ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាជាស្ថាប័នផ្តល់ចំណេះដឹង និងការងារដ៏ធំសម្រាប់អ្នកសិក្សាបុរាណវិទ្យា

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិនា ឆ្នាំ2016 05:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បន្ទាប់ពីចំណាយពេលអស់១០ថ្ងៃដើម្បីចុះកម្មសិក្សាទាក់ទងនឹងបុរាណវិទ្យា ការអភិរក្ស ជួសជុល និងគ្រប់គ្រងប្រាសាទនៅលើទឹកដីខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យហើយនោះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រុមនិស្សិតបុរាណវិទ្យាទាំង៣០នាក់បានបញ្ចប់ភារកិច្ចដោយជោគជ័យ។ កម្មសិក្សានេះបានចាប់ផ្តើមនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរានិងដឹកនាំដោយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរានៅតាមប្រធានបទនិងទីតាំង រួមទាំងសាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅអូរថ្មដាប់នៃរមណីយដ្ឋានបេងមាលាថ្ងៃទី៨ មីនា ព្រឹទ្ធបុរសមហាវិទ្យាល័យបុរាណវិទ្យា មួន សុភាព បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំទស្សនកិច្ចសិក្សានៅខេត្តសៀមរាប គឺត្រូវបានឧបត្ថម្ភ គាំទ្រទាំងស្រុងពីអាជ្ញាធរជាតិអប្សរាសម្រាប់និស្សិតបុរាណវិទ្យាឆ្នាំទី៤។ កម្មសិក្សានេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ចំណេះដឹងផ្នែកទ្រឹស្តីនៅសាលាទៅនឹងការអនុវត្តនៅលើទីតាំងផ្ទាល់ ដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែមានប្រសិទ្ធិភាព និងជាពន្លឺក្នុងការបញ្ចប់សារណាបានល្អ។

លោកព្រឹទ្ធបុរសក៏បានថ្លែងអំណរគុណដល់ប្រមុខដឹកនាំនៃអាជ្ញាធរជាតិអប្សរាដែលបានឧបត្ថម្ភគាំទ្រដល់កម្មសិក្សានិស្សិតបុរាណវិទ្យារយៈពេល១០ថ្ងៃជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនមន្ត្រីជាសាស្ត្រាចារ្យជំនាញទៅបង្ហាត់បង្រៀននិស្សិតបុរាណវិទ្យាថែមទៀត។ ពិសេសជាងនេះ ក្រៅពីជួយបណ្តុះបណ្តាលធនធានមនុស្ស ជ្រោមជ្រែងសមត្ថភាពនិស្សិតក្នុងការសិក្សាស្រាវជ្រាវ អាជ្ញាធរជាតិអប្សរាក៏បានផ្តល់កន្លែងការងារឱ្យនិស្សិតបុរាណវិទ្យាបានមកធ្វើការផងដែរពេលរៀនចប់ ជាក់ស្តែងមានអ្នកជំនាញបុរាណវិទ្យាជាច្រើនបានមកធ្វើការនៅទីនេះ ដែលជាការរួមចំណែកជួយជាតិជាខ្លាំងជាមួយសា្ថប័នអាជ្ញាធរជាតិអប្សរា។

កញ្ញា សឿ ចំរើនសុទ្ធី និស្សិតបុរាណវិទ្យាជំនាន់ទី២៤ សរសរសារណាអំពី «ជំនួញអំបិលនាសម័យបុរាណ» ក៏បានលើកឡើងដែរចំពោះដំណើរទស្សនកិច្ចសិក្សានេះថា ភាគច្រើននៅសាលា រៀនជាទ្រឹស្តី តែនៅកន្លែងនេះយើងបានរៀនសូត្រច្រើនពីអ្វីដែលយើងបានរៀនកន្លងមក បូករួមនឹងការពន្យល់បន្ថែមពីសាស្ត្រាចារ្យនិងមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាប្រចាំផ្ទាល់នៅក្នុងតំបន់ ធ្វើឱ្យការសិក្សាកាន់តែច្បាស់ជាងមុន។ នៅទីនេះយើងមិនត្រឹមតែបានយល់ដឹងអំពីប្រវត្តិសាស្ត្រនិងបុរាណវិទ្យាប៉ុណ្ណោះទេ យើងក៏បានដឹងយ៉ាងច្រើនទាក់ទងនឹងការជួសជុលប្រាសាទផងដែរ ពិសេសបានឃើញពីទឹកចិត្តប្រជាជនដែលចូលរួមសហការក្នុងការភិរក្សមរតកដ៏មានតម្លៃនៃវប្បធម៌ខ្មែរ។ កញ្ញាមានក្តីរំភើបណាស់ពេលមកដល់កន្លែងនេះនិងមោទនភាពជាខ្លាំងចំពោះការសិក្សាបុរាណវិទ្យា គឺមិនត្រឹមតែបានសិក្សាកាន់តែច្បាស់ពីតម្លៃវប្បធម៌ពិតប្រាកដនោះទេ ថែមទាំងបានសិក្សាជាមួយសាស្រ្តាចារ្យជាអ្នកស្រាវជ្រាវល្បីៗ មានគំនិតបណ្តុះបណ្តាល ធ្វើឱ្យកញ្ញាយល់កាន់តែច្បាស់ កាន់តែចង់ថែរក្សានូវអ្វីដែលមានឱ្យកាន់តែគង់វង្ស និងផ្សព្វផ្សាយអ្វីដែលចេះទៅកាន់សង្គមខ្មែរនិងសង្គមលើសាកលលោកទៀតផង។

លោក ចាន់ វិចិត្រ និស្សិតបុរាណវិទ្យាជំនាន់ទី២៤ផងដែរនោះ បានប្រាប់ថា ទោះបីខ្លួនសរសេរសារណាទាក់ទងនឹងចម្លាក់នៅលើថ្មគោលពុទ្ធសាសនានៅក្នុងសារមន្ទីរបាត់ដំបង តែការចុះកម្មសិក្សានៅសៀមរាបនេះបានផ្តល់ចំណេះដឹងយ៉ាងច្រើនទាក់ទងនឹងការអនុវត្តជាក់ស្តែងដោយបានចុះទៅតាមការដ្ឋានផ្ទាល់ ស្ថានីយ៍នានា ប្រាង្គប្រាសាទបុរាណ ដោយមានអ្នកជំនាញនៅតាមគោលដៅបានពន្យល់និងបង្រៀនពីបច្ចេកទេស ព្រមទាំងប្រវត្តិនៃការជួសជុលប្រាសាទទាំងនោះផងដែរ។ តាំងនាមឱ្យនិស្សិតបុរាណទាំងអស់ គឺមានសេចក្តីត្រេកអរជាខ្លាំងដែលបានចុះមកកម្មសិក្សានៅទីនេះ និងថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានជួយឧបត្ថម្ភទាំងស្រុងនិងមានអ្នកជំនាញជួយជ្រោមជ្រែង ពន្យល់ណែនាំគ្រប់ទីតាំង ដើម្បីឱ្យនិស្សិតទាំងអស់បានយល់ដឹងពីបុរាណវិទ្យា ប្រវត្តិសាស្ត្រ ការជួសជុល ការអភិរក្ស និងគ្រប់គ្រងតំបន់បេតិកភណ្ឌប្រកបដោយចីរភាព។












នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានបញ្ចប់ការសិក្សាទាំង៤វគ្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ។
បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលសមត្ថភាពទាក់ទងនឹងការរៀបចំប្លង់មេសម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទនៅក្នុងតំបន់អង្គរ (Monument Excutive Development) ពីអ្នក ជំនាញបារាំងអស់រយៈពេល៥ថ្ងៃកន្លងមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សិក្ខាកាមទាំងអស់ បានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ។
អាជ្ញាធរជាតិអប្សរាក្រៅពីមានភារកិច្ចចម្បងក្នុងការថែរក្សា អភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់អង្គរហើយ ក៏ជាស្ថាប័នផ្តល់ចំណេះដឹង ចែករំលែកបទពិសោធន៍ដល់សិស្សនិស្សិតទូទៅ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើនផងដែរ។
មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៣០នាក់ មកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេសម្រាប់ការអភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទ «Monument Excutive Development Plan» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។
វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មតាមបែបវិទ្យាសាស្ត្រ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺអ្នកជំនាញចំនួន៣០រូប របស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើមដំបូងមុន12345...89បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1069
ម្សិលមិញ
:
3685
សប្តាហ៍នេះ
:
04754
ខែនេះ
:
0108573
សរុប
:
003070727