ព័ត៌មានថ្មីៗ

បុណ្យឆាកមហាបង្សុកូល

បានផ្សាយនៅ ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 09:49 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។

លោកតា ជា ចាត ដែលចាស់ព្រឹទ្ធាចារ្យក្នុងភូមិបាននិយាយថា ការធ្វើបុណ្យនេះ ទាល់តែអ្នកមានជីវភាពធូរធាបានអាចធ្វើបាន ព្រោះត្រូវចំណាយច្រើនទៅលើគ្រឿងប្រដាប់តាក់តែងក្នុងកម្មវិធីបុណ្យ។ លោកតាបន្តថា បុណ្យឆាកមហាបង្សុកូល គឺបុណ្យធំ ឬជាមេបុណ្យ ហើយក្នុងនោះមានកូនបុណ្យ ឬមានកូនកម្មវិធីតូចៗ នៅក្នុងនោះផងដែរ។

ទិដ្ឋភាពទូទៅនៃពិធីបុណ្យ

  

ពិធីបុណ្យនេះរៀបចំជាផ្លូវការរយៈពេល២ថ្ងៃ១យប់ តែជាក់ស្តែង ការត្រៀមពិធីគឺមានរយៈពេល៤ ឬ៥ថ្ងៃមុនពិធីមកដល់ ដោយត្រូវរៀបចំរោងបុណ្យ និងតាក់តែងរោងឆាកមហាបង្សុកូលផង ដែលមានក្បាច់រចនាផ្សេងៗ។ កម្មវិធីពេលយប់ដែលសំខាន់ៗមាន ពិធីពុទ្ធាភិសេក និងពិធីឆាកមហាបង្សុកូល ដែលបញ្ចប់នៅវេលាម៉ោងជិត១២យប់ និងចាប់ផ្តើមពិធីអភិសេកជាថ្មី ចាប់ពីម៉ោង៤ទៀបភ្លឺនៃថ្ងៃទី២។ គោលបំណងរួមនៃពិធីនេះ គឺរំដោះកម្មពៀរវេរាដែលគេធ្លាប់ភ្លាំងភ្លាត់ធ្វើតាំងពីក្មេងមក តាមរយៈការធ្វើបុណ្យកុសលជំនួសវិញ។ ថ្វីត្បិតពិធីបុណ្យនេះមានឈ្មោះថា ឆាកមហាបង្សុកូល តែតាមការសង្កេតជាក់ស្តែង មានពិធីតូចៗជាច្រើននៅបង្កប់ជាមួយគឺ ៖

ពិធីប្រុងពលី

  

ពិធីប្រុងពលី ត្រូវបានគេធ្វើឡើងនៅពេលរសៀល នៃថ្ងៃចាប់ផ្តើមពិធីបុណ្យ។ នៅកន្លែងផ្សេងៗច្រើនហៅថា ក្រុងពាលី តែអ្នកស្រុកអង្គរហៅពិធីនេះថា ប្រុងពលី មានន័យថា រៀបចំសែនព្រែន មកពីពាក្យថា ប្រុង គឺរៀបចំ ឯ ពលី គឺ ការបូជា ថ្វាយ ឬសែនព្រែន។ គេរៀបចំពិធីប្រុងពលី ដោយរៀបចំគ្រឿងសំណែនផ្សេងៗមានបាយ ទឹក នំ ចំណីជាដើម ដើម្បីសែនថ្វាយទៅ ជាម្ចាស់ទឹកម្ចាស់ដី ដែលហៅថា ស្តេចក្រុងពាលី។ ពិធីនេះ គេធ្វើឡើងក្នុងន័យសុំអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី មុននឹងប្រារព្ធពិធីបុណ្យឆ្លង។ គេសង្កេតឃើញថា អ្នកស្រុកអង្គរ ទោះជាប្រារព្ធកម្មវិធីបុណ្យអ្វីក៏ដោយ ក៏កម្រនឹងលះបង់ពិធីប្រុងពលីនេះណាស់ ដោយសារគេយល់ថា បើមិនសុំអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដីទេ កម្មវិធីទាំងមូលនឹងប្រព្រឹត្តទៅមិនល្អឡើយ។

ពិធីលើកទង់

  

ចប់ពិធីប្រុងពលី គេប្រារព្ធពិធីមួយទៀត គឺពិធីលើកទង់។ ទង់ដែលគេលើក គឺទង់ក្រពើ។ នៅពេលសាកសួរអ្នកស្រុកគាត់តែងនិយាយពាក្យសាមញ្ញថា គេលើកទង់ដើម្បីធ្វើបុណ្យ។ តាមការសួរ មានមនុស្សតិចទេដែលដឹងពីថា គេលើកធ្វើអ្វីឲ្យប្រាកដ។ បើនឹងនិយាយថា លើកគ្រាន់តែជានិមិត្តសញ្ញាថា ធ្វើបុណ្យ ហាក់ដូចមិនសម ព្រោះមានការប្រកូកប្រកាសហៅគ្នាមកលើកកន្ទុយទង់យ៉ាងច្រើន ហើយថែមទាំងមានដាក់ប្រាក់កាសក្នុងហោប៉ៅទង់ទៀតផង។ នៅពេលលើក មានអ្នកស្រែកឆាកហ៊ោ និងអ្នកស្រែកបន្ទរយ៉ាងគគ្រឹកគគ្រែង ដែលបញ្ជាក់ថា ជាពិធីពិសេសលើសពីនិមិត្តសញ្ញាថាធ្វើបុណ្យ។ តែបើស្តាប់ពាក្យដែលលោកអាចារ្យបង្គាប់ឲ្យថាតាម ជាភាសាបាលី មុននឹងព្រលែងកន្ទុយទង់នោះ យើងនឹងយល់ថា ការលើកទង់គឺដើម្បីបូជាដល់ព្រះចេតិយនៅនាឋានតាវត្តិង្ស។ ក្នុងន័យព្រះពុទ្ធសាសនា ពុទ្ធសាសនិកជឿជាក់ថា ព្រះចូឡាមណីចេតិយ ដែលតម្កល់ព្រះកេសធាតុរបស់ព្រះពុទ្ធជាម្ចាស់ នាឋានតាវត្តិង្សនោះ មានទង់ប្រភេទនេះ ដែលពួកទេវតានាំគ្នាលើកឡើងចងថ្វាយព្រះចេតិយ ក្នុងន័យគោរពបូជា។ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា កាលណាមានកម្មវិធីបុណ្យអ្វីមួយ ក៏យកទង់មកលើកជាតំណាង បូជាដល់ព្រះចូឡាមណីចេតិយនោះដែរ។ តាមសកម្មភាពនេះ ពុទ្ធបរិស័ទយល់ថា នឹងបានទទួលបុណ្យកុសលច្រើន។ ចំណែកការដាក់ប្រាក់ក្នុងហោប៉ៅទង់វិញ ក៏ក្នុងន័យចាប់មគ្គផលជាមួយម្ចាស់ទង់ និងម្ចាស់បុណ្យផងដែរ។ ក្នុងព្រះពុទ្ធសាសនា ការត្រេកអរ ឬការចូលរួមនឹងអំពើល្អរបស់អ្នកដទៃ ក៏ឈ្មោះថា បានធ្វើបុណ្យ ហើយទទួលផលបុណ្យដូចម្ចាស់បុណ្យដែរ។ បន្តិចម្តងៗ ពិធីនេះក៏បានក្លាយទៅជាទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ជាពិសេសប្រជាជនខ្មែរនៅតំបន់អង្គរសៀមរាប ដែលតែងតែនាំគ្នាធ្វើរាល់កម្មវិធីបុណ្យផ្សេងៗមិនដែលខកខាន។

ពិធីស្រង់ទឹកព្រះរស់(ព្រះកន្លោង)

  

បន្ទាប់ពីចប់ពិធីលើកទង់ មានពិធីមួយបែបទៀត គឺពិធីស្រង់ទឹកព្រះរស់។ ពិធីនេះសំខាន់ណាស់សម្រាប់កូនប្រុសស្រី ព្រោះបើតាមន័យទូទៅពាក្យថា ស្រង់ គឺសំដៅការផ្ងូតទឹទឹកលាងជម្រះមន្ទិលដែលជារបស់មិនស្អាតចេញពីកាយ ឯពាក្យថា ព្រះរស់ គឺសំដៅដល់បុព្វទេវាជាទេវតាដើម, ជាព្រះព្រហ្ម, ជាអាហុនេយ្យបុគ្គល, ជាព្រះអរហន្ត ពាក្យទាំងអស់នេះ ក្នុងន័យរួម គឺឪពុកម្តាយរបស់កូនប្រុសស្រី។ ការធ្វើពិធីងូតទឹកជូនពួកគាត់ពេលនេះ គឺដើម្បីឱ្យកូនប្រុសស្រីបានឱកាសសូមខមាទោស រាល់ទោសានុទោសដែលធ្លាប់បានធ្វើដោយកាយក្តី ដោយវាចា ដោយចិត្តគិតមិនល្អក្តីចំពោះអ្នកមានគុណ សូមឱ្យអ្នកមានគុណអត់ទោសនោះដល់ពួកគាត់ជាកូនចៅ ឱ្យដូចជាទឹកដែលលាងជម្រះនូវមន្ទិលចេញពីកាយដែរ។ បន្ទាប់ពីការងូតទឹកជូនគាត់រួចរាល់កូនប្រុសស្រីបានហៅបងប្អូនមកជួបជុំគ្នា ដើម្បីលើកគ្រឿងប្រដាប់បញ្ចុះបំពង់(បន្លុង) ជូនអ្នកមានគុណ និងទទួលពរជ័យពីឪពុកម្តាយ។

ពិធីពូនភ្នំខ្សាច់

  

ក្រោយពីស្រង់ព្រះរស់រួចរាល់ហើយ មានពិធីមួយទៀត គឺពិធីពូនភ្នំខ្សាច់។ ពិធីនេះ គេយកដីខ្សាច់មកចាក់គរហើយពូនឱ្យមានរូបជាចេតិយឡើង ហៅតាមភាសាបាលីថា “វាលុកចេតិយ” បើតាមភាសាខ្មែរហៅថា “ពូនភ្នំខ្សាច់” ព្រោះគំនរខ្សាច់ដែលពូនឡើងនោះមានស្ថានភាពប្រហែលភ្នំ។ មិនត្រឹមតែពូនភ្នំខ្សាច់ប៉ុណ្ណោះទេ គេមានដោតទង់ក្រពើ ដែលគេធ្វើពីស្លឹកត្នោត ឬក្រដាស និងមានក្បូរក្បាច់រចនាជាច្រើនទៀត តាមសេចក្តីជ្រះថ្លារបស់ម្ចាស់បុណ្យ។ ពិធីនេះ គេធ្វើក្នុងគោលបំណងច្រើនយ៉ាង និងតាមជំនឿផ្សេងៗគ្នារបស់អ្នកភូមិនៅក្នុងតំបន់អង្គរ។ លោកតា ជា ចាត ដែលជាចាស់ទុំក្នុងភូមិលើកឡើងថា ការធ្វើពិធីពូនភ្នំខ្សាច់នេះ គឺធ្វើឡើង ដើម្បីឧទ្ទិសថ្វាយជាសក្ការបូជាតំណាងព្រះចូឡាមណីចេតិយ ដែលស្ថិតនៅឋានត្រៃត្រឹង្សសួគ៌ដែលពួកទេវតាសាងឡើង សម្រាប់បញ្ចុះព្រះកេសធាតុ(សក់) និងព្រះទាឋធាតុ(ព្រះចង្កូមកែវ) នៃព្រះសម្មាសម្ពុទ្ធ។ ន័យម្យ៉ាងទៀត គាត់បានលើកឡើងថា ការធ្វើពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរវេរាដែលខ្លួនធា្លប់សាងពីមុនមក។ មានន័យថា ប្រសិនបើមានអ្នកមានកម្មពៀរដោយហេតុធ្លាប់បានសម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុន ឬពីជាតិមុននោះ បើមានអ្នកចង់មកចងកម្មចងពៀរ ឬយកជីវិតវិញតោងត្រូវតែរាប់ចំនួនគ្រាប់ខ្សាច់ដែលអ្នកបានពូននោះឱ្យអស់សិន ទើបអាចមកយកជីវិតអ្នកឬមកយកកម្មពៀរពីអ្នកបាន។ បើមិនអាចរាប់អស់ចំនួនគ្រាប់ខ្សាច់នេះ អស់ទេនោះ មានន័យថា ស្មើនិងអ្នកបានរំដោះកម្មរំដោះពៀរពីសត្វនោះហើយ។

ពិធីបួងសួង

​​​​​​​​​​​​​​​  

ក្រោយពីពិធីអធិដ្ឋានភ្នំខ្សាច់រួចរាល់ គេនៅមានពិធីមួយទៀត គឺបួងសួង។ បួងសួង ជាការប្រកូកប្រកាសហៅអស់ទេពនិករទាំងឡាយ មកជាកសិណសាក្សីនៃពិធីបុណ្យ។ ពិធីបួងសួងគេធ្វើនៅពីមុខរានពុទ្ធគុណ ដែលគេរៀបចំនៅទិសឥសាននៃរោងបុណ្យ។ ស្តាប់ពាក្យបួងសួងមួយម៉ាត់ទៅ គេមិនដឹងថា នេះជាពិធីដែលបែកចេញពីជំនឿសាសនាមួយពិតប្រាកដទេ តែបើតាមដានស្តាប់ពាក្យសូត្រ និងពិនិត្យឲ្យស៊ីជម្រៅទៅលើពិធីយើងសង្កេតឃើញថា ជាពិធីលាយចម្រុះគ្នារវាងជំនឿព្រលឹង ដែលជាជំនឿដើមរបស់ខ្មែរ បូកនឹងព្រហ្មញ្ញសាសនា រួមនឹងព្រះពុទ្ធសាសនាផង។ មុនដំបូងអាចារ្យដឹកនាំអ្នកចូលរួមទាំងអស់សូត្រនមស្ការព្រះរតនត្រ័យ តាមលំនាំព្រះពុទ្ធសាសនា។ ក្រោយមកទើបចាប់ផ្តើមសូត្រប្រកាសហៅពពួកទេពនិករទាំងឡាយ។ ស្តាប់ពាក្យសូត្រនេះ គឺមានរៀបរាប់តាំងពីនាមរបស់ព្រះពុទ្ធជាច្រើនអង្គមានព្រះកក្កុសន្ធោ ព្រះកោនាគមនោ ព្រះកស្សបោ ជាដើម និងឈ្មោះរបស់អាទិទេពក្នុងព្រហ្មញ្ញសាសនា គឺព្រះព្រហ្ម ព្រះវិស្ណុ និងព្រះឥសូរ មិនតែប៉ុណ្ណោះពាក្យប្រកាសហៅនេះក៏ហៅទាំងទេពព្រក្សអារក្ខអ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលជាបុព្វបុរសខ្មែរមកចូលរួមជាកសិណសាក្សីនិងជូនពរឲ្យកម្មវិធីបុណ្យប្រព្រឹត្តទៅដោយរលូន។

ពិធីចម្រើនព្រះបរិត្ត

  

សូត្រមន្ត ឬចម្រើនព្រះបរិត្ត ជាពិធីតាមបែបព្រះពុទ្ធសាសនា។ មុននឹងចាប់ផ្តើមពិធីនេះ អាចារ្យដឹកនាំពុទ្ធបរិស័ទនមស្ការព្រះរតនត្រ័យ សមាទានសីល រួចហើយទើបនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ សូត្រមន្ត គឺសូត្រនូវពុទ្ធមន្ត មានន័យថា ព្រះសង្ឃសូត្រស្វាធ្យាយនូវមន្តគាថា ឬធម៌ របស់ព្រះពុទ្ធ ដើម្បីបញ្ជៀសនូវឧបទ្រពចង្រៃនានាផង ដើម្បីនាំមកនូវសិរីសួស្តីមង្គលសព្វប្រការផង។ ធម៌ដែលព្រះសង្ឃស្វាធ្យាយនេះ ហៅម្យ៉ាងទៀតថា ព្រះបរិត្ត មានន័យថា ជាគ្រឿងរារាំងឃាត់ឃាំងនូវទុក្ខសោករោគភ័យផ្សេងៗ។ចម្រើនព្រះបរិត្តគឺសូត្រស្វាធ្យាយនូវព្រះបរិត្តហ្នឹងឯង។

ពិធីពុទ្ធាភិសេក

  

ក្រោយពីការចម្រើនព្រះបរិត្តរួចរាល់ មានពិធីមួយទៀត ហៅថា ពិធីពុទ្ធាភិសេក។ ពិធីនេះ ឃើញមានរៀបចំគ្រឿងប្រដាប់ តាំងពីព្រះពោធិសត្វចេញបួស ក្នុងនោះឃើញមានជើងពានមាសសម្រាប់តម្កល់កន្ត្រៃ ស្និត ម្ជុល ម្ស៉ៅ ក្រែមជាដើម តំណាងឱ្យអដ្ឋបរិក្ខារដែលពួកព្រហ្មបានយកមកថ្វាយចំពោះព្រះអង្គសម្រាប់បួស។ នៅលើពុទ្ធាសនៈ មានពាងទឹកដែលមានផ្កាឈូកបណ្តែតពាសពេញនោះ តំណាងឱ្យអនោតត្តស្រះ ដែលគេជឿថា ស្រះនេះបានជម្រះមន្ទិលចេញីពីព្រះវរកាយរបស់ពោធិសត្វមុននឹងបានត្រាស់ដឹងជាព្រះពុទ្ធ។ ចំណែកអាសនៈតម្កល់ព្រះពុទ្ធរូបសម្រាប់ធ្វើពុទ្ធាភិសេកមានលម្អដោយក្បូរក្បាច់រចនាដែលធ្វើឡើងពីដើមចេក ដែលមានរាងបួនជ្រុង ព័ន្ធព័ទ្ធដោយអំបោះសជុំវិញ មានរូបសត្វជាច្រើនដូចជា កន្លង់ ត្រី រមាំង ឈ្លូស សេះ ដំរី និងមានដោតមែកឈើ បន្ទះឬស្សី ដែលតំណាងឱ្យព្រៃព្រឹក្សាលតាវល្លិ៍ ស្ទឹង បឹងបួ បក្សាបក្សីសត្វដែលរស់នៅក្នុងព្រៃក្នុងទឹក ហើយមានខ្សែអំបោះសដែលចង់ភ្ជាប់រូបចម្លាក់ព្រះពីមួយទៅមួយ សម្រាប់ព្រះសង្ឃសូត្រអភិសេកចាប់កាន់ខ្សែនោះ ហៅថា ខ្សែអំបោះគោចរ។ ពិធីពុទ្ធាភិសេកនេះមានកិច្ចច្រើនណាស់ដូចជា ការស្វាធ្យាយធម៌ បង្វិលពពិល និងសូត្រធម៌យោករហូតដល់យប់ជ្រៅ ប្រហែលម៉ោងជិត១០ ទើបផ្អាកមួយវគ្គ។ និងមានកម្មវិធីបន្តនៅព្រឹទៀត ដូចជា ពិធីបង្វិលពពិលលើកទី២ ពិធីដង្ហែបាយមធុបាយាសថ្វាយព្រះពុទ្ធ ពិធីសូត្រថ្វាយផ្កា និងគ្រឿងសក្ការៈផ្សេងៗ។

ពិធីឆាកមហាបង្សុកូល

  

បន្ទាប់ពីពិធីពុទ្ធាភិសេករួចរាល់ មានពិធីមួយដែលជាពិធីសំខាន់បំផុត គឺឆាកមហាបង្សុកូល។ នេះជាពិធីដ៏ធំ និងសំខាន់បំផុតសម្រាប់ពិធីបុណ្យនេះ។ គេចាប់ផ្តើមពិធីឆាកមហាបង្សុកូលនៅយប់ស្ងាត់ប្រហែលម៉ោងជាង១០យប់។ ដែលហៅថា បុណ្យឆាកមហាបង្សុកូល ទាក់ទងនឹងគ្រឿងប្រដាប់បញ្ចុះបំពង់ច្រើន (បន្លុង) ក្នុងនោះ មានគ្រែពីរ ហើយនៅលើគ្រែមានសម្ភារៈយ៉ាងច្រើនដូចជាចានឆ្នាំង ជើងក្រាន កន្ទេល ខ្នើយ ភួយ ស្និត កញ្ចក់ឆ្លុះ ឆ័ត្រ កំសៀវ បំពងទឹកក្តៅ សំលៀកបំពាក់ ស្បែកជើង ក្រែម ម្ស៉ៅ និងរបស់របរប្រើប្រាស់ជាប្រចាំថ្ងៃមួយចំនួនទៀតដែលដាក់នៅខាងក្រៅរោងឆាក។ រោងឆាកនេះ មានទំហំប្រហែលជាពីរម៉ែត្របួនជ្រុង ដំបូលរោងមានការរៀបចំលម្អរដោយក្បូរក្បាច់រចនាយ៉ាងពិសេសអមជុំវិញ នៅតាមហោជាងនីមួយៗ មានតម្កល់ព្រះពុទ្ធរូប ចំណែកជហ្វាវិញ ដែលនៅខាងចុងមេដំបូលមានស្ថានវែងស្រួច។ នៅចំកំពូលកណ្តាលផ្ទះមានត្រីសូល៍រាងខ្ពស់ត្រដែតដែលបង្ហាញវប្បធម៌ដ៏ថ្កុំថ្កើងជាស្នាដៃរបស់បុព្វបុរសខ្មែរ។ ជុំវិញរោងព័ន្ធព័ទ្ធដោយខ្សែ ហើយមានចង្កៀងគោមដាក់តាមរបងមួយៗ ចំណែកផ្លូវដែលចូលទៅកាន់ផ្ទះក៏មានបំភ្លឺដោយភ្លើងចង្កៀងគោមផងដែរ។

នៅពេលចាប់ផ្តើមពិធីឆាក ម្ចាស់បុណ្យត្រូវចូលទៅដេកសំងំនៅក្នុងរោងឆាក ដោយអាចារ្យបង្រៀនឲ្យទន្ទេញធម៌រួចហើយគ្របសំពត់ស ប្រដូចទៅនឹងមនុស្សស្លាប់។ នៅតាមជ្រុងរោងឆាកទាំង៨ទិស មានអាចារ្យម្នាក់ៗគ្រប់ទិស តំណាងឲ្យទេវតា។ អាចារ្យទាំងអស់អុជទៀនធូប និងសូត្រធម៌រៀងៗខ្លួនតាមការចេះចាំ។ ព្រះសង្ឃមួយអង្គដែលគេនិមន្តសម្រាប់ឆាក ក៏និមន្តចេញពីរោងបុណ្យមកដោយព្រះហស្ថខាងស្តាំកាន់ឈើច្រត់ ព្រះហស្ថខាងឆ្វេងកាន់កំសៀវទឹក។ ឈើច្រត់ប្រើសម្រាប់ឆ្កើសសំរាម ឬគៀសសត្វតូចធំដែលនៅតាមផ្លូវចង្រ្កម ហើយកំសៀវទឹកប្រើសម្រាប់ច្រូចទឹកផ្សាយមេត្តាដល់ពពួកសត្វ។ ព្រះសង្ឃនិមន្តចង្រ្កមយឺតៗតាមផ្លូវដែលមានភ្លើងទៀន និងធូបជាសញ្ញាទៅរោងឆាក ដែលមានចម្ងាយប្រហែល៥០ម៉ែត្រពីរោងបុណ្យ។ មនុស្សម្នាដែលចូលរួមកម្មវិធីអង្គុយសំពះព្រះសង្ឃតាមផ្លូវយ៉ាងស្ងប់ស្ងាត់ មិនមានមាត់ក។ លុះនិមន្តមកដល់រោងឆាក ព្រះសង្ឃក៏និមន្តចង្ក្រមជុំវិញរោងឆាក៣ជុំតាមផ្លូវដែលអាចារ្យរៀបជាស្រេច រួចហើយទើបព្រះអង្គទៅគង់ចម្រើនសមាធិភាវនានៅទិសខាងកើត ជាប់នឹងម្ចាស់បុណ្យដែលកំពុងដេកគ្របសំពត់ស។ អាចារ្យធំក៏ចូលទៅសមាធិក្បែរព្រះសង្ឃដែរប្រហែលជាងកន្លះម៉ោង ទើបព្រះសង្ឃចូលទៅឆាកទាញយកសំពត់សពីម្ចាស់បុណ្យ សូត្រធម៌បង្សុកូល ទុកដូចជារើសបានសំពត់ពីសាកសពមនុស្សស្លាប់ដូច្នោះ។ ឯគ្រឿងបន្លុងជាច្រើនទៀតដែលរៀបចំនៅក្រៅរោងឆាក ក៏គេ រៀបចំប្រគេនព្រះសង្ឃដែរ។ ម្ចាស់បុណ្យប្រៀបដូចជាមានជីវិតរស់ឡើងវិញ ក្រោយពីព្រះសង្ឃសូត្រទាញសំពត់សហើយ។ គេជឿថា គ្រោះឧបទ្រពចង្រៃនានាក៏បានស្បើយ និងបានបុណ្យកុសលសម្រាប់ជីវិតរបស់គេយ៉ាងច្រើន។

ពិធីពុទ្ធាពិសេកលើកទី២ (ពេលជិតភ្លឺ)

  

កម្មវិធីសំខាន់ៗសម្រាប់ថ្ងៃទី១ត្រូវបានបញ្ចប់ត្រឹមឆាកមហាបង្សុកូលនេះ។ សម្រាប់កម្មវិធីព្រឹកឡើង គឺតាំងពីម៉ោង៤ទៀបភ្លឺ គេនាំគ្នាចាប់ផ្តើមពិធីពុទ្ធាភិសេកជាបន្ត។ ក្មេងស្រីជំទង់៤នាក់ ជាតំណាងស្រ្តីក្នុងសម័យពុទ្ធកាលគឺនាងសុជាតា នាងបុណ្ណា នាងពៃសាខា (វិសាខា) និងនាងឧម្មាទន្តី ជាអ្នកកាន់គ្រឿងសក្ការៈទៅថ្វាយព្រះពុទ្ធ និងមានក្មេងប្រុសជំទង់៤នាក់ កាន់ឆ័ត្រម្នាក់មួយបាំងឲ្យក្មេងស្រីទាំងនោះ។ អាចារ្យអ្នកដឹកនាំម្នាក់សន្មតថាជាព្រះព្រហ្មនាំផ្លូវក្មេងប្រុសស្រីចូលទៅជួបព្រះពុទ្ធដែលទើបតែត្រាស់ដឹង។ អាចារ្យមួយរូបសន្មតថាជាអ្នកយាមទ្វារ សួរឆ្លើយឆ្លងជាមួយតាព្រហ្មទៅវិញរហូតបានទៅជួបព្រះពុទ្ធបានថ្វាយគ្រឿងសក្ការៈរៀងៗខ្លួន។ បន្តពីនេះអាចារ្យដឹកនាំសូត្របទថ្វាយសក្ការៈ និងបទបទុមថ្វាយផ្កា ជាកិច្ចបញ្ចប់ពិធីពុទ្ធាភិសេក។

ពិធីរាប់បាត្រវេរចង្ហាន់ដារឆ្លង

  

កម្មវិធីបន្ទាប់ពីនេះ គេនាំគ្នាប្រគេនយាគូព្រះសង្ឃ ស្តាប់ព្រះធម៌ទេសនាអំពីបុណ្យឆ្លង ដាក់បាត្រព្រះសង្ឃ និងវេរចង្ហាន់ថ្វាយព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជនទាំងឡាយ ដែលបានស្លាប់បាត់បង់ជីវិតទៅ។ ចុងបញ្ចប់នៃកម្មវិធី គឺនិមន្តព្រះសង្ឃសូត្រធម៌ ពហូ ទេវា ហើយច្រូចទឹក ដើម្បីឆ្លងពិធីបុណ្យរបស់គេ។

ប្រធាននាយកដ្ឋានផ្សព្វផ្សាយ​នៃអាជ្ញាធរជាតិអប្សរា លោក​ ឡុង​ កុសល​ អះអាង​ថា​ ប្រពៃណីរបៀបនេះហើយ ដែលធ្វើឲ្យអ្នកស្រុកអង្គរនៅតែជាឃ្លាំងផ្ទុកនូវមត៌កវប្បធម៌ដូនតាខ្មែរ ដ៏គួរឲ្យកោតសរសើរ បើទោះជាបានឆ្លងកាត់ដំណាក់កាលវិវត្តន៍ជាច្រើនជំនាន់មនុស្សមកហើយក្តី។ ម្យ៉ាងទៀត​ អ្នកស្រុកអង្គរ​មិនត្រឹមតែ​រក្សានូវប្រពៃណីរបស់អង្គរប៉ុណ្ណោះទេ​ តែក៏ជាអ្នកអភិរក្សប្រាង្គប្រាសាទដែរ​ ក្នុង​ឋានៈ​ជាឆ្មាំប្រាសាទ​ និង​ជាម្ចាស់នៃអង្គរតែម្តង។​ នេះបញ្ជាក់ថា​ អ្នកស្រុកអង្គរ​ពិតជាតួអង្គដ៏សំខាន់ខ្វះមិនបានក្នុងកិច្ចការអភិរក្សបេតិកភណ្ឌពិភពលោកអង្គរ។​

លោកបញ្ជាក់ថា​ អាជ្ញាធរជាតិអប្សរា​តែងគាំទ្រជានិច្ចនូវរាល់សកម្មភាពប្រពៃណីរបស់អ្នកស្រុកអង្គរ​ ព្រោះថា​ សកម្មភាព​ទាំងនេះ​ហើយ​ ដែលជាសញ្ញាណនៃព្រលឹងជាតិអង្គរ ធ្វើ​ឱ្យ​អង្គរមានជីវិតរហូត​ ខុសពីតំបន់បេតិកភណ្ឌនៃប្រទេសមួយចំនួន ដែលរក្សាបានបេតិកភណ្ឌរូបី​ តែបានបាត់បង់ទំនៀមទម្លាប់ដែលជាព្រលឹង​វីញ្ញាណរបស់ខ្លួន​៕
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបញ្ជាក់ថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹងឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តការរវាងរដ្ឋាភិបាលឥណ្ឌាជាមួយបណ្តាប្រទេសតំបន់ទន្លេមេគង្គរួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ។ សារមន្ទីរមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បានចាប់ផ្តើមបើកឲ្យដំណើរការលក់សំបុត្រចូលទស្សនាដល់ភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១៦ តទៅ។
បុគ្គលិកនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីចំនួន១០រូប និងបុគ្គលិកនៃនាយកដ្ឋានវប្បធម៌២រូបនៃអាជ្ញាធរជាតិអប្សរា បានទទួលវគ្គបណ្តុះបណ្តាលបន្ថែមអំពីការងារអភិរក្សបង្ការក្រណាត់ រយៈពេលមួយសប្តាហ៍ ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។ គ្រូឧទ្ទេស គឺលោកបណ្ឌិត ACHAL PANDYA សាស្ត្រាចារ្យ និងជាប្រធាននាយកដ្ឋានអភិរក្ស នៃមជ្ឈមណ្ឌលសិល្បៈ INDIRA GANDHI
ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃពេញបូណ៌ ខែបុស្ស អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្ទើរគ្រប់ផ្ទះតែងនាំគ្នាដុតក្រឡាន វេចនំអន្សមផ្អាវ អន្សមក្បុង ដើម្បីយកទៅចូលរួមក្នុងពិធីប្លុងក្រឡាននាពេលយប់ នៅសាលាឆទានឬវត្តអារាម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1120
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
04268
ខែនេះ
:
0168197
សរុប
:
009350479