ព័ត៌មានថ្មីៗ

ក្រុមអភិរក្សព្រៃឈើប្រាសាទកោះកេរចាប់ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយអំពីការងារអភិរក្សដល់ប្រជាពលរដ្ឋ

បានផ្សាយនៅ ថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ2016 08:29 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមការងារផ្សព្វផ្សាយអប់រំអំពីការងារអភិរក្សព្រៃឈើនៅតំបន់ប្រាសាទកោះកេរ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ បានចុះជួបប្រជាពលរដ្ឋជាង២០០នាក់នៅវត្តស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ការជួបជុំនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីតម្លៃនៃការងារអភិរក្ស និងគោលការណ៍សំខាន់ៗដែលត្រូវអនុវត្តក្នុងតំបន់អភិរក្សនៃប្រាសាទកោះកេរ។ នេះជាលើកទី២ហើយនៃយុទ្ធនាការចុះអប់រំប្រជាពលរដ្ឋ បន្ទាប់ពីយុទ្ធនាការទី១បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នៅភូមិរំចេក ឃុំស្រយ៉ង់ ខេត្តព្រះវិហារ។ ការផ្សព្វផ្សាយអប់រំ គឺជាបេសកកម្មដ៏សំខាន់មួយដែលត្រូវធ្វើដំណាលគ្នានឹងការបង្រ្កាប ទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់អភិរក្សនេះ។

ឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានគណៈកម្មការចម្រុះគ្រប់គ្រងអភិរក្ស ព្រៃឈើតំបន់ប្រាសាទកោះកេរបានពន្យល់លម្អិតអំពីគោលការណ៍អភិរក្សតំបន់កោះកេរ ដែលយកគំរូតាមតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តមបានអំពាវនាវឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការងារនេះ។ “ព្រៃឈើ និងបេតិកភណ្ឌគឺជារបស់យើងទាំងអស់គ្នាបើប្រជាពលរដ្ឋយើងចូលរួម គឺមិនត្រឹមតែឈប់កាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ តែក៏អាចជួយពន្យល់ណែនាំឲ្យអ្នកផ្សេងទៀតចូលរួមដែរ។ មិនត្រឹមប៉ុណ្ណោះ ប្រជាពលរដ្ឋក៏មិនត្រូវឈរមើលអ្នកណាមកបំផ្លាញព្រៃឈើ និងបេតិកភណ្ឌរបស់យើងដែរ”

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ក្នុងពិធីផ្សព្វផ្សាយនេះថា ការអភិរក្សព្រៃឈើមានសារៈសំខាន់ណាស់ចំពោះប្រាសាទក្នុងតំបន់កោះកេរ។ លោកពន្យល់ថា ព្រៃឈើមានប្រយោជន៍៤ យ៉ាងចំពោះប្រាសាទគឺ ព្រៃឈើជារបាំងខ្យល់មិនឲ្យបក់បោកខ្លាំងមកប៉ះប្រាសាទ ព្រៃឈើការពារចម្រោះទឹកដែលហូរបុកខ្លាំងមកលើប្រាសាទ ព្រៃឈើជារក្សាសំណើមជាប្រចាំចំពោះប្រាសាទ និងជាចុងក្រោយ ព្រៃឈើបានផ្តល់សោភណភាពដ៏ស្រស់ស្អាតដល់ប្រាសាទ។ លោករៀបរាប់ថា ប្រាសាទដែលអាចតាំងនៅរាប់ពាន់ឆ្នាំកន្លងមកនេះ ក៏ដោយសារមានគម្របព្រៃឈើនេះហើយ។

លោក អ៊ិត ភូម្រា នាយករដ្ឋបាលព្រៃឈើខេត្តព្រះវិហារលើកឡើងក្នុងពិធីផ្សព្វផ្សាយនេះថា ប្រជាពលរដ្ឋទាំងអស់ត្រូវផ្លាស់ប្តូរគំនិតពីការកាប់បំផ្លាញ មកជាការចូលរួមថែរក្សាព្រៃឈើវិញ។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងការអភិរក្សនេះដែរ តាមរយៈការមិនកាប់បំផ្លាញ ឬរុករានដីធ្វើកម្មសិទ្ធិ និងចូលរួមរាយការណ៍រាល់ពេលប្រទះបទល្មើសព្រៃឈើផ្សេងៗ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

លោកតាឈុន អឿន អាយុ៧២ឆ្នាំជាអតីតគ្រូបង្រៀនសម័យសង្គមរាស្ត្រនិយមបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការងារអភិរក្សព្រៃឈើ និងសកម្មភាពអប់រំផ្សព្វផ្សាយនេះ ដោយលោកតាបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនដែលបានកាប់រានដី ឬលួចកាប់ព្រៃកន្លងមកគឺមកពីមិនយល់ពីតម្លៃនៃព្រៃឈើ និងបេតិកភណ្ឌរបស់ជាតិ។ លោកតាបញ្ជាក់ថា ការទប់ស្កាត់បទល្មើសព្រៃគឺត្រូវផ្តើមចេញពីអ្នកអភិរក្សតែម្តង។ បើអ្នកអភិរក្សធ្វើត្រឹមត្រូវ ដោយហ៊ានដាក់ទោសចំពោះអ្នកប្រព្រឹត្តមិនលើកលែងនោះ ប្រជាពលរដ្ឋច្បាស់ជានឹងខ្លាចរអាជាមិនខាន។ ទន្ទឹមនឹងនេះលោកតាក៏បានអំពាវឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់គ្នា ដើម្បីថែរក្សាព្រៃឈើ និងបេតិកភណ្ឌដូនតាឲ្យបានគង់វង្ស។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់កោះកេរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មការចម្រុះមួយ ដែលមានឈ្មោះថា គណៈកម្មការចម្រុះគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើនៅតំបន់ប្រាសាទកោះកេរ កាលពីដើមខែមករាកន្លងទៅនេះ។ ក្រុមការងារនេះមានបេសកកម្មសំខាន់ៗដូចជា ការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការងារអភិរក្សព្រៃឈើ ការងារទប់ស្កាត់បទល្មើសព្រៃឈើជាដើម។ ការងារនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈអភិបាលខេត្តព្រះវិហារ ជាពិសេសការចូលរួមដោយផ្ទាល់ពី ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់៕






រមណីយដ្ឋានកោះកេរដែលលាតសន្ធឹងលើផ្ទៃដី ៨១គីឡូម៉ែត្រក្រឡា មានប្រាសាទ និងបុរាណដ្ឋានជាច្រើន ព្រមទាំងហ៊ុមព័ទ្ធដោយព្រៃល្បោះជុំវិញ គួរជាទីគយគន់ពន់ពេក។ សព្វថ្ងៃអ្នកអភិរក្សកំពុងញាប់ដៃញាប់ជើង រិះរកវិធីសាស្ត្រថែរក្សាព្រៃនេះឲ្យបានគង់វង្ស ដោយសារព្រៃនេះនៅមានឈើប្រណីតល្អៗច្រើន ដែលពួកជនទុច្ចរិតមួយចំនួនកំពុងផ្តោតទិសដៅតម្រង់។
នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រាសាទ ព្រៃឈើ និងសហគមន៍មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ជាក់ស្តែង កិច្ចប្រជុំ ICC-Angkor ក៏បានសម្រេចផងដែរថា នៅក្នុងឧទ្យានអង្គរមានធាតុសំខាន់បំផុត ចំនួន០៣ គឺប្រាសាទតំណាងឱ្យ (វប្បធម៌) ធម្មជាតិ (ដើមឈើ សត្វព្រៃ ទឹក។ល។) និងសហគមន៍ (ប្រជាជន ទំនៀមទម្លាប់ ប្រពៃណី) ដែលអាជ្ញាធរជាតិអប្សរាត្រូវយកចិត្តទុកដាក់ឲ្យខ្លាំង។
នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០១៥នេះ ដាំកូនឈើបានចំនួន ៣៥ ៨១៤ ដើម លើសផែនការប្រចាំឆ្នាំជាង១ម៉ឺនដើម។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៥ របស់នាយកដ្ឋាន ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ស្រះប្រុស ឬស្រះខាងត្បូងប្រាសាទអង្គរវត្ត ត្រូវបានក្រុមនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា កំពុងបូមទឹកបញ្ចូលហើយ កាលព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ក្រោយពីក្រុមការងារបានចំណាយពេលអស់ជិតកន្លះខែ ដើម្បីបំពេញស្រះស្រី ឬស្រះខាងជើងរួចមក។ ការបញ្ចូលទឹកស្រះប្រុសនេះ ក៏មិនខុសពីស្រះស្រីដែរ គឺនឹងត្រូវចំណាយពេលប្រហែលជាង១០ថ្ងៃទើបពេញបាន។
បរិស្ថានគឺជាផ្នែកដ៏សំខាន់មួយក្នុងការទាក់ទាញចំណាប់អារម្មណ៍ទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរ ហើយក៏ជាផ្នែកមួយដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ ទាំងការគ្រប់គ្រង ផ្តល់ចំណេះដឹង និងធ្វើជាគំរូដល់សហគមន៍ផងដែរ។ ជាក់ស្តែងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាទទួលបន្ទុកអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងារជាង២០០នាក់ បានចូលរួមសម្អាតបរិស្ថាន នៅ មុខប្រាសាទព្រះគោក្នុងឧទ្យានរលួស។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
18043
ម្សិលមិញ
:
98152
សប្តាហ៍នេះ
:
18043
ខែនេះ
:
0018043
សរុប
:
015087846