ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង ជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ

បានផ្សាយនៅ ថ្ងៃទី 15 ខែ មិនា ឆ្នាំ2016 06:52 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយយោងទៅលើអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងភាគី៤ គឺអាជ្ញាធរជាតិអប្សរា មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង សាកលវិទ្យាល័យសូហ៊្វីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។ តាមខ្លឹមសារនៃកិច្ចសន្យានេះ មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុងនឹងទទួលបន្ទុកចំណាយទាំងស្រុងលើការងារជួសជុល ដំបូលលិចទឹក ជញ្ជាំងជ្រាបទឹក លាបថ្នាំ ជួសជុលបង្អួច និងកម្រាលឥដ្ឋសាលពិព័រណ៍។ អាជ្ញាធរជាតិអប្សរានឹងទទួលបន្ទុកដឹកជញ្ជូនចម្លាក់មុន និងក្រោយការងារជួសជុល សម្របសម្រួលការងារផ្សេងៗ និងចូលរួមជួសជុលចំណុចផ្សេងៗទៀតតាមលទ្ធភាពជាក់ស្តែង។ ចំណែកសាកលវិទ្យាល័យសូហ្វ៊ីយ៉ានឹងទទួលបន្ទុកផ្តល់ប្រឹក្សាលើការងារជួសជុល និងលើដំណើរការពិព័រណ៍សារមន្ទីរបន្ទាប់ពីជួសជុលហើយ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្លឹបមូលនិធិអ៊ីអុង១% លោក Hiroshi Yokoo បញ្ជាក់ក្នុងពិធីចុះហត្ថលេខានេះថា ការរួមចំណែកនៃក្លឹប១%របស់ក្រុមហ៊ុនអ៊ីអុង គឺជាសកម្មភាពដើម្បីតបស្នងដល់សង្គម។ “ការដែលយើងបានមកជួសជុលម្តងទៀតនេះ វាជាមោទនភាពរបស់យើង វាធ្វើឲ្យយើងសប្បាយចិត្ត ធ្វើឲ្យចិត្តយើងជ្រះថ្លាដូចបានធ្វើបុណ្យទានផ្សេងៗដែរ”។ លោកបន្ថែមថា ការងារជួសជុលអាចនឹងចាប់ផ្តើមឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងពាក់កណ្តាល ឆ្នាំ២០១៧ខាងមុខ។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានសម្តែងថ្លែងអំណរគុណ និងអបអរសាទរចំពោះក្លឹបមូលនិធិអ៊ីអុង១% ដែលតែងយកចិត្តទុកដាក់ដល់ការងារអភិរក្សបេតិកណ្ឌវប្បធម៌ ជាមួយអាជ្ញាធរជាតិអប្សរាក៏ដូចជួយបណ្តុះបណ្តាលធនធានមនុស្ស។ មិនត្រឹមតែសារមន្ទីរប៉ុណ្ណោះទេ នៅឆ្នាំ២០០៣កន្លងមក មូលនិធិនេះក៏បានចូលរួមដាំសួនឈើអនុស្សាវរីយ៍មួយកន្លែង នៅក្បែរសួនគ្រឿងទេសនៃអាជ្ញាធរជាតិអប្សរាផងដែរ។ ឯកឧត្តមបានបន្ថែមទៀតថា តទៅខាងមុខ អាជ្ញាធរជាតិអប្សរាមានជំនឿយ៉ាងមុតមាំថាមូលនិធិនេះនឹងចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងជួយថែរក្សាអភិរក្សបេតិកភណ្ឌពិភពលោក ក៏ដូចជាការជួយលើកតម្កើងជីវភាពប្រជាជនក្នុងរមណីយដ្ឋានអង្គរ តាមរយៈក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាជាដើម។

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានកសាងឡើងនៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ “មូលនិធិនៃក្លឹប១%” របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា កាលពីឆ្នាំ២០០០ និង២០០១នៅប្រាសាទបន្ទាយក្តី៕








សិក្ខាសាលាស្តីពី "ព្រៃឈើ ព្រះសង្ឃ និងជីវភាពបរិស័ទ" សម្រាប់វត្តគោលដៅក្នុងដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ច សហគមន៏ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA របស់អាជ្ញាធរជាតិ
រូបចម្លាក់ស្តេចភជុង្គនាគក្បាល៥ ដែលក្មេងឃ្វាលគោ ហឿន ហឿយ រស់នៅភូមិត្រពាំងអំពិល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបមរាប ជីកបាននៅមាត់ត្រពាំងល្បើកកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ កន្លង
អ្នកស្រុកអង្គរនៅតែជាឃ្លាំងផ្ទុកនូវមត៌កវប្បធម៌ដូនតាខ្មែរ ដ៏គួរឲ្យចាប់អារម្មណ៍ បើទោះជាបានឆ្លងកាត់ដំណាក់កាលវិវត្តន៍ជាច្រើនជំនាន់មនុស្សមកហើយក្តី។ ពិធីសាសនា ទំនៀមទម្លាប់ប្រចាំថ្ងៃ និងកិច្ចពិធី
ក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចពិភាក្សាដ៏មានសារៈសំខាន់មួយ ស្តីពី ការអនុវត្តក្រមប្រតិបត្តិអង្គរ នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ នៅ
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិអំពីស្ថានភាពចំណូលដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែឧសភា ឆ្នាំ២០១៥

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0858
ម្សិលមិញ
:
1611
សប្តាហ៍នេះ
:
82142
ខែនេះ
:
0163419
សរុប
:
009345701