NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 15 March 2016 06:52 PM Post By ៖ Apsara National Authority

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយយោងទៅលើអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងភាគី៤ គឺអាជ្ញាធរជាតិអប្សរា មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង សាកលវិទ្យាល័យសូហ៊្វីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។ តាមខ្លឹមសារនៃកិច្ចសន្យានេះ មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុងនឹងទទួលបន្ទុកចំណាយទាំងស្រុងលើការងារជួសជុល ដំបូលលិចទឹក ជញ្ជាំងជ្រាបទឹក លាបថ្នាំ ជួសជុលបង្អួច និងកម្រាលឥដ្ឋសាលពិព័រណ៍។ អាជ្ញាធរជាតិអប្សរានឹងទទួលបន្ទុកដឹកជញ្ជូនចម្លាក់មុន និងក្រោយការងារជួសជុល សម្របសម្រួលការងារផ្សេងៗ និងចូលរួមជួសជុលចំណុចផ្សេងៗទៀតតាមលទ្ធភាពជាក់ស្តែង។ ចំណែកសាកលវិទ្យាល័យសូហ្វ៊ីយ៉ានឹងទទួលបន្ទុកផ្តល់ប្រឹក្សាលើការងារជួសជុល និងលើដំណើរការពិព័រណ៍សារមន្ទីរបន្ទាប់ពីជួសជុលហើយ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្លឹបមូលនិធិអ៊ីអុង១% លោក Hiroshi Yokoo បញ្ជាក់ក្នុងពិធីចុះហត្ថលេខានេះថា ការរួមចំណែកនៃក្លឹប១%របស់ក្រុមហ៊ុនអ៊ីអុង គឺជាសកម្មភាពដើម្បីតបស្នងដល់សង្គម។ “ការដែលយើងបានមកជួសជុលម្តងទៀតនេះ វាជាមោទនភាពរបស់យើង វាធ្វើឲ្យយើងសប្បាយចិត្ត ធ្វើឲ្យចិត្តយើងជ្រះថ្លាដូចបានធ្វើបុណ្យទានផ្សេងៗដែរ”។ លោកបន្ថែមថា ការងារជួសជុលអាចនឹងចាប់ផ្តើមឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងពាក់កណ្តាល ឆ្នាំ២០១៧ខាងមុខ។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានសម្តែងថ្លែងអំណរគុណ និងអបអរសាទរចំពោះក្លឹបមូលនិធិអ៊ីអុង១% ដែលតែងយកចិត្តទុកដាក់ដល់ការងារអភិរក្សបេតិកណ្ឌវប្បធម៌ ជាមួយអាជ្ញាធរជាតិអប្សរាក៏ដូចជួយបណ្តុះបណ្តាលធនធានមនុស្ស។ មិនត្រឹមតែសារមន្ទីរប៉ុណ្ណោះទេ នៅឆ្នាំ២០០៣កន្លងមក មូលនិធិនេះក៏បានចូលរួមដាំសួនឈើអនុស្សាវរីយ៍មួយកន្លែង នៅក្បែរសួនគ្រឿងទេសនៃអាជ្ញាធរជាតិអប្សរាផងដែរ។ ឯកឧត្តមបានបន្ថែមទៀតថា តទៅខាងមុខ អាជ្ញាធរជាតិអប្សរាមានជំនឿយ៉ាងមុតមាំថាមូលនិធិនេះនឹងចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងជួយថែរក្សាអភិរក្សបេតិកភណ្ឌពិភពលោក ក៏ដូចជាការជួយលើកតម្កើងជីវភាពប្រជាជនក្នុងរមណីយដ្ឋានអង្គរ តាមរយៈក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាជាដើម។

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានកសាងឡើងនៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ “មូលនិធិនៃក្លឹប១%” របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា កាលពីឆ្នាំ២០០០ និង២០០១នៅប្រាសាទបន្ទាយក្តី៕








Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
1293
Yesterday
:
28379
This Week
:
72536
This Month
:
0204662
Total
:
009673419