ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង ជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ

បានផ្សាយនៅ ថ្ងៃទី 15 ខែ មិនា ឆ្នាំ2016 06:52 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយយោងទៅលើអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងភាគី៤ គឺអាជ្ញាធរជាតិអប្សរា មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង សាកលវិទ្យាល័យសូហ៊្វីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។ តាមខ្លឹមសារនៃកិច្ចសន្យានេះ មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុងនឹងទទួលបន្ទុកចំណាយទាំងស្រុងលើការងារជួសជុល ដំបូលលិចទឹក ជញ្ជាំងជ្រាបទឹក លាបថ្នាំ ជួសជុលបង្អួច និងកម្រាលឥដ្ឋសាលពិព័រណ៍។ អាជ្ញាធរជាតិអប្សរានឹងទទួលបន្ទុកដឹកជញ្ជូនចម្លាក់មុន និងក្រោយការងារជួសជុល សម្របសម្រួលការងារផ្សេងៗ និងចូលរួមជួសជុលចំណុចផ្សេងៗទៀតតាមលទ្ធភាពជាក់ស្តែង។ ចំណែកសាកលវិទ្យាល័យសូហ្វ៊ីយ៉ានឹងទទួលបន្ទុកផ្តល់ប្រឹក្សាលើការងារជួសជុល និងលើដំណើរការពិព័រណ៍សារមន្ទីរបន្ទាប់ពីជួសជុលហើយ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្លឹបមូលនិធិអ៊ីអុង១% លោក Hiroshi Yokoo បញ្ជាក់ក្នុងពិធីចុះហត្ថលេខានេះថា ការរួមចំណែកនៃក្លឹប១%របស់ក្រុមហ៊ុនអ៊ីអុង គឺជាសកម្មភាពដើម្បីតបស្នងដល់សង្គម។ “ការដែលយើងបានមកជួសជុលម្តងទៀតនេះ វាជាមោទនភាពរបស់យើង វាធ្វើឲ្យយើងសប្បាយចិត្ត ធ្វើឲ្យចិត្តយើងជ្រះថ្លាដូចបានធ្វើបុណ្យទានផ្សេងៗដែរ”។ លោកបន្ថែមថា ការងារជួសជុលអាចនឹងចាប់ផ្តើមឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងពាក់កណ្តាល ឆ្នាំ២០១៧ខាងមុខ។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានសម្តែងថ្លែងអំណរគុណ និងអបអរសាទរចំពោះក្លឹបមូលនិធិអ៊ីអុង១% ដែលតែងយកចិត្តទុកដាក់ដល់ការងារអភិរក្សបេតិកណ្ឌវប្បធម៌ ជាមួយអាជ្ញាធរជាតិអប្សរាក៏ដូចជួយបណ្តុះបណ្តាលធនធានមនុស្ស។ មិនត្រឹមតែសារមន្ទីរប៉ុណ្ណោះទេ នៅឆ្នាំ២០០៣កន្លងមក មូលនិធិនេះក៏បានចូលរួមដាំសួនឈើអនុស្សាវរីយ៍មួយកន្លែង នៅក្បែរសួនគ្រឿងទេសនៃអាជ្ញាធរជាតិអប្សរាផងដែរ។ ឯកឧត្តមបានបន្ថែមទៀតថា តទៅខាងមុខ អាជ្ញាធរជាតិអប្សរាមានជំនឿយ៉ាងមុតមាំថាមូលនិធិនេះនឹងចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងជួយថែរក្សាអភិរក្សបេតិកភណ្ឌពិភពលោក ក៏ដូចជាការជួយលើកតម្កើងជីវភាពប្រជាជនក្នុងរមណីយដ្ឋានអង្គរ តាមរយៈក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាជាដើម។

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានកសាងឡើងនៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ “មូលនិធិនៃក្លឹប១%” របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា កាលពីឆ្នាំ២០០០ និង២០០១នៅប្រាសាទបន្ទាយក្តី៕








នៅពីមុខប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់កម្ពុជា នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានរៀបចំទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ មន្ត្រីបុគ្គលិក ឆ្មាំ កម្មករ និងសិស្ស និស្សិតយ៉ាងច្រើនកុះករ។
សក្តានុពលទេសចរណ៍នៅខេត្តសៀមរាប គឺទេសចរណ៍វប្បធម៌ ដែលក្រៅពីប្រាង្គប្រាសាទដ៏ល្បីល្បាញជាច្រើនហើយនោះ ជំនឿក៏ជាដួងព្រលឹងដែលមានជីវិតរស់រវើកនិងមានឥទ្ធិពលក្នុងផ្នត់គំនិតរបស់អ្នកស្រុកអង្គរ ហើយត្រូវបានគោរពបូជានិងជឿជាក់យ៉ាងមុតមាំទៀតផង។
ពិធីលៀងមេមត់នៅភូមិក្រវ៉ាន់
( ថ្ងៃទី 24 ខែ កុម្ភៈ ឆ្នាំ2016 )
ជារឿងកម្រសម្រាប់មនុស្សសម័យថ្មីដែលបានគិតគូរ និងជឿស៊ប់លើជំនឿ មូលហេតុដោយសារតែវិទ្យាសាស្ត្រជឿនលឿនខ្លាំង។ ការមិនស្គាល់ពីតម្លៃ និងយកចិត្តទុកដាក់របស់កូនខ្មែរភាគច្រើន បូករួមនឹងការហូរចូលវប្បធម៌បរទេសផងនោះ បានធ្វើឱ្យទំនៀមទម្លាប់មួយចំនួន ដែលជាកេរមរតកដូនតាបន្សល់ទុករាប់សតវត្សមកហើយត្រូវបាត់បង់ម្តងបន្តិចៗ។
ស្វែងយល់ខ្លឹមសារពិធីបុណ្យមាឃបូជា
( ថ្ងៃទី 23 ខែ កុម្ភៈ ឆ្នាំ2016 )
បណ្តាពិធីបុណ្យសំខាន់ៗរបស់ព្រះពុទ្ធសាសនា មាឃបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកជនគ្រប់ប្រទេស អ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលខកខាន។ ពិធីបុណ្យនេះប្រារព្ធឡើងជារៀងរាល់ថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ចំណុចដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ព្រះធរមាននៅឡើយ។ ព្រឹត្តិការណ៍សំខាន់ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន ១២៥០អង្គ ជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍មូលដ្ឋាននៃសាសនា ដែលហៅថា ឱវាទបាតិមោក្ខ។ ខ្លឹមសារសង្ខេបនៃឱវាទបាតិមោក្ខនោះមាន៣គាថាគឺ៖
ទោះបីឆ្លងកាត់សម័យកាលរាប់ពាន់ឆ្នាំ សង្គ្រាមញ៉ាំញីជាច្រើន វិទ្យាសាស្ត្រទំនើបយ៉ាងណាក្តី ក៏ជំនឿមួយចំនួននៅតែមានឥទ្ធិពលនៅក្នុងផ្នត់គំនិតនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់ វណ្ណៈដល់សព្វថ្ងៃ ពិសេសអ្នកស្រុកតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0147
ម្សិលមិញ
:
1458
សប្តាហ៍នេះ
:
09909
ខែនេះ
:
0058382
សរុប
:
009431658