NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 01 March 2016 02:03 PM Post By ៖ Apsara National Authority

សក្តានុពលទេសចរណ៍នៅខេត្តសៀមរាប គឺទេសចរណ៍វប្បធម៌ ដែលក្រៅពីប្រាង្គប្រាសាទដ៏ល្បីល្បាញជាច្រើនហើយនោះ ជំនឿក៏ជាដួងព្រលឹងដែលមានជីវិតរស់រវើកនិងមានឥទ្ធិពលក្នុងផ្នត់គំនិតរបស់អ្នកស្រុកអង្គរ ហើយត្រូវបានគោរពបូជានិងជឿជាក់យ៉ាងមុតមាំទៀតផង។

មានជំនឿពីដូនតាជាច្រើនដែលអ្នកស្រុកអង្គររក្សា ពេលនេះយើងនឹងលើកពីពិធីលៀងមេមត់ដែលអ្នកស្រុកនគរក្រៅនិងស្រុកភូមិផ្សេងទៀតទើបតែបញ្ចប់។ អ្នកនគរក្រៅ ធ្វើពិធីលៀងមេមត់ ដោយ អ្នកចូលរូបទាំងអស់ត្រូវមកជួបជុំគ្នានៅផ្ទះគ្រូធំឈ្មោះ គង់។ គ្រូធំមានតួនាទីមើលការខុសត្រូវអន្ទោងយោងកូនៗទាំងអស់ដែលមកចូលរួម តែកន្លែងខ្លះទៀតគ្មានគ្រូធំទេ មានតែបុគ្គលប៉ុណ្ណោះ ហើយគេលៀងនៅតែផ្ទះអ្នកឈឺ។ ប៉ុន្តែទោះបីមានភាពខុសគ្នាយ៉ាងណាក្តី ក៏ពិធីនេះមានគោលបំណងរួមតែមួយ គឺដើម្បីឱ្យអ្នកស្នងរូបជាស្រឡះសះស្បើយពីជំងឺរោគា បណ្តេញព្រាយព្រ័ក្ស និងឱ្យភូមិស្ថានបានសុខចម្រើន ហើយពិធីនេះគេធ្វើតែនៅខែមាឃធំប៉ុណ្ណោះ ក្នុងថ្ងៃណាក៏បាន ហើយធ្វើពីយប់ដល់ព្រឹក។

តាមការសង្កេត អ្នកចូលរួបក្នុងពិធីមានច្រើននាក់ មានទាំងចាស់ទាំងក្មេងហើយ សុទ្ធតែជាមនុស្សស្រី។ ក្នុងការរៀបគ្រឿងរណ្តាប់ម្ចាស់រូបត្រូវធ្វើដោយខ្លួនឯងតាមការពេញ ចិត្តរបស់គ្រូកំណើត ឈ្នួរ និងគ្រូសណ្ឋិតរូប មានស្លាធម៌បញ្ច្រាសនិងបណ្តោយ ដែលធ្វើពី ដើមនិងស្លឹកចេក ជម៤ ជមម្ចាស់រូប និងជមគ្រូកំណើតធ្វើពីផ្លែដូង ដើមខ្លែងគង់ ដើមចាមរី រូបស្វា រូបតាឥសី។ល។ បាយសីប៉ាកឆាម រួមទាំងសម្លៀកបំពាក់ គ្រឿងអលង្ការ សម្ភារៈ ផ្សេងៗទៀត និងគ្រឿងសំណែនផង។

ការប្រគំភ្លេង ភាគច្រើនគឺតម្រូវតាមចំណូលចិត្តគ្រូសណ្ឋិត មានបទស្តេចយាង សំពៅថយ ប្រផាត បទប្រគំគ្រូ និងបទប្រជាប្រិយខ្មែរជាដើម។ បើតាមការរៀបរាប់របស់អ្នកស្រុកមួយចំនួនធំបានប្រាប់ថា ក្នុងការលៀងមេមត់នេះ វត្ថុបីដែលសំខាន់ជាងគេ គឺភ្លេង សម្លៀកបំពាក់ និងជម។ បើភ្លេង សម្លៀកបំពាក់ ជមមិនដូចអ្វីដែលគ្រូចង់បាន គ្រូក៏មិនចូលរូបអ្នកស្នងដែរ។ គ្រូនឹងធ្វើឱ្យរូបយំសោក ខឹង បោកកម្ទេចជមនិងគ្រឿងរណ្តាប់ដទៃទៀត គ្រវាត់ចោល ហើយធ្វើឱ្យម្ចាស់រូបនៅតែឈឺមិនជាស្រឡះពីជំងឺឡើយ។ ផ្ទុយទៅវិញបើគ្រូ ពេញចិត្ត គ្រូនឹងលើកថែថើបវត្ថុទាំងនោះ យកទៅបង្អួតគ្រូធំ សើចសប្បាយរីករាយ ហើយ ធ្វើឱ្យម្ចាស់រូបជាពីជំងឺសុខកាយសប្បាយចិត្ត។

អ៊ំស្រី គង់ ជាគ្រូធំ តំណាងឱ្យរូបស្តេចស្វា ហៅ «ព្រះរាជគ្រូ» មានធ្នូជាសម្ភារៈសំណព្វចិត្ត បានប្រាប់ថា មកដល់ពេលនេះអ៊ំស្រីមានគ្រូកាន់ជាង៨ឆ្នាំហើយ។ ដំបូងអ៊ំមិនជឿលើព្រះអង្គ គ្រូចូលរូបអីទេ រហូតដល់អ៊ំឈឺត្រដាបត្រដួសស្ទើរស្លាប់ រកពេទ្យបីបួនមើលមិនជា ក៏នៅតែមិនជឿ ហើយគេប្រាប់ថាឱ្យកាន់រូប ក៏គាត់មិនខ្វល់។ ចុងក្រោយទាំងប្តី ទាំងកូនគាត់ក៏ឈឺទៀត ទើបគាត់សម្រេចចិត្តជឿ ហើយរៀបចំគិតគូរ និងប្រតិបត្តិតាមគ្រូចង់បាន។ អ៊ំស្រីបន្តទៀតថា ដើមឡើយអ៊ំក្រណាស់ មានកូនដល់ទៅ៨នាក់ ផ្ទះខ្ទមរខេករខាក មានជំងឺមិនដាច់ តែតាំងពីជឿមក ធ្វើឱ្យជីវិតប្រែប្រួលខ្លាំង ប្តីក៏ឈប់ផឹក កូនចៅក៏សុខសប្បាយ ទោះមិនមានខ្លាំង តែមានផ្ទះសម្បែងសមរម្យពេញដោយសុភមង្គល។ អ៊ំស្រីមិនត្រឹមតែអ្នកចូលរូបទេ តែជាគ្រូព្យាបាលជំងឺឈឺក្បាលវិលមុខនិងដោះអំពើយ៉ាងពូកែស័ក្ដិសិទ្ធិទៀតផង មានអ្នកជិតអ្នកឆ្ងាយ ចូលមករកពឹងពាក់មិនដែលដាច់ថ្ងៃ តែមិនដែលកំណត់ទ្រនឹបទេ។ ជាធម្មតាអ៊ំព្យាបាលអ្នកជំងឺបើថា៣ថ្ងៃជាគឺ៣ថ្ងៃ យ៉ាងយូរបំផុត៨ថ្ងៃ ហើយមានភាគតិចណាស់ដែលមិនសូវសមប្រកប។ ដូច្នេះហើយឱ្យតែដល់ខែមាឃធំ អ៊ំត្រូវលៀងមេមត់ម្តង ដោយមានកូនៗមកចូលរួមចាប់ពី២០ទៅ៣០នាក់ជាង។ ក្នុងពេលលៀងមេមត់នេះ ក៏មានអ្នកជំងឺមកមើលច្រើនដែរ ព្រោះជាថ្ងៃដែលគ្រូពូកែខ្លាំង។

បន្ថែមពីនោះ អ៊ំស្រីក៏រៀបរាប់ដោយអឹមអៀននិងអស់សំណើចថា ពេលចូលរូបអត់ខ្មាសទេ ឮតែភ្លេងពិណពាទ្យ គឺចង់តែរាំទ្រាំ មិនបាន ទាំងតាមធម្មតាអ៊ំស្រីជាមនុស្សអៀនច្រើន សុភាព មិនចេះរាំរែកសូម្បីបន្តិច។ អ៊ំស្រីនឹងបន្តជំនឿនេះរហូត ព្រោះជំនឿនេះធ្វើឱ្យអ៊ំ គ្រួសារអ៊ំ និងស្រុកភូមិមានក្ដីសុខ ហើយ មិនជឿដែរថាជំនឿនេះនឹងបាត់បង់ពីទឹកដីអង្គរដែរ ដោយសារមានកូនចៅច្រើនណាស់ គោរពប្រតិបត្តិនិងជឿជាក់ ចំណែកគ្រួសារគាត់ ពេលអត់ពីគាត់ទៅ ព្រះអង្គដែលកាន់រូប នឹងឱ្យកូនប្រុសពៅគាត់ស្នងបន្ត ព្រោះគេមានគ្រូកាន់តាំងពីកំណើត ហើយបច្ចុប្បន្នកូនប្រុសគាត់ក៏ជាអ្នកព្យាបាលជំងឺឱ្យគេដ៏ពូកែម្នាក់ដែរ។

អ៊ំស្រី ជុន អាយុ៥២ឆ្នាំ ជាអ្នកភូមិនគរក្រៅបានប្រាប់ថា ចំពោះអ្នកស្រុកនេះ គេជឿជាក់លើលៀងមេមត់នេះណាស់ មិនដែលមានអ្នកណាហ៊ានប្រមាថមើលងាយទេ តែអាចលេងសើចរាំរែកជាមួយមេមត់បាន ហើយគេលៀងមេមត់ដើម្បីឱ្យជាពីជំងឺ។ រាល់ឆ្នាំគេលេងនៅទីនេះផង (ផ្ទះអ៊ំស្រី គង់) នៅខាងលិចភូមិផង ហើយតាំងពីកើតមក ឃើញគេប្រារព្ធពិធីនេះរាល់ឆ្នាំឱ្យតែដល់ខែមាឃធំ។ អ៊ំស្រីបញ្ជាក់ថា នៅពេលគ្រូចូលហើយ រូបនោះតែងដើររកសាច់ញាតិដើម្បីយកគ្រឿងរណ្តាប់ឱ្យ បើរកមិនឃើញទេ គឺនៅតែដើររកពេញហ្នឹង។ មេមត់ស្រឡាញ់ជម សម្លៀកបំពាក់ និងភ្លេងណាស់ បើចូលបានរាំរែក គឺខ្លួនម្ចាស់នោះនឹងជាសះស្បើយ តែបើមិនចូលទេ ម្ចាស់រូបនោះនឹងនៅតែឈឺដដែល ហើយបើមេមត់ខុសជមវិញ គឺង៉ក់ខ្លាំងណាស់ ជួនកាលយំមួយយប់វាស់ព្រឹកក៏មាន ហើយបោកគ្រឿងរណ្តាប់ចោលអស់។ អ៊ំស្រីបន្តទៀតថា រូបមួយមានគ្រូ៣ទៅ៤នាក់ឯណោះ គ្រូមួយចេញ គ្រូមួយចូល ឯរូបខ្លះទៀត ក៏មិនមានគ្រូចូលដែរ ព្រោះរៀបចំឱ្យគ្រូមិនត្រូវ។

បងស្រី រ៉ាត់ អាយុ២៩ឆ្នាំ បានប្រាប់ថា គាត់មានគ្រូកាន់២ឆ្នាំហើយ ហើយនេះជាឆ្នាំទី២ដែលគាត់មកលៀងមេមត់នឹងគេ។ គាត់មានរូប២សណ្ឋិត គឺព្រះនាងគង្ហីងនិងខ្មោចឪពុកគាត់។ គ្រូទាំងពីរស្លូតបូតណាស់ ចំពោះព្រះនាងគង្ហីងវិញ ពេលចូលរូបមិនទាមទារគ្រឿងរណ្តាប់អ្វីច្រើនទេ គ្រាន់តែចូលមកដើម្បីរាំលេងសប្បាយប៉ុណ្ណោះ។ មុននឹងគាត់ជឿជំនឿនេះ គឺគាត់ឈឺជាខ្លាំង ហើយពេលរកឃើញថាមានគ្រូកាន់ គាត់ក៏រៀបចំគ្រឿងរណ្តាប់ដែលគ្រូត្រូវការ រួចមកចូលរូបនឹងគេ ហើយក៏ជារូបជាអង្គទៅ។ ពេលចូលគាត់ដឹងខ្លួនដែរ តែមិនអាចបញ្ជាខ្លួនឯងបាន ហើយហត់ណាស់ពេលចូលរូបរូច តែមានកម្លាំងនិងស្រឡះខ្លួន។

ដោយឡែក បងស្រី ចន្ធូ បុគ្គលិកធ្វើការនៅប្រទេសថៃនិងជាអ្នកជំងឺម្នាក់ដែលអ៊ំ គង់ ជួយព្យាបាលឱ្យជាសះស្បើយបានប្រាប់ថា ដំបូងគាត់ជាមនុស្សរបឹងនឹងជំនឿណាស់ រហូតដល់គាត់ធ្លាក់ខ្លួនឈឺ ទៅពេទ្យក្នុងនិងក្រៅស្រុក គេថាគ្មានជំងឺអីទេ សុខភាពល្អធម្មតា តែគាត់ចេះតែសន្លប់ ស្រែករហូត ទើបគាត់មិនអស់ចិត្ត ក៏ឮថាអ៊ំ គង់ ចេះមើលជំងឺ ក៏សាកប្រថុយមករក ហើយក៏ជាដូចបំណងមែន។ សព្វថ្ងៃបងស្រីមានការជឿជាក់និងគោរព ជំនឿចូលរូបនេះណាស់ ព្រោះតាំងពីស្គាល់អ៊ំ គង់ មក បងស្រីនិងគ្រួសារសុខសប្បាយ ចេះតែរកស៊ីកាក់កបរហូត មិនឃើញមានខាតបង់ មិនសូវអស់លុយកាក់ទៅពេទ្យ ហើយក៏មិនខ្វល់អ្នកដទៃថាជឿលើរឿងអត់ប្រយោជន៍អីដែរ ដូច្នេះហើយទោះរវល់ប៉ុណ្ណា ក៏គាត់ឆ្លៀតមកចូលរួមលៀងមេមត់ដែរ ហើយគាត់ក៏នាំម្តាយមកដោះអំពើនៅថ្ងៃនេះទៀតផង។

បន្ទាប់ពីចូលមេមត់ចប់ គ្រូធំ ក៏រៀបចំពិធីបណ្តេញព្រាយ រើពិតានដើម្បីកុំឱ្យពួកសភាវៈអាក្រក់ ចូលមកយាយី ហើយបើតាមការពិនិត្យសកម្មភាពជាក់ស្តែងនៅថ្ងៃចូលមេមត់ ក្រៅពីការជឿជាក់លើជំនឿនេះហើយ ប្រជាជនដែលនៅក្នុង តំបន់នេះមានការអបអរសា ទរនឹងជំនឿនេះជាខ្លាំងទាំងចាស់ទាំងក្មេងមកមើលកកកុញ បន្ទរស្រែកហ៊ោតាមភ្លេង និង រាំលេងឌឺដងជាមួយរូបដែលរេរាំតាមចង្វាក់ភ្លេងមិនឈប់។ ការចូលរួម ភាពជឿជាក់ និង ការឃើញរឿងហេតុអស្ចារ្យទាំងនេះហើយដែលធ្វើឱ្យពួកគាត់យល់ថា វត្ថុស័ក្ដិសិទ្ធិនិងបារ មីនៅតែមានជីវិតរស់នៅលើដែនដីអង្គរ មិនសាបសូន្យទៅណា ទើបពេលឈឺជាអ្នកស្រុក អង្គរភាគច្រើនមិនដែលចោលការបន់ស្រន់ លៀងមេមត់ បូលរូប ទោះបីជាពួកគាត់ទៅពេទ្យដែរក៏ដោយ៕
















អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
FirstPrev12345...1213NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
28687
Yesterday
:
28271
This Week
:
56958
This Month
:
0213039
Total
:
012720628