ព័ត៌មានថ្មីៗ

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាជួសជុលបំណែកផ្តែរនិងសសរពេជ្រដែល ជ្រុះធ្លាក់ពីប៉មទី៨នៃប្រាសាទបាគង ដោយសារខ្យល់ព្យុះកេតសូណាជិតរួចរាល់ហើយ

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិនា ឆ្នាំ2016 08:38 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។

ប្រធានក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា លោក ឡុង ណារី ដែលកំពុងដឹកនាំការងារជួសជុលនេះរៀបរាប់ថា ផ្តែរ និងសសរពេជ្រនេះមានអាយុកាលជាង១ពាន់ឆ្នាំហើយ មានការពុកផុយនិងជំងឺច្រើន។ លោក ពន្យល់ថា ការជួសជុលថ្មចម្លាក់នេះ មិនខុសពីព្យាបាលមនុស្សចាស់ទេ។ ជំងឺច្រើនមុខច្រើនប្រភេទ អស់ពីឈឺនេះ ឈឺនោះមិនចេះចប់។ ជាក់ស្តែងផ្តែរថ្មនេះ គ្រាន់តែជំងឺដែលក្រុមយើងពិនិត្យឃើញដើម្បីព្យាបាលមានដល់ទៅជាង១០០ប្រភេទជំងឺ ហើយត្រូវការរបៀបព្យាបាលដោយឡែកៗពីគ្នា។

និយាយពីវិធីសាស្ត្រជួសជុលវិញ លោករៀបរាប់ថា “យើងបានរៀនសូត្រវិធីសាស្ត្រនេះពីក្រុមជំនាញអាល្លឺម៉ង់ផង រួមផ្សំនឹងបទពិសោធន៍ជាច្រើនឆ្នាំលើការងារនេះផង។ ដើម្បីភ្ជាប់ផ្ទាំងបំណែកធំៗ យើងប្រើស្នូលភ្ជាប់ប្រភេទ Fiberglass រឹងមាំ តែអាចពត់ចុះឡើងបាន។ យើងប្រើជាតិស៊ីលីខេត ផ្សំនឹងអាកុលចាក់បញ្ចូលទៅក្នុងសាច់ថ្ម ដើម្បីពង្រឹងសាច់ថ្មដែលពុកផុយឡើងវិញ។ ចំណែកជាតិអំបិល និងមេរោគផ្សេងៗដែលជាប់នឹងថ្ម យើងព្យាបាលដោយការដុះសម្អាត លាងទឹក និងហាលឲ្យស្ងួត។ មកដល់ពេលនេះ ការងារយើងជិតរួចរាល់១០០%ហើយ នៅសល់តែបំណែកតូចៗខ្លះទៀតប៉ុណ្ណោះ”។

លោករៀបរាប់បន្ថែមថា សព្វថ្ងៃក្រុមរបស់លោកដែលមានគ្នា២០នាក់កំពុងអនុវត្តការងារជួសជុលចម្លាក់ចំនួន៣កន្លែង ដោយមួយក្រុមកំពុងជួសជុលចម្លាក់នាគនៅប្រាសាទបន្ទាយសំរែ មួយក្រុមទៀតកំពុងជួសជុលចម្លាក់តោនៅប្រាសាទប្រែរូប និងមួយក្រុមដែលកំពុងជួសជុលសសរពេជ្រ និងផ្តែរថ្មនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរនេះ។

ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក លី វណ្ណា បញ្ជាក់ថា បច្ចុប្បន្នប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគងនេះ កំពុងស្ថិតនៅក្នុងការជួសជុលដែរ។ ក្រោយពីការងារជួសជុលប្រាសាទចប់សព្វគ្រប់ ក្រុមការងារនឹងលើកផ្តែរនិងសសរពេជ្រដាក់កន្លែងដើម ក្នុងន័យថែរក្សាតម្លៃដើមនៃបេតិកភណ្ឌឡើងវិញ៕
















                                               ប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង មុន និងក្រោយ​ជ្រុះធ្លាក់ផ្ដែរ​ និងសសរពេជ្រ
រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (នៅខាងត្បូងទីតាំងបាឡុង មុខប្រាសាទអង្គរវត្ត) បានប្រទះឃើញបំណែកវត្ថុបុរាណចំនួន២ដុំ
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយកម្លាំងនគរបាលការពារបេតិកភណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ បានចុះឃាត់ការសាងសង់ របងថ្មបេតុង ដែលធ្វើហ៊ុមព័ទ្ធទីទួលបុរាណ
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាសហការជាមួយនគរបាលការពារបេតិកភណ្ឌ បានចុះឃាត់ប្រជាពលរដ្ឋ ២គ្រួសារ ដែលបានរុករានដីធ្វើកសិកម្ម ធ្វើឲ្យប៉ះពាល់ដល់ឡបុរាណ
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ក្រុមអ្នកជំនាញអភិរក្សនិងជួសជុលក្បាច់ចម្លាក់ ១៩នាក់ដែលមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ និងសារមន្ទីរព្រះនរោត្តមសីហនុនៃអាជ្ញាធរជាតិអប្សរា និង អាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារការអភិរក្ស និងការ ជួសជុលក្បាច់ចម្លាក់ទាំង៤ការដ្ឋាននៅតំបន់ឧទ្យានអង្គរដល់ព្រះសង្ឃចំនួន៧៥អង្គ នៅវត្តរាជបូណ៌។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
14141
ម្សិលមិញ
:
16777
សប្តាហ៍នេះ
:
14141
ខែនេះ
:
0202272
សរុប
:
009161843