NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 09 March 2016 12:58 PM Post By ៖ Apsara National Authority

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា តាមរយៈការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រធានអាជ្ញាធរជាតិអប្សរា គឺចង់ឲ្យប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯកនេះមានអាជីពមួយច្បាស់លាស់ដោយខ្លួនឯង ដែលជារបរមានលក្ខណៈយូរអង្វែង និងជាប្រភេទដែលរបរដែលគេចផុតពីការស៊ីឈ្នួលគេ។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរាខិតខំបញ្ជូនអ្នកជំនាញមកសិក្សាលម្អិតអំពីដំណាំកសិកម្ម ដែលសមស្របនឹងដីនៅទីនេះ។ បន្ទាប់ពីបង្ហាញលទ្ធផលថ្ងៃនេះហើយ បញ្ជាក់យ៉ាងច្បាស់ថា ដីនៅរុនតាឯកពិតជាអាចដាំដំណាំបាន យើងបានឃើញទាំងអស់គ្នាហើយ។ ឯកឧត្តមបញ្ជាក់ថា “ការដាំដំណាំសាកល្បងរបស់យើងគឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋងាកមកដាំដំណាំកសិកម្ម និងពង្រឹងជីវភាពគ្រួសារដោយខ្លួនឯង មានភាពជាម្ចាស់ការលើខ្លួនឯង។ បងប្អូនទទួលបានដីហើយ មានបញ្ហាណាដែលខ្វះខាតត្រូវរាយការណ៍ជូនអ្នកដឹកនាំគម្រោងនៅទីនេះផ្ទាល់ យើងនឹងនៅជួយបងប្អូនប្រជាពលរដ្ឋ រហូតបងប្អូនរឹងប៉ឹងដោយខ្លួនឯង”។

លោក តាន់ ហ៊ុយលី អ្នកជំនាញកសិកម្មដែលបានចូលរួមក្នុងការងារនេះបានរៀបរាប់ថា ក្រុមការងាររបស់លោកបានអនុវត្តការដាំដំណាំកសិកម្មនេះបីរបៀប ដើម្បីប្រៀបធៀបជូនប្រជាពលរដ្ឋគឺ របៀបទម្លាប់កសិករ របៀបធម្មជាតិដោយប្រើប្រាស់ជីសរីរាង្គ និងរបៀបGAP (Good Agriculture Practice) ដែលប្រើប្រាស់ជីធម្មជាតិពាក់កណ្តាល និងជីគីមីពាក់កណ្តាល។ លោកបង្ហាញលទ្ធផលដូច្នេះ “តាមពិសោធន៍ទៅលើដំណាំត្រកួនដែលមានរយៈ៣១ថ្ងៃ យើងឃើញថា របៀបធម្មជាតិដោយប្រើប្រាស់ជីសរីរាង្គទទួលបានទិន្នផលខ្ពស់ជាងគេគឺបានដល់ទៅ៤.២២គីឡូក្រាមក្នុងផ្ទៃដីមួយម៉ែត្រការ៉េ បើគិតជាហិកតា គឺបានដល់ទៅជាង៤០តោនក្នុងមួយហិកតា។ បន្ទាប់មកទៀត គឺរបៀបGAP ទទួលបានទិន្នផលមធ្យម៣.៦គីឡូក្រាមក្នុងមួយម៉ែត្រការេ បើគិតជាហិកតាគឺទទួលបានជាង៣០តោន។ ចំណែកកសិកម្មតាមទម្លាប់កសិករវិញទទួលបានទិន្នផលមធ្យម១.៣៥គីឡូក្រាម ដែលគិតជាហិកតាទទួលបានជាង១០តោន”។

ឯកឧត្តមអគ្គនាយកក៏បានបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាធានាជួយរកទីផ្សារជូនបងប្អូនប្រជាពលរដ្ឋ ឲ្យតែមានដំណាំឲ្យគេ។ “កុំបារម្ភរឿងទីផ្សារ យើងមានភោជនីយដ្ឋាន សណ្ឋាគារច្រើនណាស់នៅសៀមរាប គេអាចធ្វើជាទីផ្សារសម្រាប់យើងបាន តែយើងត្រូវតែធានាជាមួយគេថា យើងមានទំនិញលក់ឲ្យគេជាប្រចាំ។ បើយើងជួនមានជួនអត់ គេមិនអាចធ្វើជាទីផ្សារយើងបានទេ។ អញ្ចឹងហើយ សូមបងប្អូនចូលរួមជាមួយយើងទាំងអស់គ្នា គឺធ្វើឲ្យទីនេះក្លាយជាទីកន្លែងផ្គត់ផ្គង់បន្លែគ្មានជាតិគីមីដល់ទីផ្សារក្នុងខេត្តសៀមរាប”។

គួររំឭកថា ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅភូមិធម្មជាតិ រហូតមកដល់ពេលនេះមានចំនួនជាង១០០គ្រួសារហើយ។ គ្រួសារទាំងនេះសុទ្ធតែទទួលបានផ្ទះ ដីសាងសង់ផ្ទះ និងដីធ្វើស្រែចម្ការជិត១ហិកតា។ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក កំពុងមមាញឹកដឹកនាំប្រជាពលរដ្ឋឲ្យបង្កបង្កើនផលលើដីរបស់ខ្លួន ដើម្បីបង្កើនជីវភាពគ្រួសារ ដោយផ្តោតសំខាន់ទៅលើដំណាំកសិកម្ម។ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃ៨មីនានេះដែរ ឯកឧត្តមអគ្គនាយកក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនស្ត្រីចំនួន៣៦នាក់ ដោយម្នាក់ៗទទួលបាន២ម៉ឺនរៀល៕



















បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
FirstPrev1234NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
0481
Yesterday
:
1922
This Week
:
00481
This Month
:
0048954
Total
:
009422230