចំក្រុងនៅតំបន់អង្គរ) ដើម្បីសិក្សាបន្ថែមលើការចាក់បង្គរស្រទាប់ដី ហើយគម្រោងនេះបានបញ្ចប់ទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៦។

លោកបណ្ឌិត Christophe Pottire អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបារាំងចុងបូព៌ា (EFEO) បានប្រាប់ថា ក្នុងឆ្នាំ១៩៣២-១៩៣៥ លោក G.Trouvé គេបានធ្វើកំណាយម្តងរួចទៅហើយនៅប្រាសាទអកយំនេះ ហើយតាមរយៈការធ្វើកំណាយរបស់គាត់គឺបានសិក្សាលើហេដ្ឋារចនាសម្ពន្ធនិងសិល្បៈសំណង់។ ចំណែកការធ្វើកំណាយស្រាវជ្រាវរបស់គម្រោង MAFKATA នៃវិទ្យាស្ថានបារាំងចុងបូព៌ា (EFEO) ក្នុងឆ្នាំ២០០១, ២០១២ និង២០១៦នេះ ក៏រកឃើញដូចលើកមុនដែរ គ្រាន់តែបំពេញបន្ថែមទៅលើរបាយណ៍កំណាយស្រាវជ្រាវរបស់អ្នកមុនតែប៉ុណ្ណោះ ដោយសិក្សាលម្អិតលើស្រទាប់ដីតាមវិធីសាស្ត្រសម័យទំនើប ហើយក្នុងនោះក៏បានរកឃើញបំណែកភាជន៍និងបំណែកក្បឿងបន្តិចបន្តួចផងដែរសម្រាប់វិភាគ។

លោក Pottire បន្តទៀតថា តាមរយៈការធ្វើពិសោធន៍ធ្យូង Carbone14 (C14) បានបង្ហាញអំពីកាលបរិច្ឆេទនៅចន្លោះសតវត្សទី៦នៃគស ដែលជាកាលបរិច្ឆេទមុនកាលបរិច្ឆេទដែលបានបង្ហាញនៅលើសិលាចារឹកទាំង៣ផ្ទាំងនៅប្រាសាទអកយំទៅទៀត។ ចំពោះសភាពនៃប្រាសាទនេះតាំងពីឆ្នាំ១៩៣២មកដល់បច្ចុប្បន្ន កន្លែងខ្លះនៃប្រាសាទត្រូវពុកផុយដោយសារអាកាសធាតុ ធម្មជាតិ និងខ្លះទៀតកប់ក្នុងដី ព្រោះការហូរច្រោះដីនៃខ្នងបារាយណ៍ ព្រមទាំងការសាងសង់ទំនប់បារាយណ៍។ ដួច្នេះ ដើម្បីរក្សាប្រាសាទនេះបន្ត បន្ទាប់ពីគម្រោងកំណាយនេះចប់ហើយ ក្រុមការងារនឹងលុបកន្លែងកំណាយនេះវិញ ដើម្បីការពារប្រាសាទពីការពុកផុយដោយសារអាកាសធាតុនិងធម្មជាតិតទៅទៀត៕








អ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងជួសជុល ពង្រឹងឡើងវិញ។ ការងារនេះចំណាយពេលជាង១ឆ្នាំមកហើយ ដោយចាប់ផ្តើមពីឆ្នាំ២០១៤មក។
កំពែងអង្គរធំភាគឦសានប្រវែង៨ម៉ែត្រកម្ពស់៧ម៉ែត្រកន្លះ ត្រូវបានក្រុមអ្នកជំនាញខ្មែរ ធ្វើការជួសជុលឡើងវិញរួចរាល់ហើយ ក្រោយពីផ្ទាំងកំពែងនេះ និង៣ផ្ទាំងដទៃទៀតបានរងការ បាក់រលំក្នុងអំឡុងខ្យល់ព្យុះកេតសូណា កាលពីឆ្នាំ២០១១កន្លងទៅ។
ចម្លាក់តោធ្វើពីថ្មភក់ចំនួនប្រាំដែលដាក់តាំងនៅមុខប្រាសាទក្រវាន់ នឹងត្រូវនាយកដ្ឋានជំនាញសិក្សាពីទម្រង់រចនាបទដើម្បីធ្វើការជួសជុល និងឆ្លាក់បន្ថែមជើង ក្នុងន័យលើកតម្លៃសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា នឹងបំពាក់ពិតានឈើនៅលើរោងទង កូរសមុទ្រទឹកដោះ នៅក្នុងប្រាសាទអង្គរវត្ត ដែលបានមានភាពពុកផុយ ក្នុងរយៈពេល៦ខែខាងមុខ បន្ទាប់ពីទទួលបានការគាំទ្រពី គណៈកម្មាធិការអាយស៊ីស៊ីអង្គរ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៥ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥នេះ។
អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលបង្កាន់ដៃនាគ និងជើងទម្រនៅរានហាលពីខ្លោងទ្វារតារាជ្យទៅក្តារបែន ប្រាសាទអង្គរវត្ត ដែលមានប្រវែងម្ខាងៗ៣១៥ម៉ែត្រ។ គម្រោងនេះ កំពុងតែដាក់ឆ្លងគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៥របស់ខ្លួន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2438
ម្សិលមិញ
:
13678
សប្តាហ៍នេះ
:
43516
ខែនេះ
:
0126471
សរុប
:
009086042