ព័ត៌មានថ្មីៗ

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាជួសជុលបំណែកផ្តែរនិងសសរពេជ្រដែល ជ្រុះធ្លាក់ពីប៉មទី៨នៃប្រាសាទបាគង ដោយសារខ្យល់ព្យុះកេតសូណាជិតរួចរាល់ហើយ

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិនា ឆ្នាំ2016 08:38 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។

ប្រធានក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា លោក ឡុង ណារី ដែលកំពុងដឹកនាំការងារជួសជុលនេះរៀបរាប់ថា ផ្តែរ និងសសរពេជ្រនេះមានអាយុកាលជាង១ពាន់ឆ្នាំហើយ មានការពុកផុយនិងជំងឺច្រើន។ លោក ពន្យល់ថា ការជួសជុលថ្មចម្លាក់នេះ មិនខុសពីព្យាបាលមនុស្សចាស់ទេ។ ជំងឺច្រើនមុខច្រើនប្រភេទ អស់ពីឈឺនេះ ឈឺនោះមិនចេះចប់។ ជាក់ស្តែងផ្តែរថ្មនេះ គ្រាន់តែជំងឺដែលក្រុមយើងពិនិត្យឃើញដើម្បីព្យាបាលមានដល់ទៅជាង១០០ប្រភេទជំងឺ ហើយត្រូវការរបៀបព្យាបាលដោយឡែកៗពីគ្នា។

និយាយពីវិធីសាស្ត្រជួសជុលវិញ លោករៀបរាប់ថា “យើងបានរៀនសូត្រវិធីសាស្ត្រនេះពីក្រុមជំនាញអាល្លឺម៉ង់ផង រួមផ្សំនឹងបទពិសោធន៍ជាច្រើនឆ្នាំលើការងារនេះផង។ ដើម្បីភ្ជាប់ផ្ទាំងបំណែកធំៗ យើងប្រើស្នូលភ្ជាប់ប្រភេទ Fiberglass រឹងមាំ តែអាចពត់ចុះឡើងបាន។ យើងប្រើជាតិស៊ីលីខេត ផ្សំនឹងអាកុលចាក់បញ្ចូលទៅក្នុងសាច់ថ្ម ដើម្បីពង្រឹងសាច់ថ្មដែលពុកផុយឡើងវិញ។ ចំណែកជាតិអំបិល និងមេរោគផ្សេងៗដែលជាប់នឹងថ្ម យើងព្យាបាលដោយការដុះសម្អាត លាងទឹក និងហាលឲ្យស្ងួត។ មកដល់ពេលនេះ ការងារយើងជិតរួចរាល់១០០%ហើយ នៅសល់តែបំណែកតូចៗខ្លះទៀតប៉ុណ្ណោះ”។

លោករៀបរាប់បន្ថែមថា សព្វថ្ងៃក្រុមរបស់លោកដែលមានគ្នា២០នាក់កំពុងអនុវត្តការងារជួសជុលចម្លាក់ចំនួន៣កន្លែង ដោយមួយក្រុមកំពុងជួសជុលចម្លាក់នាគនៅប្រាសាទបន្ទាយសំរែ មួយក្រុមទៀតកំពុងជួសជុលចម្លាក់តោនៅប្រាសាទប្រែរូប និងមួយក្រុមដែលកំពុងជួសជុលសសរពេជ្រ និងផ្តែរថ្មនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរនេះ។

ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក លី វណ្ណា បញ្ជាក់ថា បច្ចុប្បន្នប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគងនេះ កំពុងស្ថិតនៅក្នុងការជួសជុលដែរ។ ក្រោយពីការងារជួសជុលប្រាសាទចប់សព្វគ្រប់ ក្រុមការងារនឹងលើកផ្តែរនិងសសរពេជ្រដាក់កន្លែងដើម ក្នុងន័យថែរក្សាតម្លៃដើមនៃបេតិកភណ្ឌឡើងវិញ៕
















                                               ប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង មុន និងក្រោយ​ជ្រុះធ្លាក់ផ្ដែរ​ និងសសរពេជ្រ
ចម្លាក់នាគចំនួន៤នៅប្រាសាទបន្ទាយសំរែ ដែលបានធ្លាក់បាក់ជាច្រើនកំណាត់អស់កាលជាយូរមកហើយនោះ ត្រូវបានក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា ប្រមូលយកមកជួសជុលជិតរួចរាល់អស់ហើយ ក្រោយចំណាយពេលអស់ជិត៤ខែ និងរង់ចាំតែលើកដាក់លើជើងទម្រវិញប៉ុណ្ណោះ។
រូបចម្លាក់មានទម្រង់ជាសន្លឹកសីមាសម្រាប់ដាក់តាំងលម្អនៅតាមជ្រុងប្រាសាទ ត្រូវបានក្រុមមន្ត្រីអភិរក្សប្រាសាទប្រទះឃើញ ពេលកាយប្រឡាយរំដោះទឹកចេញពីប្រាសាទបន្ទាយស្រី។ រូបនេះមានចម្លាក់ជារូបគ្រុឌ និងមានក្បាច់លម្អព័ទ្ធជុំវិញដែលមានទំហំទទឹងប្រវែង១២សង់ទី ម៉ែត្រ និងបណ្តោយប្រវែង២៩សង់ទីម៉ែត្រ ធ្វើពីថ្មភក់ពណ៌ក្រហម ក្នុងទម្រង់រចនាប័ទ្មសម័យបន្ទាយស្រី។
ក្រៅពីការងារជួសជុលប្រាសាទ និងបុរាណដ្ឋានដែលមានទ្រង់ទ្រាយធំ ការសម្អាតរុក្ខជាតិតូចធំដែលដុះលើប្រាសាទ ក៏ជាផ្នែកមួយនៃការអភិរក្សផងដែរ។ ប្រាសាទតូចធំដែលមានរុក្ខជាតិដុះហ៊ុំព័ទ្ធ ដោយគ្មានការកាត់សម្អាត ឬដកចេញទេ នឹងធ្វើឲ្យបាត់បង់សោភណភាព និងអាចបង្កភាពពុកផុយដល់ថ្មប្រាសាទ ឬបើដើមឈើកាន់តែធំអាចធ្វើឲ្យបាក់រលំប្រាសាទបាន។
អាជ្ញាធរជាតិអប្សរាបានបញ្ជូនមន្ត្រីជំនាញស្ថាបត្យកម្ម និងបុរាណវិទ្យា២រូប គឺលោក ហេង ហ្ស៊ើឌី និងលោក ជួន ប៊ុនណាត ដើម្បីសហការជាមួយអាជ្ញាធរជាតិព្រះវិហារ។ មន្ត្រីជំនាញទាំងពីររូបនេះបានចុះទៅបំពេញកិច្ចការមួយចំនួន ជាមួយអាជ្ញាធរជាតិព្រះវិហារតាំងពីដើមខែសីហា រហូតដល់ដើមខែកញ្ញា ឆ្នាំ២០១៥។
វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា របស់ប្រទេសជប៉ុន បានចាប់ផ្តើមជួសជុលប្រាសាទតុបខាងលិចក្នុងឆ្នាំ២០១១។ ថ្ងៃទី២៣ ខែកញ្ញានេះបានបញ្ចប់ជំហានទី១ ដោយបានបិទបញ្ចប់ការជួសជុលប្រាង្គខាងត្បូងនៃប្រាសាទនេះ។

ឯកឧត្តម រស់ បូរ៉ាត់ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Kamoshida Naoki ទីប្រឹក្សាអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា គឺជាអធិបតីនៃពិធីបិទវគ្គជួសជុលប្រាង្គខាងត្បូង និងបើកការដ្ឋានជួសជុលប្រាង្គខាងជើង កាលពីព្រឹកមិញនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2824
ម្សិលមិញ
:
12815
សប្តាហ៍នេះ
:
15639
ខែនេះ
:
0098594
សរុប
:
009058165