NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 21 Febrary 2016 09:44 AM Post By ៖ Apsara National Authority

ទោះបីឆ្លងកាត់សម័យកាលរាប់ពាន់ឆ្នាំ សង្គ្រាមញ៉ាំញីជាច្រើន វិទ្យាសាស្ត្រទំនើបយ៉ាងណាក្តី ក៏ជំនឿមួយចំនួននៅតែមានឥទ្ធិពលនៅក្នុងផ្នត់គំនិតនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់ វណ្ណៈដល់សព្វថ្ងៃ ពិសេសអ្នកស្រុកតំបន់អង្គរ។

ជាក់ស្តែងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើត មាឃធំ អ្នកភូមិកក្រាញ់ សង្កាត់សៀមរាម ខេត្តសៀមរាប ទោះបីស្ថិតនៅជិតទីរួមខេត្តបង្កើយ ប្រើប្រាស់របស់ទំនើប រស់នៅក្នុងក្នុងជីវភាពស៊ីវីល័យក៏ដោយ ក៏ប្រជាសហគមន៍នៃវត្តអធ្វានៅតែរក្សាបាននូវទំនៀមទម្លាប់ឡើងមាឃ ឡើងអ្នកតា ចូលរូប ដែលបន្សល់ទុកតាំងពីបរមបុរាណឱ្យរស់រវើកដដែល។ ក្នុងថ្ងៃនេះ មិនមានតែតំបន់នេះទេ ប្រជាជននៅតាមជនបទសង្កាត់មាត់ញកនានានៃខេត្តសៀមរាប ក៏នាំគ្នាប្រារព្ធពិធីនេះដូចគ្នា ដើម្បីសុំសេចក្តីសុខចម្រើនដល់ភូមិករនិងប្រជាជនទាំងអស់។

ចំពោះការរៀបចំគ្រឿងរណ្តាប់នៅក្នុងពិធីនេះមាន ស្លាធម៌បាយសី ជម៤សម្រាប់អ្នកតា អ្នកចូលរូប និងវង់ភ្លេង រួមទាំងម្ហូបអាហារជាច្រើនមុខដែលប្រជាជនយកមករៀងៗខ្លួនដើម្បីចូលរួមពិធី។ មិនតែប៉ុណ្ណោះក៏មានក្បាលជ្រូក មាន់ស្ងោរជាច្រើនគូសម្រាប់សំណែន និងលាបំណន់ ថែមទាំងមានបង្អែមចម្អាប ផ្លែឈើ នំនេក ទឹក ស្រាជាដើម ដើម្បីឱ្យអ្នកតាសេពសោយឱ្យបានបរិបូណ៌ មុននឹងទៅស្រុកស្រែវិញ។

ការរៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅប្រាសាទអធ្វានេះ មិនឃើញមានវត្តមានព្រះសង្ឃនិមន្តមកសូត្រធម៌ទេ ទោះបីកន្លែងប្រារព្ធពិធីនៅក្នុងវត្តក៏ដោយ ពោលគឺមានតែយាយតា អ្នកចូលរូប អ្នកស្រុក និងក្មេងៗប៉ុណ្ណោះ ខុសពីពិធីដទៃទៀតដែលជាជំនឿពីដូនតាដូចគ្នា។ បន្ទាប់ពីរៀបចំសំណែនហើយ សំឡេងច្រៀងនិងសំឡេងភ្លេងប្រគំអញ្ជើញគ្រូបានបន្លឺឡើង ខណៈអ្នកចូលរូបអង្គុយបួងសួង រំឭកគុណគ្រូជាបារមីឱ្យចូលសណ្ឋិតក្នុងខ្លួន។

លោកគ្រូភ្លេងម្នាក់បានប្រាប់ថា ការប្រគំភ្លេងជាញឹកញាប់ក្នុងពិធីមានប្រាំបទ ១. បទម្លប់ដូង: សម្រាប់អញ្ជើញគ្រូនិងសំពះគ្រូ ២. បទទាក់ដំរី: សម្រាប់អញ្ជើញគ្រូដែលរវល់ទៅទាក់ដំរីនៅទីឆ្ងាយ ឱ្យមកកាន់កន្លែងពិធី ៣. បទច្រូង: សម្រាប់អញ្ជើញគ្រូតូចគ្រូធំដែលនៅសេសសល់ ៤. បទអុំទូក: សម្រាប់ អ្នកចូលរូបរាំលេងកម្សាន្ត ៥. បទបញ្ចុះ: សម្រាប់រាំលេងបណ្តេញព្រាយព្រ័ក្សដែលចូលមកយាយី។ ក្រៅពី៥បទនេះក៏មានបទជាច្រើនទៀតដែរ ដែលត្រូវប្រគំរួមនឹងចម្រៀងតាមសេចក្តីត្រូវការរបស់មេមត់ បើភ្លេងលេងមិនត្រូវបទដែលមេមត់ចូលចិត្ត គ្រូបារមីនោះក៏មិនចូលមកសណ្ឋិតក្នុងរូបអ្នកស្នងដែរ។

ចំពោះអ្នកចូលរូបមានគ្នា៤នាក់ ប្រុស១ ស្រី៣ ដែលតំណាងឱ្យស្តេចនាគខៀវ នាគក្រហម (ញី ឈ្មោល) មហារាជ មហាជម្ពូ បិតាយមរាជជាដើម រេរាំតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយតែអង្គឯង និងលេងជាមួយអ្នកភ្លេងក៏មាន។ ពេលខ្លះទៀតរូបនោះក៏យំសោកបោកខ្លួន ខឹងក្រោធនឹងកូនចៅ ឬ បុគ្គលណាមួយដែលជិះជាន់គាត់។ ខ្លះទៀតក៏សេពសោយអាហារ សុរាតាមចំណូលចិត្ត ព្រមទាំងនិយាយប្រាប់កូនចៅពីបំណងរបស់ខ្លួនតាមការសួរនាំ។

តាមការប្រាប់របស់អ្នកស្រុក បារមីនៅវត្តអធ្វាមានលោកតាមហារាជ មហាជម្ពូ កេសរមាលា ស្រីខ្មៅ មហាសម្បថ ស្តេចភុជង្គនាគ យមរាជ យាយប៉ុក តាមឿង។ល។ ដែលអ្នកស្រុកទាំងអស់មានការជឿជាក់គោរពបូជាយ៉ាងខ្លាំង។ ពេលមានទុក្ខភ័យ អ្នកស្រុកតែងបន់ស្រន់ បញ្ចូលរូប ហើយពេលបានជាសះស្បើយឬសមដូចបំណង គេតែងយកសំណែនមកសែនលាបំណន់។ ម្យ៉ាងទៀតពេលចូលរូប អ្នកស្រុកក៏តែងឱ្យបារមីជួយទស្សន៍ទាយ មើលជំងឺ និងសុំទឹកមន្តដើម្បីលុបលាងមុខ ផឹក ប្រោះព្រំឱ្យមានសិរីសួស្តី ឈ្នះជំងឺរោគា និងឧបទ្រពចង្រៃផ្សេងៗផង តាមជំនឿរបស់ពួកគាត់។

លុះដល់កិច្ចចុងបញ្ចប់ គេក៏រៀបគ្រឿងសំណែនដែលបានសែនហើយយកទៅចោលនៅទីសមគួរឬក៏ដាក់សំពៅសែងទៅចោលនៅកន្លែងណាមួយតាមទម្លាប់ បន្ទាប់ពីដូនតាបាចអង្ករបញ្ជេរហើយ។ ជាធម្មតាទំនៀមរបស់អ្នកស្រុកចំណុះជើងវត្តអធ្វា គេធ្វើពិធីឡើងអ្នកតាឬឡើងមាឃនេះដល់ទៅ៣កន្លែងក្នុងពេលតែមួយ គឺនៅប្រាសាទអធ្វា ទួលយាយប៉ុក (អ្នកចូលរូបមានតែម្នាក់) និងទួលតាមឿង (អ្នកចូលរូបមកជុំគ្នាទាំងអស់) ហើយមានបែបសណ្ឋាននៃការប្រារព្ធពិធីដូចៗគ្នា ខុសតែចំនួនអ្នកចូលរូបប៉ុណ្ណោះ។

លោកយាយ រួម អ្នកភូមិកក្រាញ់និងជាពុទ្ធបរិស័ទនៃវត្តប្រាសាទអធ្វាបានប្រាប់ថា ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើត មាឃធំ គឺគាត់និងអ្នកភូមិតែងមកជុំគ្នានៅប្រាសាទអធ្វាដើម្បីរៀបចំពិធីឡើងលោកតា។ មួយឆ្នាំគេធ្វើ២ដង គឺ៣កើត មាឃធំ ខែទឹកទន្លេចុះ គេបញ្ជូនលោកទៅក្រោម (ស្រុក) វិញ និង៣កើត ខែពិសាខ ខែទឹកទន្លេឡើង គេអញ្ជើញលោកតាឡើងគោក ដើម្បីសុំឱ្យកូនចៅសុខសប្បាយ ធ្វើស្រែចម្ការបានល្អ ទទួលបានភោគផលច្រើន។ ពិធីនេះមិនដែលអាក់ខានធ្វើឆ្នាំណាទេ បើមិនធ្វើមានជំនឿថា កូនចៅនឹងគ្មានក្តីសុខ មានគ្រោះពេញភូមិស្រុកមិនខាន។ លោកយាយបន្តទៀតថា ពិធីនេះគាត់ឃើញតាំងពីតូចៗម្ល៉េះ ហើយបន្តធ្វើរហូតដល់បច្ចុប្បន្ន។ ចំពោះគាត់ អ្នកតាគឺជាវត្ថុស័ក្ដិសិទ្ធិ អ្នកថែរក្សាស្រុក អ្នកឃុំគ្រងកូនចៅឱ្យបានសុខសប្បាយគួរឱ្យគោរពបូជា មិនអាចមើលងាយឬលេងសើចបានទេ។

លោកយាយ ទឹម អ្នកស្នងរូបមហារាជ៥ឆ្នាំមកហើយបានប្រាប់ថា រាល់ពេលឡើងមាឃ គាត់ជាតួបារមីម្នាក់ក្នុងចំណោមបារមីទាំង៤។ ពីមុនគាត់ជាមនុស្សធម្មតា ក្រោយមកលោកតាប្រាប់ថាចង់នៅជាមួយក៏មានបារមីមកសណ្ឋិត ហើយគាត់គោរពដល់សព្វថ្ងៃ។

ការធ្វើពិធីឡើងមាឃនេះមានសារៈសំខាន់ណាស់សម្រាប់កូនចៅ ជាការគោរពដឹងគុណដល់លោកតាម្ចាស់ស្រុក ដែលបានថែរក្សាភូមិករឱ្យបានសុខសាន្ត ហើយពិធីនេះមិនដែលចោលការបញ្ចូលរូបទេរាល់ៗឆ្នាំ។ លោកយាយក៏បានសម្តែងការព្រួយបារម្ភខ្លាចបាត់បង់ទំនៀមទម្លាប់នេះដែរ ព្រោះក្មេងៗជំនាន់ក្រោយមិនសូវមានអ្នកណាគេចង់ធ្វើជាអ្នកចូលរូបទេ ខ្លាចខ្មាសគេ ហើយពួកគេក៏រវល់ច្រើនក្នុងរឿងរកស៊ីចិញ្ចឹមជីវិតផងដែរ។

លោកតា កែវ អ្នកស្នងរូបស្តេចនាគឈ្មោល បានប្រាប់ថា អ្នកតាមាន២ប្រភេទ៖ ១. ពួកទេវតារក្សាព្រះនគរ ប្រជាជនខ្មែរហៅថា «អ្នកតាព្រះស្រុក» ២. អ្នកតារក្សាខេត្តស្រុកទាំងឡាយ ហៅថា«អ្នកតាចាស់ស្រុក»។ លក្ខណៈរូបនៃអ្នកតាមានជាដុំថ្ម គល់ឬមែកឈើ ដំបូក ឬទួលក្តី នៅតាមប្រាសាទ និងខ្ទមដែលប្រជាជនសង់ឱ្យ ហើយត្រូវបានគេគោរពតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ ការបូជាជំនឿនេះមិនមែនជារឿងអកុសលទេ ពីព្រោះខ្មែរមិនមែនបូជាថ្ម ដំបូកនោះទេ ប៉ុន្តែវិញ្ញាណឬបារមីស័ក្ដិសិទ្ធិរបស់ដូនតាដែលមកប្រថាប់ក្នុងវត្ថុនោះ ប្រកបដោយមហិទ្ធឫទ្ធិគួរឱ្យស្ញប់ស្ងែងក្រៃលែង។

ដោយឡែកទាក់ទងនឹងពាក្យអ្នកតា និងអត្ថន័យនៃការឡើងអ្នកតាតាមការពន្យល់នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ថា អ្នកតាឬអ្នកជីតា ជាពាក្យសម្រាប់ហៅភូតបិសាចប្រុសឬទេព្រ័ក្សប្រុសដែលមានខ្ទមឬរោងអាស្រមជាលំនៅឬឥតលំនៅ។ ក្នុងនោះក៏មានពាក្យអ្នកដូនឬអ្នកជីដូនឬអ្នកយាយផងដែរ ជាពាក្យសម្រាប់ហៅភូតបិសាចស្រីឬទេព្រ័ក្សស្រីដែលមានខ្ទមឬរោងអាស្រមជាលំនៅ ហើយខ្មែរយើងច្រើននិយាយថា អ្នកតាអ្នកដូន ពាក្យនេះជាគូនឹងគ្នា។ សរុបមកឡើងអ្នកតាមានន័យថា ការប្រជុំគ្នាធ្វើសក្ការៈចំពោះអ្នកតាដើម្បីគំនាប់អ្នកតាឬសុំទឹកភ្លៀងអ្នកតាជាដើម។

ចំណែកអ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចេញមតិយោបល់ខុសគ្នាពីបញ្ហានេះ ដោយអ្នកខ្លះមានមតិថា៖ អ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជាជំពូកវីរបុរសប្រចាំស្រុកតំបន់ណាមួយ ពេលស្លាប់ទៅក្លាយជាអ្នកតា (អ្នកតាឃ្លាំងមឿងជាដើម)។ ខ្លះយល់ថា៖ អ្នកតាជាពួកបុព្វបុរសមានជីតាជាដើម ពុំចាំបាច់មានមហិទ្ធិឫទ្ធិទេ ពេលស្លាប់ហើយនឹងក្លាយជាខ្មោចមួយពួកចាំថែរក្សាកូនចៅ។ អ្នកផ្សេងទៀតថា៖ អ្នកតា ក្លាយមកពីពាក្យ «ទេវតា» ដែលជំនាន់ដើមប្រហែលហៅ «អ្នកទេវតា» តែយូរទៅក៏ហៅត្រឹម «អ្នកតា»។

បើនិយាយចំពោះស្រុកខេត្តដែលប្រារព្ធពិធីនេះ តាមការស្រាវជ្រាវរបស់អ្នកជំនាញជាតិពន្ធុវិទ្យានិងនរវិទ្យា លោកសាស្ត្រាចារ្យ អាំង ជូលាន បានសរសេរថា តាមពិតទៅពុំមែនមានតែខេត្តសៀមរាបទេ តំបន់ច្រើនទៀតប៉ែកខាងជើងប្រទេស ធ្លាយចូលដល់ខេត្តបូរីរម្យនិងសូរិន្ទ្រដែលសព្វថ្ងៃស្ថិតក្នុងប្រទេសថៃឡង់ដ៍ក៏គេនៅតែជ្រើសរើសថ្ងៃនេះ ឬពុំដូច្នោះទេក៏នៅចងចាំថាថ្ងៃឡើងមាឃគេធ្វើនៅថ្ងៃនេះដែរ។ ប៉ុន្តែក៏មានអ្នកស្រុកភូមិភាគច្រើនផងដែរ ដែលរើសពេលាខុសពីថ្ងៃនេះ តែភាគច្រើនក៏ស្ថិតនៅខាងខ្នើតខែមាឃធំដដែល៕














អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
FirstPrev12345...1213NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
28968
Yesterday
:
28271
This Week
:
57239
This Month
:
0213320
Total
:
012720909