ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធី ទិវាវប្បធម៌ជាតិលើកទី១៨នៅមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិនា ឆ្នាំ2016 04:12 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅពីមុខប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់កម្ពុជា នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានរៀបចំទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ មន្ត្រីបុគ្គលិក ឆ្មាំ កម្មករ និងសិស្ស និស្សិតយ៉ាងច្រើនកុះករ។

ប្រធានបទសំខាន់សម្រាប់ពិធីក្នុងឱកាសនោះ គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលក្នុងនាមអាជ្ញាធរជាតិអប្សរាជាស្ថាប័នមានតួនាទីគ្រប់គ្រងតំបន់ឧទ្យានអង្គរ ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិរក្សមរតកទាំងរូបីនិងអរូបីរបស់អង្គរ ព្រមទាំងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដើម្បីត្រៀមទទួលការបន្តវេនក្នុងកិច្ចការដ៏មានតម្លៃនេះ។

មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងអំពីកិត្យានុភាពនៃដែនដីអង្គរ រួមទាំងឥទ្ធិពលនៃសិល្បៈខ្មែរនាសម័យនោះ ដែលបានដើរតួនាទីអភិវឌ្ឍន៍នយោបាយនិងវប្បធម៌នៅក្នុងតំបន់ហើយឥទ្ធិពលទាំងនោះបានគ្រប់ដណ្តប់ស្ទើរពេញតំបន់អាស៊ីអាគ្នេយ៍ទៀតផង។ តាមរយៈគុណតម្លៃដ៏វិសេសវិសាលជាសាកលនិងកិច្ចការងារអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីបណ្តាស្ថាប័នជាតិ-អន្តរជាតិដែលពាក់ព័ន្ធទាំងអស់ផងនោះ បានធ្វើឱ្យអង្គរក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ ថែមទាំងបានរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលជូនជាតិនិងបង្កើតការងារជាច្រើនផងដែរ។

ចំណែកលោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានលើកឡើងថា ក្នុងកិច្ចការអភិរក្ស ពិតណាស់គឺចាំបាច់ត្រូវមានការចូលរួមពីកម្លាំងយុវជន តែក៏ត្រូវមានការណែនាំពីសំណាក់ចាស់ព្រឹទ្ធាចារ្យជំនាញ ក្នុងការផ្ទេរនូវចំណេះដឹងនិងបទពិសោធន៍ដែលធ្លាប់ជោគជ័យលើកិច្ចការទាំងនោះទៅកាន់ពួកគេដោយមិនអាចខ្វះបាន។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសយុវជនដែលជាសរសរទ្រូងដ៏សំខាន់សម្រាប់កិច្ចការអភិរក្សក្នុងពេលអនាគត។

បន្ថែមពីនោះ លោក ជ្រុន សុផល ឧបការីនិងជាប្រធានក្រុមការងារសហគម ក៏បានចាប់អារម្មណ៍ពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ចំពោះប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរផងដែរ។ អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើកតម្លៃ ថែរក្សានូវមរតករបស់អ្នកស្រុកអង្គរឱ្យរស់នៅជានិរន្តន៍ ដោយហេតុថា អង្គរជារមណីយដ្ឋានរស់ ដូចនេះ សហគមន៍មនុស្សក៏ជាមរតកបេតិកភណ្ឌវប្បធម៌ដ៏សំខាន់ដែលត្រូវគិតគូរខ្ពស់ដូចប្រាង្គប្រាសាទអង្គរដែរ។

ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា មានមតិថា ការប្រារព្ធទិវាវប្បធម៌ជាតិនៅថ្ងៃនេះ គឺដើម្បីសម្តែងកត្តញ្ញូតាធម៌ចំពោះដូនតាខ្មែរ ព្រមទាំងលើកទឹកចិត្តឱ្យកូនខ្មែរគ្រប់រូបនាំគ្នាការពារ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្សរហូតទៅ។ លើសពីនោះទៅទៀត ការងារអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ ជាការងារគ្មានទីបញ្ចប់ ដូចនេះ យើងត្រូវមានផែនការគ្រប់គ្រងធនធានមនុស្សឱ្យបានសមស្រប។ ការបណ្តុះបណ្តាល អប់រំយុវជន ជាការងារអាទិភាព ដែលកន្លងមក អាជ្ញាធរជាតិអប្សរាបានបំពេញកិច្ចការងារទាំងនេះជាមួយស្ថាប័នអន្តរជាតិជាច្រើន ដូចជាការរៀបចំវេទិកាយុវជនបេតិកភណ្ឌពិភពលោក និងវេទិកាផ្សេងៗទៀតជាដើម។

ក្រៅពីនោះ អាជ្ញាធរជាតិអប្សរាក៏បានទទួលស្វាគមន៍រាល់កម្មវិធីសិក្សារបស់សិស្សនិស្សិត មកពីបណ្តាមហាវិទ្យាល័យផ្សេងៗដែលមានបំណងចង់ស្វែងយល់ពីការងារអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរា ក៏កំពុងពិចារណាលទ្ធភាពបើកឱកាសឱ្យទូលាយដល់យុវជន ដើម្បីបានចូលរួមបំពេញកិច្ចការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ឱ្យសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកយុវជនជាសរសរទ្រូងដ៏សំខាន់ក្នុងកិច្ចការអភិរក្សនិងលើកតម្លៃវប្បធម៌ជាតិ។

ក្នុងឱកាសនោះដែរ ក្រុមសិល្បៈរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប ក៏បានសម្តែងរបាំទេវប្រទានពរនិងរបាំអប្សរា ជូនថ្នាក់ដឹកនាំនិងភ្ញៀវបានទស្សនាទៀតផង។ ដោយឡែកនារាត្រីថ្ងៃទី០២នេះ ក្រុមសិល្បៈនឹងបន្តសម្តែងភាពល្ខោនស្បែកធំនៅមុខប្រាសាទអង្គរវត្តជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់បានទស្សនា ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិលើកទី១៨ ឆ្នាំ២០១៦។

ក្រៅពីនោះ អាជ្ញាធរជាតិអប្សរាក៏បានលើកទឹកចិត្តដល់យុវជនក្នុងការចូលរួមលើកស្ទួយវប្បធម៌ជាតិ និងចូលរួមគាំទ្រគ្រប់សកម្មភាពនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលផ្តួចផ្តើមគំនិតរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងន័យបង្ហាញនូវប្រពៃណីវប្បធម៌ដ៏ល្អរបស់ជាតិខ្មែរក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះផងដែរ៕














សិក្ខាសាលាស្តីពី "ព្រៃឈើ ព្រះសង្ឃ និងជីវភាពបរិស័ទ" សម្រាប់វត្តគោលដៅក្នុងដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ច សហគមន៏ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA របស់អាជ្ញាធរជាតិ
រូបចម្លាក់ស្តេចភជុង្គនាគក្បាល៥ ដែលក្មេងឃ្វាលគោ ហឿន ហឿយ រស់នៅភូមិត្រពាំងអំពិល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀបមរាប ជីកបាននៅមាត់ត្រពាំងល្បើកកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ កន្លង
អ្នកស្រុកអង្គរនៅតែជាឃ្លាំងផ្ទុកនូវមត៌កវប្បធម៌ដូនតាខ្មែរ ដ៏គួរឲ្យចាប់អារម្មណ៍ បើទោះជាបានឆ្លងកាត់ដំណាក់កាលវិវត្តន៍ជាច្រើនជំនាន់មនុស្សមកហើយក្តី។ ពិធីសាសនា ទំនៀមទម្លាប់ប្រចាំថ្ងៃ និងកិច្ចពិធី
ក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចពិភាក្សាដ៏មានសារៈសំខាន់មួយ ស្តីពី ការអនុវត្តក្រមប្រតិបត្តិអង្គរ នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ នៅ
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិអំពីស្ថានភាពចំណូលដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែឧសភា ឆ្នាំ២០១៥

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0844
ម្សិលមិញ
:
1879
សប្តាហ៍នេះ
:
05871
ខែនេះ
:
0169800
សរុប
:
009352082