ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់រៀបចំសេវាចែកចាយប្រព័ន្ធទូរសព្ទក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 18 ខែ មិនា ឆ្នាំ2016 05:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំសេវាចែកចាយប្រព័ន្ធទូរសព្ទ (Monopole Tree) ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ពិធីនេះធ្វើឡើងរវាងអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាហត្ថលេខី និងក្រុមហ៊ុនCamtower Link Communication Co.Ltd ដែលមានលោក MUHAMMED YUSOFF MOHD ZAMRI ប្រធានគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុនជាហត្ថលេខី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញជាច្រើនរូបទៀត។

យោងតាមខ្លឹមសារកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងដំឡើងបង្គោលដើមឈើសិប្បនិមិត្តចំនួន៦ទីតាំង ដែលអាចឲ្យក្រុមហ៊ុនទូរសព្ទផ្សេងៗបំពាក់អង់តែនរបស់ខ្លួន ដើម្បីផ្តល់សេវាក្នុងរមណីយដ្ឋានអង្គរឲ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននឹងចាប់ដំណើរសកម្មភាពរបស់ខ្លួនបន្ទាប់ពីថ្ងៃចុះហត្ថលេខានេះទៅ ដែលត្រូវចំណាយរយៈពេលប្រមាណ៦ខែទើបរួចរាល់។

កន្លងមកមានក្រុមហ៊ុនទូរសព្ទមួយចំនួន បានដាក់ពាក្យស្នើសុំអាជ្ញាធរជាតិអប្សរា ដើម្បីតំឡើងអង់តែនទូរសព្ទរបស់ខ្លួនក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរាបានទទួលយកសំណើដោយបានអញ្ជើញក្រុមហ៊ុនទាំងនោះ មកធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសរបស់ខ្លួនជាបន្តបន្ទាប់។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ដើម្បីពិនិត្យរកក្រុមហ៊ុនដែលមានអាជ្ញាបណ្ណផ្តល់ទីតាំងចែកចាយសេវាត្រឹមត្រូវ។ ក្រោយពិនិត្យឃើញថា ក្រុមហ៊ុន Camtower Link Communication Co.Ltd នេះ មានលក្ខណៈបច្ចេកទេស និងសិទ្ធិគ្រប់គ្រាន់ ដើម្បីតំឡើងនិងចែកចាយដោយស្របច្បាប់ ទើបអាជ្ញាធរជាតិអប្សរាឆ្លងយោបល់បច្ចេកទេសជាមួយគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងបង្កើតក្រុមការងារចុះសិក្សាលម្អិតរហូតសម្រេចដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅពេលនេះ។

បច្ចុប្បន្នក្នុងរមណីយដ្ឋានអង្គរ មានសេវាទូរសព្ទតិចតួច ដែលធ្វើឲ្យមានភាពលំបាកដល់ការទំនាក់ទំនង។ មូលហេតុដោយសារ កន្លងមកមិនមានក្រុមហ៊ុនណាមានលក្ខណៈសម្បត្តិ និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីផ្តល់សេវាចែកចាយប្រព័ន្ធទូរសព្ទស្របតាមតម្លៃទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរនៅឡើយ។ ដោយឡែក ក្រុមហ៊ុន Camtower Link Communication Co.Ltd មានគំនិតច្នៃប្រឌិតបង្កើតដើមឈើសិប្បនិមិត្តនេះឡើង អាចផ្តល់ការចែកចាយដល់ក្រុមហ៊ុនទូរសព្ទផ្សេងៗបំពាក់សេវារបស់ខ្លួន ជំនួសឲ្យការសាងសង់អង់តែនគ្រប់ក្រុមហ៊ុនទូរសព្ទច្រើនស្អេកស្កះក្នុងរមណីយដ្ឋានអង្គរ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទេសភាពវប្បធម៌។

គំនិតច្នៃប្រឌិតនេះក៏ស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ហើយជាប្រភេទអង់តែនដែលបណ្តាប្រទេសមួយចំនួនបានធ្វើរួចមកហើយ គឺក្នុងន័យការពារទេសភាពវប្បធម៌ ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោក។ អាជ្ញាធរជាតិអប្សរាសម្រេចទទួលយកគម្រោងនេះដោយចុះកិច្ចសន្យាមិនផ្តាច់មុខ ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកទស្សនារមណីយដ្ឋានអង្គរ មានសេវាទូរសព្ទប្រើប្រាស់ដូចតំបន់ដទៃទៀតដែរ៕






នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី បុគ្គលិក ឆ្មាំ កម្មករទាំងអស់បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីសូមពរជ័យសិរីមង្គលវិបុលសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នៅអគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់រដ្ឋបាលសាលាខេត្តសៀមរាបឆ្នាំ២០១៥~២០១៦ រវាងក្រុមកីឡាករបាល់ទាត់អាជ្ញាធរជាតិអប្សរា និងក្រុមកីឡាករមន្ទីបរិស្ថានខេត្តសៀមរាប បានប្រព្រឹត្តទៅដោយមានការចូលពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងក្រុមប្រឹក្សាខេត្តសៀមរាប និង តំណាងអភិបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
គណៈប្រតិភូ៤រូបជាមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរានិងរាជបណ្ឌិតសភាជាតិកម្ពុជា ដឹកនាំដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឱ្យប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិមួយ ស្តីអំពីបេតិកភណ្ឌនៃស្ថានីយបុរាណនិងក្រុង ដោយផ្តោតសំខាន់លើការផ្តល់សំឡេងអាទិភាពដល់អ្នកស្រុក រៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម Hao Ping អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និងជាប្រធានមហាសន្និបាតនៃអង្គការយូណេស្កូ ហើយក៏ជាសហប្រធានគណ:កម្មាធិការអន្តរជាតិICCព្រះវិហារ បានបំពេញទស្សនកិច្ចដើម្បីស្វែងយល់ពីការងារអភិរក្សប្រាសាទដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា។
ពិព័រណ៍មិនអចិន្រ្តៃយ៍ក្រោមប្រធានបទ “រស់នៅក្នុងសម័យអង្គរ” ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅសារមន្ទីរជាតិភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើមដំបូងមុន12345...1516បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1073
ម្សិលមិញ
:
3685
សប្តាហ៍នេះ
:
04758
ខែនេះ
:
0108577
សរុប
:
003070731