ព័ត៌មានថ្មីៗ

និស្សិតសាលាតិចណូ៣០នាក់ចុះកម្មសិក្សាឈ្វេងយល់ពីប្រព័ន្ធផ្លូវទឹក ក្នុងខេត្តសៀមរាបពីសំណាក់អាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ2016 10:56 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

និស្សិតវិស្វករឆ្នាំទី៥នៃមហាវិទ្យាល័យទេពកោសល្យជនបទរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានចុះមកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រព័ន្ធផ្លូវទឹក ពីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៦។

កម្មសិក្សានេះធ្វើឡើងដើម្បីឱ្យនិស្សិតទាំងអស់បានឃើញជាក់ស្តែងនូវបច្ចេកទេសគ្រប់គ្រងទឹក ហេដ្ឋារចនាសម្ព័ន្ធសំណង់ជលសាស្ត្រក្នុងខេត្តសៀមរាបទាំងមូល និងពង្រីកចំណេះដឹងផ្នែកទ្រឹស្ដីដែលបានសិក្សាកន្លងមកឱ្យកាន់តែប្រសើរឡើង។

កម្មសិក្សានេះបានចុះនៅតាមទីតាំងសំណង់ទ្វារទឹក និងអាងស្តុកទឹកជាច្រើនដូចជា ស្រះស្រង់ ក្រាំងក្រូច វង់ទស្សនាចរបារាយណ៍ខាងជើង សំណង់បញ្ចូលទឹកបារាយណ៍ខាងជើង សំណង់ទ្វារទឹកតាសោម សំណង់ស្ទាក់ខ្សាច់អង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ បារាយណ៍ខាងលិច សំណង់បង្ហៀរទឹកបារាយណ៍ខាងលិច សំណង់ទ្វារទឹកចេញ សំណង់បែងចែកទឹក និងប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច ដោយផ្តោតសំខាន់ទៅលើប្រវត្តិ និងមុខងារសំណង់នីមួយៗ ប្រព័ន្ធប្រឡាយ ការបញ្ចូលទឹក ការគ្រប់គ្រងទឹក ការងារជួសជុល និងស្តារឡើងវិញនូវប្រព័ន្ធផ្លូវទឹកបុរាណផងដែរ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក និងសហការីបច្ចេកទេសទាំងអស់ ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់និស្សិតវិទ្យាស្ថានតិចណូទាំង៣០នាក់ ព្រមទាំងធ្វើការពន្យល់និងដឹកនាំសិក្សាឈ្វេងយល់ដល់ទីតាំងផ្ទាល់ផងដែរ។

លោក ឌីណា បញ្ជាក់​ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែផ្តល់ចំណេះជំនាញវិជ្ជាជីវៈដល់និស្សិតទាំងអស់នោះទេ តែវាជាការចែករំលែកដ៏សំខាន់មួយសម្រាប់កូនខ្មែរគ្រប់រូបឱ្យបានដឹងពីការបង្កើតទីក្រុង ការរៀបចំប្រព័ន្ធផ្លូវទឹក និងការគ្រប់គ្រងទឹកដ៏ល្អឥតខ្ចោះរបស់ដូនតា។ កន្លងមកនិស្សិតភាគច្រើនមិនបានដឹងថាតំបន់អង្គរមានប្រព័ន្ធធារាសាស្ត្រនិងប្រព័ន្ធគ្រប់គ្រងទឹកច្បាស់លាស់ដល់ម្លឹងទេ ក្រោយពីបានសិក្សានិងស្តារបានមួយភាគធំនៃប្រព័ន្ធទាំងអស់នោះ ទើបដឹងថានេះមិនមែនជារឿងចៃដន្យឡើយ គឺដូនតាខ្មែរមានការគិតគូរ និងរៀបចំផែនការបានច្បាស់លាស់ណាស់ក្នុងការធ្វើកិច្ចការទាំងនេះ។

សាស្ត្រាចារ្យ ហេង សុខឆាយ បង្រៀនផ្នែកគ្រប់គ្រងធនធានទឹក ជលសាស្ត្រ និងវារីអគ្គិសនីបានលើកឡើងថា ចំពោះតួនាទីជាអ្នកទទួលខុសត្រូវប្រព័ន្ធគ្រប់គ្រងធនធានទឹកនៅក្នុង ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាជាស្ថាប័នដ៏ល្អបំផុតក្នុងការផ្តល់ចំណេះដឹងពិតបន្ថែមលើទ្រឹស្តីដែលបានសិក្សានៅសាលា ដល់និស្សិតទាំងអស់កាន់តែយល់ជាក់ច្បាស់។ បន្ថែមពីនោះលោកសាស្ត្រាចារ្យក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅគ្រប់ទីកន្លែងដែលនិស្សិតទៅដល់និងពន្យល់យ៉ាងក្បោះក្បាយ ហើយសាលានឹងមកបំពេញទស្សនកិច្ចសិក្សាជារៀងរាល់ឆ្នាំនៅទីនេះទៀត។

កញ្ញា ហុង មុយលាង សិក្សាផ្នែកអភិវឌ្ឍន៍ជនបទបានសម្តែងការចាប់អារម្មណ៍ផងដែរថា ទស្សនកិច្ចសិក្សានេះធ្វើឱ្យកញ្ញា បានយល់ដឹងពីការៀបចំប្រព័ន្ធធារាសាស្ត្ររបស់បុព្វបុរស ការគ្រប់គ្រងទឹក ការរៀបចំទីក្រុង និងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាសព្វថ្ងៃទាំងការគ្រប់គ្រងទឹកទ្រទ្រង់លំនឹងនៅអង្គរវត្តនិងទឹកក្រោមដី ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់។ វាមានសារៈសំខាន់ដែលបានចុះមកសិក្សាផ្ទាល់នៅទីនេះ ព្រោះធ្វើឱ្យដឹងពីបញ្ហាប្រឈម ផលលំបាកនៃការរៀបចំ ភាពអស្ចារ្យនៃគំនិតរៀបចំរបស់បុព្វបុរស និងចំណេះដឹងផ្សេងៗទៀត បន្ថែមលើទ្រឹស្តីនៅសាលា។ កញ្ញាបន្តទៀតថា កញ្ញាពិតជា​​គាំទ្រចំពោះការរៀបចំរបស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រងប្រព័ន្ធទឹកនៅក្នុងខេត្តសៀមរាប ដែលមានគោលការណ៍ច្បាស់លាស់ ជាពិសេសអភិវឌ្ឍន៍ហើយ ថែមទាំងបានអភិរក្សលើមរកតដូនតាផងដែរ៕













ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) បានប្រារព្ធពិធីដាំកូនឈើចំនួន៥០០០ដើម នៅតាម
ដោយសាររដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលវេលាយូរជាងប្រក្រតីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ស្រះស្រង់ ដែលមានបណ្តោយ៧៨០ម និងទទឹង៣៨០ម ធ្លាប់តែមានទឹកថ្លាឈ្វេង ជាទីមនោរម្យរបស់អ្នកទេសចរ
ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានបើកធ្វើកម្មវិធីផ្សព្វផ្សាយបរិស្ថានស្ដីពីការអភិរក្សទឹក
ទូកបុរាណដែលម្ចាស់ការដ្ឋានបូមខ្សាច់ ប្រទះឃើញកប់នៅក្នុងដីជម្រៅជាង៧ម៉ែត្រ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុងអង្គរធំ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាទទួលយកមករក្សាទុកក្នុងកសិណអង្គរវត្តហើយ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
ដើមដំបូងមុន12345678បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0551
ម្សិលមិញ
:
10360
សប្តាហ៍នេះ
:
20839
ខែនេះ
:
0174348
សរុប
:
012943780