ព័ត៌មានថ្មីៗ

ស្វែងយល់ខ្លឹមសារពិធីបុណ្យមាឃបូជា

បានផ្សាយនៅ ថ្ងៃទី 23 ខែ កុម្ភៈ ឆ្នាំ2016 01:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
បណ្តាពិធីបុណ្យសំខាន់ៗរបស់ព្រះពុទ្ធសាសនា មាឃបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកជនគ្រប់ប្រទេស អ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលខកខាន។ ពិធីបុណ្យនេះប្រារព្ធឡើងជារៀងរាល់ថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ចំណុចដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ព្រះធរមាននៅឡើយ។ ព្រឹត្តិការណ៍សំខាន់ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន ១២៥០អង្គ ជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍មូលដ្ឋាននៃសាសនា ដែលហៅថា ឱវាទបាតិមោក្ខ។ ខ្លឹមសារសង្ខេបនៃឱវាទបាតិមោក្ខនោះមាន៣គាថាគឺ៖

- គាថាទី១ ទ្រង់សម្តែងថាៈ កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងនេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ
- គាថាទី២ ទ្រង់សម្តែងថាៈ អំណត់គឺសេចក្តីអត់ធន់ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ
- គាថាទី៣ ទ្រង់សម្តែងថាៈ កិរិយាមិនតិះដៀលអ្នកដទៃ១ កិរិយាមិនបៀតបៀនអ្នកដទៃ១ កិរិយាសង្រួមក្នុងព្រះបាតិមោក្ខ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ១ ទីដេក និងទីអង្គុយដ៏ស្ងាត់១ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត១ ទាំងនេះជាពាក្យប្រដៅនៃព្រះពុទ្ធទាំងឡាយ

ក្នុងអង្គប្រជុំនេះ ព្រះអង្គក៏ទ្រង់រៀបចំតែងតាំង អគ្គសាវ័កឆ្វេងស្តាំរបស់ព្រះអង្គផងគឺ៖ ព្រះសារីបុត្រ ដែលជាកំពូលលើសអស់ភិក្ខុទាំងឡាយ ផ្នែកខាងបញ្ញាត្រូវបានតែងតាំងជាអគ្គ-សាវ័កទី១ ឬ អគ្គសាវ័កស្តាំ ចំណែកតំណែងជាអគ្គសាវ័កទី២ ឬអគ្គសាវ័កឆ្វេង បានទៅលើព្រះមហាមោគ្គល្លាន ដែលជាកំពូលលើសអស់ភិក្ខុទាំងឡាយផ្នែកខាងឫទ្ធិ។

អង្គសន្និបាតនេះមានលក្ខណៈពិសេស ប្រកបដោយហេតុ ៤យ៉ាង ទើបមានឈ្មោះថា ចតុរង្គសន្និបាត។ ហេតុទាំង ៤យ៉ាងនោះគឺ ៖
- ទី១. ថ្ងៃនោះចំថ្ងៃពេញបូណ៌មីខែមាឃ
- ទី២. ភិក្ខុសង្ឃចំនួន ១២៥០អង្គ ដែលមកប្រជុំគ្នានោះ ឥតមានអ្នកណានិមន្តទុកមុនមកទេ គឺនិមន្តដោយអង្គឯងតែម្តង
- ទី៣. ភិក្ខុសង្ឃទាំង ១២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ គឺព្រះពុទ្ធទ្រង់បំបួសផ្ទាល់ទាំងអស់
- និងទី៤. ភិក្ខុសង្ឃទាំង ១២៥០អង្គនោះ សុទ្ធតែជាព្រះអរហន្ត ដែលបានសម្រេចអភិញ្ញា ៦ទាំងអស់។

អង្គសន្និបាតនេះកើតមានឡើង ក្រោយពីព្រះពុទ្ធអង្គទ្រង់បានត្រាស់ដឹងរយៈពេល ៩ ខែគត់។

ព្រឹត្តិការណ៍ទី២នៃពិធីបុណ្យមាឃបូជា គឺដើម្បីរំឭកដល់ព្រឹត្តិការណ៍ដែលព្រះពុទ្ធអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារ។ ព្រឹត្តិការណ៍នេះកើតឡើងក្រោយពេល ដែលព្រះពុទ្ធអង្គទ្រង់គង់ចាំវស្សាទី៤៥ ដែលជាវស្សាចុងក្រោយ ដោយក្នុងកាលនោះ ស្តេចមារ បានចូលគាល់ព្រះអង្គហើយ ក៏អារាធនាដើម្បីឲ្យព្រះអង្គទ្រង់ចូលបរិនិព្វាន។ ពេលនោះព្រះអង្គទ្រង់ប្រកាសចំពោះមុខមារថា “ ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ”។ ការប្រកាសដាក់ព្រះជន្មាយុសង្ខារនេះ បានធ្វើឲ្យភិក្ខុសង្ឃ និងបរិស័ទទាំងឡាយមានសេចក្តីតក់ស្លុតជាខ្លាំង ដោយដឹងថា ព្រះពុទ្ធជាបរមគ្រូ នឹងត្រូវយាងចូលបរិនិព្វានក្នុងពេលដ៏ឆាប់ខាងមុខ។ ការប្រកាសនេះកើតមានឡើងនៅថ្ងៃ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនព្រះអង្គបរិនិព្វាន ៣ខែ។

អាស្រ័យព្រឹត្តិការណ៍សំខាន់ទាំង២ ខាងលើនេះហើយ ដែលពុទ្ធសាសនិកជនគ្រប់ប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធពិធីបុណ្យមាឃបូជាជារៀងរាល់ថ្ងៃ ១៥កើត ខែមាឃ ដើម្បីសម្តែងនូវសេចក្តីដឹងគុណរបស់ខ្លួនចំពោះព្រះអង្គ ដោយការបូជាគ្រឿងសក្ការៈ ផ្សេងៗ សូត្រធម៌ សមាទានសីល ស្តាប់ធម៌ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

កម្មវិធីបុណ្យមាឃបូជា ក៏ដូចជាពិសាខបូជាដែរ គេតែងប្រារព្ធឡើងចាប់ពីពេលល្ងាចតទៅ ដោយតម្រូវទៅតាមព្រឹត្តិការណ៍ដែលកើតមានឡើងនៅពេលល្ងាចផង តម្រូវទៅតាមពេលវេលាដែលមនុស្សម្នាទាំងឡាយសម្រាកពីការងារផ្សេងៗផង ហើយស្ថិតក្រោមពន្លឺព្រះច័ន្ទពេញវង់ស្អាតល្អផង។ គ្រឿងសក្ការៈបូជាសំខាន់ៗ នៅក្នុងកម្មវិធីបុណ្យនេះមានដូចជា ទៀន ធូប ផ្កាភ្ញី ផ្កាកម្រង គ្រឿងក្រអូបផ្សេងៗ ទៅតាមលទ្ធភាព និងសេចក្តីជ្រះថ្លា។

ដោយឡែក នៅក្នុងវត្តអារាមវិញ ព្រះសង្ឃ និងអារាមិកជនទាំងអស់នាំគ្នារៀបចំសម្អាតវត្ត និងរៀបចំគ្រឿងសក្ការៈផ្សេងៗ តាក់តែងភ្លើង ក្បូរក្បាច់រចនាទៅតាមទំនៀមទម្លាប់របស់វត្តនីមួយៗ។ ជាការកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជាយើង កម្មវិធីបុណ្យមាឃបូជា ពីវត្តមួយទៅវត្តមួយមិនដូចគ្នាទាំងស្រុងនោះទេ ប្លែកគ្នាខ្លះទៅតាមតំបន់ ស្រុកទេសរៀងៗខ្លួន តែមានអត្ថន័យរួមតែមួយគឺ ដើម្បីសម្តែងនូវការដឹងគុណដល់ព្រះពុទ្ធជាម្ចាស់ ដែលជាបរមគ្រូ។ ការប្រព្រឹត្តទៅនៃកម្មវិធីបុណ្យមាឃបូជា ជាទូទៅរួមមាន ការដង្ហែគ្រឿងសក្ការៈបូជាប្រទក្សិណបូជនីយដ្ឋាននានាមានព្រះវិហារជាដើម បន្ទាប់មកវេរគ្រឿងសក្ការៈទាំងនោះថ្វាយចំពោះព្រះរតនត្រ័យ នមស្ការ សមាទានសីល ហើយព្រះសង្ឃ ឬ អាចារ្យដឹកនាំប្រកាសមាឃ- បូជា និងសម្តែងព្រះធម៌ទេសនាអំពីពុទ្ធប្រវត្តិ និងប្រវត្តិមាឃបូជាតទៅ។ វត្តខ្លះ ព្រះសង្ឃ និងពុទ្ធបរិស័ទនាំគ្នាសូត្រធម៌ ឬស្មូតអំពីពុទ្ធប្រវត្តិរហូតទល់ភ្លឺ វត្តខ្លះទៀតសម្តែងពុទ្ធប្រវត្តិទៅតាមក័ណ្ឌនីមួយៗ ឆ្លាស់គ្នានឹងសំឡេងស្មូតទល់ភ្លឺ។ តែវត្តខ្លះប្រារព្ធកម្មវិធីត្រឹមម៉ោង ១០ ឬ ១១យប់ក៏បញ្ចប់ទៅ អាស្រ័យទៅតាមលទ្ធភាព និងសេចក្តីជ្រះថ្លា។

ខ្លឹមសារសំខាន់ដែលយើងត្រូវសិក្សាពីកម្មវិធីបុណ្យមាឃបូជា គឺនៅត្រង់ការយកឱវាទរបស់ព្រះអង្គមកគោរពប្រតិបត្តិ រឹតចំណងសាមគ្គី រួមរស់ដោយសុខសន្តិភាពក្នុងនាមជាពុទ្ធសាសនិកជន និងមនុស្សជាតិទូទៅ ហើយបង្កើតបាននូវពិភពលោកមួយដែលប្រាសចាកការបៀតបៀនគ្នា សម្លឹងមើលគ្នាដោយទឹកចិត្តមេត្រី ស្រឡាញ់រាប់អានគ្នាជារៀងរហូត។

នេះជាពិធីបុណ្យនៃព្រះពុទ្ធសាសនាដ៏សំខាន់មួយ ដែលដូនតាខ្មែរបានគោរពនិងរក្សាមករហូតដល់សព្វថ្ងៃ។ ពិធីនេះបានក្លាយជាទំនៀមប្រពៃណីរបស់ខ្មែរទៅហើយ។ ការរក្សាបាននូវទំនៀមប្រពៃណីនេះ ក៏ឈ្មោះថា រក្សានូវអត្តសញ្ញាណរបស់ខ្មែរ ដែលធ្វើឲ្យវប្បធម៌ខ្មែរនៅតែបន្តរស់រានមានជីវិតជាអមតៈ៕








អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2320
ម្សិលមិញ
:
3709
សប្តាហ៍នេះ
:
11884
ខែនេះ
:
0039340
សរុប
:
009412616