NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 11 March 2016 08:59 AM Post By ៖ Apsara National Authority
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 

ជូនដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទស្សនាសារមន្ទីរដោយផ្ទាល់ លោក យិត ចាន់ដារដ្ឋ នាយករងសារមន្ទីរសព្វទស្សន៍អង្គរ បានពន្យល់ពីដំណើរការនៃការកសាង និងការដាក់តាំងពិព័រណ៍រូបគំនូរដែលបានរំលេចឲ្យឃើញពីប្រាង្គប្រាសាទដ៏ល្អឯក និងទេសភាពវប្បធម៌នៃឧទ្យានអង្គរទាំងមូល។ គណ:ប្រតិភូក៏បានទស្សនាខ្សែភាពយន្ត3D ដែលបានរំលេចឲ្យឃើញពីការកសាងប្រាសាទដោយបុព្វបុរសខ្មែរតាំងពីសម័យបុរាណកាលមក។ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីរំភើប និងកោតសរសើរចំពោះការរៀបចំកសាងសារមន្ទីរនេះឡើងដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំនិងផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរឲ្យបានល្បីល្បាញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀត។

សារមន្ទីរសព្វទស្សន៍អង្គរដ៏ស្រស់ស្អាតនេះ បំពាក់ដោយសម្ភារៈទំនើបៗ មានទីតាំងស្ថិតនៅជាប់រង្វង់មូលផ្លូវ៦០ម៉ែត្រក្រុងសៀមរាប ហើយត្រូវបានសម្ពោធបើកដំណើរការឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាជាផ្លូវការតាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ។ សារមន្ទីរនេះស្ថាបនាឡើងតាមរចនាបទខ្មែរដ៏ល្អប្រណីត ដែលបានដំណើរការសាងសង់ឡើង តាំងពីខែសីហាឆ្នាំ២០១១ដោយក្រុមហ៊ុន MansudaeNewtechCorporration Ltd នៅលើផ្ទៃដី៦១១៥ម៉ែត្រការ៉េ មានទំហំបណ្តោយ៨៣,៥ម៉ែត្រ ទទឹង៥៤,៣ម៉ែត្រកំពស់៣៤ម៉ែត្រ ចំណតរថយន្តផ្លូវដើរ និងទីតាំងផ្សេងៗមួយចំនួនទៀត ដែលសាងសង់រួចរាល់នាខែកញ្ញាឆ្នាំ២០១៥នេះ ដោយចំណាយអស់ទឹកប្រាក់ជាង២៤លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនMansudae Oversaes Project Gruop of Companiesនៃប្រទេសកូរ៉េខាងជើង។

សារមន្ទីរនេះបានរៀបចំតាំងពិព័រណ៍ផ្សេងៗ ដោយបានបែងចែកជាច្រើនផ្នែកសំខាន់ៗដូចជា ផ្នែករូបថតនិងគំនូរអំពីប្រវត្តិនៃប្រាសាទនិងភូមិដ្ឋានក្នុងរមណីយដ្ឋានអង្គរនាសម័យព្រះបាទជ័យវរ្ម័នទី៧ ផ្នែកគំនូរសព្វទស្សន៍ដែលនិយាយពីដំណាក់កាលសំខាន់ទាំង៣ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺដំណាក់កាលយុទ្ធសាស្រ្ត ការពារ ដំណាក់កាលសាងសង់ប្រាសាទបាយ័ន និងដំណាក់កាលស្រុករុងរឿង។ រោងភាពយន្ត3D ដែលអាចទទួលភ្ញៀវចូល ទស្សនាម្តងបាន២០៤នាក់ កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងភេសជ្ជៈព្រមទាំងមានកន្លែងបញ្ចាំង វីដេអូឯកសារស្តីពីប្រវត្តិប្រាសាទ និងទីតាំងបុរាណនានាដែលអាចឲ្យអ្នកស្រាវជ្រាវ និស្សិត សិស្សសាធារណជនអាចចូលទៅសិក្សាស្វែងយល់បានទៀតផង។











អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
លោកស្រី Gillian Green អ្នកជំនាញជនជាតិអូស្ត្រាលី ផ្នែកវាយនភណ្ឌប្រពៃណី និងជាសមាជិកកិត្តិយសនាយកដ្ឋានប្រតិបត្តិសិល្បៈនៃសាកលវិទ្យាល័យស៊ីដនី ព្រមទាំងជាប្រធានសមាគមសិល្បៈអាស៊ីអូស្ត្រាលី (TAASA) បានយកអំណោយផ្ទាល់ខ្លួនជាសម្ភារៈនិងឧបករណ៍តម្បាញនៃប្រទេសក្នុងតំបន់មេគង្គ ដែលសន្សំបានពីការស្រាវជ្រាវជាយូរឆ្នាំមកហើយ ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ អំណោយទាំងអស់រួមមានសម្ភារ:សរុបចំនួន៤០ ហើយបែងចែកជា៩មុខ ដួចជា៖ ១- រ៉ក ២- ត្រាក់តម្បាញមួយគូ ៣- ក្តារត្រដក់មួយគូនិងមួយចំហៀង ៤- ជើងដាច់មួយគូនិងមួយចំហៀង ៥- ឈើអន្ទងមួយគូ ៦- ប្រាំង ៧- ឧបករណ៍ស្រាវសូត្រមួយសម្រាប់ ៨- ត្រល់ ៩- ឧបករណ៍កិនផ្លែកប្បាស។ ឧបករណ៍ទាំងនេះធ្វើឡើងពីឈើ ឫស្សី ដែលជាចំណែកផ្សេងៗនៃកីតម្បាញ សម្រាប់ដំណើការត្បាញ មានប្រភពមកពីប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសមីយ៉ាន់មា ហើយមានអាយុកាលមិនក្រោមពី៥០ឆ្នាំឡើយ។
FirstPrev12345...1213NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
0608
Yesterday
:
1469
This Week
:
03756
This Month
:
0167685
Total
:
009349967