ព័ត៌មានថ្មីៗ

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាជួសជុលបំណែកផ្តែរនិងសសរពេជ្រដែល ជ្រុះធ្លាក់ពីប៉មទី៨នៃប្រាសាទបាគង ដោយសារខ្យល់ព្យុះកេតសូណាជិតរួចរាល់ហើយ

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិនា ឆ្នាំ2016 08:38 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។

ប្រធានក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា លោក ឡុង ណារី ដែលកំពុងដឹកនាំការងារជួសជុលនេះរៀបរាប់ថា ផ្តែរ និងសសរពេជ្រនេះមានអាយុកាលជាង១ពាន់ឆ្នាំហើយ មានការពុកផុយនិងជំងឺច្រើន។ លោក ពន្យល់ថា ការជួសជុលថ្មចម្លាក់នេះ មិនខុសពីព្យាបាលមនុស្សចាស់ទេ។ ជំងឺច្រើនមុខច្រើនប្រភេទ អស់ពីឈឺនេះ ឈឺនោះមិនចេះចប់។ ជាក់ស្តែងផ្តែរថ្មនេះ គ្រាន់តែជំងឺដែលក្រុមយើងពិនិត្យឃើញដើម្បីព្យាបាលមានដល់ទៅជាង១០០ប្រភេទជំងឺ ហើយត្រូវការរបៀបព្យាបាលដោយឡែកៗពីគ្នា។

និយាយពីវិធីសាស្ត្រជួសជុលវិញ លោករៀបរាប់ថា “យើងបានរៀនសូត្រវិធីសាស្ត្រនេះពីក្រុមជំនាញអាល្លឺម៉ង់ផង រួមផ្សំនឹងបទពិសោធន៍ជាច្រើនឆ្នាំលើការងារនេះផង។ ដើម្បីភ្ជាប់ផ្ទាំងបំណែកធំៗ យើងប្រើស្នូលភ្ជាប់ប្រភេទ Fiberglass រឹងមាំ តែអាចពត់ចុះឡើងបាន។ យើងប្រើជាតិស៊ីលីខេត ផ្សំនឹងអាកុលចាក់បញ្ចូលទៅក្នុងសាច់ថ្ម ដើម្បីពង្រឹងសាច់ថ្មដែលពុកផុយឡើងវិញ។ ចំណែកជាតិអំបិល និងមេរោគផ្សេងៗដែលជាប់នឹងថ្ម យើងព្យាបាលដោយការដុះសម្អាត លាងទឹក និងហាលឲ្យស្ងួត។ មកដល់ពេលនេះ ការងារយើងជិតរួចរាល់១០០%ហើយ នៅសល់តែបំណែកតូចៗខ្លះទៀតប៉ុណ្ណោះ”។

លោករៀបរាប់បន្ថែមថា សព្វថ្ងៃក្រុមរបស់លោកដែលមានគ្នា២០នាក់កំពុងអនុវត្តការងារជួសជុលចម្លាក់ចំនួន៣កន្លែង ដោយមួយក្រុមកំពុងជួសជុលចម្លាក់នាគនៅប្រាសាទបន្ទាយសំរែ មួយក្រុមទៀតកំពុងជួសជុលចម្លាក់តោនៅប្រាសាទប្រែរូប និងមួយក្រុមដែលកំពុងជួសជុលសសរពេជ្រ និងផ្តែរថ្មនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរនេះ។

ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក លី វណ្ណា បញ្ជាក់ថា បច្ចុប្បន្នប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគងនេះ កំពុងស្ថិតនៅក្នុងការជួសជុលដែរ។ ក្រោយពីការងារជួសជុលប្រាសាទចប់សព្វគ្រប់ ក្រុមការងារនឹងលើកផ្តែរនិងសសរពេជ្រដាក់កន្លែងដើម ក្នុងន័យថែរក្សាតម្លៃដើមនៃបេតិកភណ្ឌឡើងវិញ៕
















                                               ប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង មុន និងក្រោយ​ជ្រុះធ្លាក់ផ្ដែរ​ និងសសរពេជ្រ
ស្ពានព្រះទិស (ស្ពានកំពង់ក្តី) គឺស្ពានបុរាណមួយដែលបានកសាងនៅសម័យអង្គរ ចន្លោះចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្ពាននេះមានបណ្តោយប្រវែង៨៦ម៉ែត្រ ទទឹងប្រវែង១៦ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ពីបាតស្ទឹង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។
ព្រះពុទ្ធបដិមា២អង្គស្ថិតក្នុងឥរិយាបថសមាធិ និងផ្ចាញ់មារ ធ្វើពីលោហធាតុ ត្រូវបានក្រុមអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ របស់អាជ្ញាធរជាតិអប្សរាប្រទះឃើញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។
ព្រះពុទ្ធបដិមា២អង្គស្ថិតក្នុងឥរិយាបថសមាធិ និងផ្ចាញ់មារ ធ្វើពីលោហធាតុ ត្រូវបានក្រុមអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ របស់អាជ្ញាធរជាតិអប្សរាប្រទះឃើញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។ ព្រះពុទ្ធបដិមាទាំងពីរអង្គនេះមានកម្ពស់២៧សង់ទីម៉ែត្រ ទទឹង១៩សង់ទីម៉ែត្រ
អាជ្ញាធរជាតិអប្សរា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ មានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន ៣១៧ នគរបាល
ក្មេងឃ្វាលគោពីរនាក់បងប្អូននៅភូមិត្រពាំងអំពិល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបមរាប បានជីកឃើញរូបចម្លាក់ក្បាលនាគបុរាណ នៅមាត់ ត្រពាំងល្បើក កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0572
ម្សិលមិញ
:
16977
សប្តាហ៍នេះ
:
17549
ខែនេះ
:
0205680
សរុប
:
009165251