ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះអប់រំផ្សព្វផ្សាយ ការគ្រប់គ្រងអភិរក្សការពារព្រៃឈើនិងសម្បត្តិបេតិកភណ្ឌនៅតំបន់ប្រាសាទកោះកេរជាលើកទី៣

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិនា ឆ្នាំ2016 04:56 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដោយមានការផ្តួចផ្តើមគំនិត ការចង្អុលបង្ហាញ និងការជំរុញពីឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះគ្រប់គ្រងអភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ និងមន្រ្តីបុគ្គលិកមួយចំនួនទៀតបានចុះទៅអប់រំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង អភិរក្ស និងថែរក្សាការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ ដោយមានការចូលរួមអំពីសំណាក់ព្រះសង្ឃ គណៈកម្មការ មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ រដ្ឋបាលព្រៃឈើ អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិនិងប្រជាពលរដ្ឋប្រមាណជាង៦០០អង្គ/រូបមកពីភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានលើកឡើងពន្យល់ពីពាក្យបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក ព្រមទាំងរបៀបដាក់បញ្ចូលបេតិកភណ្ឌជាតិចូលជាបេតិកភណ្ឌពិភពលោក។ ដោយឡែក និយាយពីទំនាក់ទំនងព្រៃឈើនិងប្រាសាទ លោកសាមៀនបញ្ជាក់ថា ព្រៃឈើមានតួនាទីសំខាន់ណាស់ចំពោះប្រាសាទ ព្រោះព្រៃឈើជារបាំងជួយការពារខ្យល់បក់បោកមិនឲ្យប៉ះពាល់ខ្លាំងពេកនាំឲ្យប្រាសាទឆាប់រេចរឹល ព្រៃឈើជួយការពារទប់ការហូរច្រោះមិនឲ្យត្រូវប្រាសាទខ្លាំងពេក ព្រៃឈើជួយរក្សាសំណើមប្រាសាទមិនឲ្យថ្មឆាប់ស្ងួតខ្លាំងពេកឆាប់ប្រេះស្រាំបែកនិងជោកជាំខ្លាំងងាយពុកផុយ និងព្រៃឈើជួយផ្តល់នូវសោភណភាពដ៏ស្រស់ស្អាតដល់ប្រាសាទ។

ឯកឧត្តម ឈរ ថាណាត មានប្រសាសន៍ថា "ប្រាសាទនិងព្រៃឈើជាទ្រព្យសម្បត្តិមរតកមានតម្លៃមហាសាល បើយើងស្រលាញ់ជាតិ សូមចូលរួមថែរក្សាការពារអភិរក្សទាំងអស់គ្នាព្រោះថាវាជាអាយុជីវិត និងជាដួងព្រលឹងរបស់ជាតិយើងដូចពាក្យស្លោកថាវប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កុំថ្កើង។ បើយើងអាចថែរក្សាការពារព្រៃឈើ និងប្រាសាទបាន យើងនឹងដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូ។ នៅពេលយើងដាក់បានហើយ យើងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីវា ដូចជាទទួលបានទុនពីបរទេសជួយជួសជុល និងថែរក្សាការពារប្រាសាទ និងមានការហូរចូលភ្ញៀវទេសចរមកទស្សនាប្រាសាទកាន់ច្រើនឡើងៗ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះមានការធូរធារប្រសើរឡើងតាមរយៈបើកសណ្ឋាគារ ផ្ទះសំណាក់ ការលក់ដូរ និងមានការងារឲ្យប្រជាពលរដ្ឋធ្វើផ្សេងៗ”។

សូមបញ្ជាក់ថានេះជាលើកទីបីហើយ ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលខេត្តព្រះវិហារចុះទៅអប់រំផ្សព្វផ្សាយនៅតំបន់ប្រាសាទកោះកេរ ហើយក៏មានសំណួរយ៉ាងច្រើនផុសផុលពីប្រជាពលរដ្ឋទាក់ទងនឹងដីធ្វើកសិកម្ម និងការសាងសង់សំណង់ផ្សេងៗលើដីរបស់ពួកគាត់។ ក្រោយពីបានស្តាប់ការបកស្រាយ និងការពន្យល់របស់ក្រុមការងាររួចមក ប្រជាពលរដ្ឋបានយល់ច្បាស់លាស់ហើយគាំទ្រ និងប្តេជ្ញាចិត្តចូលរួមជួយថែរក្សាការពារអភិរក្សព្រមទាំងទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើជាមួយអាជ្ញាធរជាតិអប្សរានៅតំបន់ប្រាសាទកោះកេរមិនឲ្យកើតឡើងទៀតឡើយ៕
















ស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុងឃុំចំនួន៧ ក្នុងស្រុកពួកនិងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍បញ្ចូលដើម្បីស្រោចស្រពក្នុងខែមករា ឆ្នាំ២០១៦នេះ។
សំណង់ទ្វារទឹកនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយថវិការបស់ប្រទេសញូវហ្ស៊ីឡែន ដែលទើបដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាចនឹងជួយស្រោចស្រពដំណាំចម្ការ ឬស្រែប្រាំងដល់ទៅជាង១ពាន់ហិកតា។ សំណង់ទ្វារទឹកនេះ នឹងអាចកែប្រែជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំនេះ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត តាមរយៈការធ្វើដំណាំបន្លែ ឬស្រែប្រាំង។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) និងមន្ទីរអប់រំខេត្តសៀមរាប បានយកអំណោយនិងបណ្ណសរសើរទៅប្រគល់ជូនសិស្សានុសិស្សដែលទទួលបានជ័យលាភីលើប្រធានបទអប់រំបរិស្ថាន នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។
ស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើបទបង្ហាញស្តីពីការធ្វើវិសោធនកម្មនៃមាត្រាមួយចំនួន នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានស្តង់ដារអន្តរជាតិISO14001 ដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដើម្បីត្រៀមខ្លួនសម្របទៅតាមស្តង់ដារថ្មីនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
0809
ម្សិលមិញ
:
33427
សប្តាហ៍នេះ
:
00809
ខែនេះ
:
0303792
សរុប
:
015373595