ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរារៀបចំទស្សនកិច្ចសិក្សា ដល់និស្សិតបុរាណវិទ្យានៅតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 05 ខែ មិនា ឆ្នាំ2016 08:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាក្រៅពីមានភារកិច្ចចម្បងក្នុងការថែរក្សា អភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់អង្គរហើយ ក៏ជាស្ថាប័នផ្តល់ចំណេះដឹង ចែករំលែកបទពិសោធន៍ដល់សិស្សនិស្សិតទូទៅ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិជាច្រើនផងដែរ។

ជាក់ស្តែងចាប់ពីថ្ងៃទី០១-១០ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំទស្សនកិច្ចសិក្សាដល់និស្សិតឆ្នាំទី៤ចំនួន៣០នាក់ នៃមហាវិទ្យាល័យបុរាណវិទ្យារបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីធ្វើការសិក្សាឈ្វេងយល់អំពីការងារអភិរក្ស ការគ្រប់គ្រងប្រាង្គប្រាសាទ និងបុរាណវិទ្យានៅក្នុងតំបន់អង្គរ ព្រមទាំងនៅរមណីយដ្ឋានកោះកេរ បេងមាលាទៀតផង ដែល ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរា។ នេះជាសកម្មភាពដែលអាជ្ញាធរជាតិអប្សរាតែងតែធ្វើជាប្រចាំ សម្រាប់ជួយដល់និស្សិតដែលសិក្សាផ្នែកបុរាណវិទ្យា ដើម្បីឱ្យពួកគេបានសិក្សាបន្ថែមលើចំណេះដឹងនៅសាលានិងមានប្រសិទ្ធភាពក្នុងការធ្វើការងារនាពេលអនាគត។

កម្មសិក្សានេះដឹកនាំនិងធ្វើបទបង្ហាញដោយមន្ត្រីជំនាញជាច្រើនរូបនៃអាជ្ញាធរជាតិអប្សរានិងសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានបទពិសោធន៍និងចំណេះដឹងខ្ពស់ ទាក់ទងនឹងប្រធានបទនីមួយៗដូចជា លោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ធ្វើបទបង្ហាញស្តីពីប្រវត្តិដើមសម័យអង្គរ នៅតំបន់ហរិហរាល័យ។ ក្នុងនោះ ក្រុមការងារអនុវត្តផែនការទេសចរណ៍អង្គរ ក៏បង្ហាញពីការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរផងដែរ។ បន្ថែមពីនោះ និស្សិតទាំងអស់នឹងត្រូវចុះទៅស្រង់បទពិសោធន៍សិក្សាផ្ទាល់នៅតាមក្រុមប្រាសាទមួយចំនួននៅក្នុងតំបន់រលួសនិងក្រុមប្រាសាទនៅអង្គរ ដោយសិក្សាអំពីអង្គធំនិងរចនាសម្ពន្ធក្រុង។ បន្ទាប់មកទៀតនឹងបន្តដំណើរសិក្សាបន្ថែមអំពីភាជន៍សម័យអង្គរនៅសារមន្ទីកុលាលភាជន៍អង្គរភូមិតានី សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងភូមិធម្មជាតិរុនតាឯក។

ក្រៅពីសិក្សានៅក្នុងតំបន់អង្គរ និស្សិតទាំងអស់ក៏មានឱកាសចុះទៅទស្សនកិច្ចសិក្សានៅរមណីយដ្ឋានកោះកេរនិងបេងមាលា ដោយផ្តោតសំខាន់ទៅលើប្រវត្តិនិងមុខងារនៃសំណង់ប្រាសាទ ព្រមទាំងបានសិក្សាឈ្វេងយល់អំពីបណ្តាញផ្លូវបុរាណក្នុងចក្រភពខ្មែរនាសម័យអង្គរដែលភ្ជាប់ពីតំបន់អង្គរទៅកាន់ទីប្រជុំជនផ្សេងៗ មានភិមាយជាដើម។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ ធ្វើបង្ហាញឱ្យនិស្សិតយល់អំពីប្រវត្តិតំបន់អង្គរនិងបណ្តាញផ្លូវទឹកសម័យបុរាណ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែផ្តល់ចំណេះជំនាញវិជ្ជាជីវៈដល់និស្សិតទាំងអស់នោះទេ តែវាជាការចែករំលែកបទពិសោធន៍ដ៏សំខាន់សម្រាប់យុវជនជំនាន់ក្រោយដែលអ្នកជំនាន់មុនត្រូវតែធ្វើ។ លោកបញ្ជាក់ថា យុវជនជាអ្នកបន្តវេនដ៏សំខាន់ពីចាស់ៗក្នុងការថែរក្សាកេរ្តិ៍មរតកដូនតា ដែលទាមទារចាំបាច់នូវចំណេះដឹងពិតប្រាកដក្នុងកិច្ចការទាំងនោះ៕










នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារនិងគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានបញ្ចប់ការសិក្សាទាំង៤វគ្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ។
បន្ទាប់ពីចំណាយពេលអស់១០ថ្ងៃដើម្បីចុះកម្មសិក្សាទាក់ទងនឹងបុរាណវិទ្យា ការអភិរក្ស ជួសជុល និងគ្រប់គ្រងប្រាសាទនៅលើទឹកដីខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យហើយនោះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រុមនិស្សិតបុរាណវិទ្យាទាំង៣០នាក់បានបញ្ចប់ភារកិច្ចដោយជោគជ័យ។ កម្មសិក្សានេះបានចាប់ផ្តើមនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ទទួលបន្ទុកទាំងស្រុងដោយអាជ្ញាធរជាតិអប្សរានិងដឹកនាំដោយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរានៅតាមប្រធានបទនិងទីតាំង រួមទាំងសាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យាផងដែរ។
បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលសមត្ថភាពទាក់ទងនឹងការរៀបចំប្លង់មេសម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទនៅក្នុងតំបន់អង្គរ (Monument Excutive Development) ពីអ្នក ជំនាញបារាំងអស់រយៈពេល៥ថ្ងៃកន្លងមក នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សិក្ខាកាមទាំងអស់ បានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ។
មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៣០នាក់ មកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេសម្រាប់ការអភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទ «Monument Excutive Development Plan» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។
វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មតាមបែបវិទ្យាសាស្ត្រ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺអ្នកជំនាញចំនួន៣០រូប របស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដើមដំបូងមុន12345...89បន្ទាប់ចុងក្រោយ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
3558
ម្សិលមិញ
:
12642
សប្តាហ៍នេះ
:
47227
ខែនេះ
:
0383524
សរុប
:
002312184