ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានបង្កើតស្ថានីយសាកអាគុយប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

បានផ្សាយនៅ ថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ2016 03:02 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា បានបង្កើតនូវស្ថានីយសាកអាគុយចំនួនបីកន្លែងក្នុងតំបន់អង្គរ ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(បន្ទះសូឡា) ក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរហៅកាត់ថា ACHA ដែលជាជំនួយឧបត្ថម្ភរបស់ប្រទេសញូវហ្ស៊ីឡែន ដើម្បីចូលរួមចំណែកជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ។

លោក ទស្ស សុមនាថ ប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានរៀបចំដែនដីនិង គ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរបានឲ្យដឹងថា អាជ្ញាធរជាតិអប្សរាបានបង្កើតគម្រោងស្ថានីយនេះចាប់តាំងពីឆ្នាំ២០១២មកម៉្លេះដោយអនុវត្តបានចំនួនបីកន្លែងហើយ ទី១នៅភូមិលាងដៃឃុំលាងដៃ ស្រុកអង្គរធំ មាន១២ផ្ទាំងអាចសាកបាន៣៤អាគុយ ទី២នៅភូមិទួលក្រឡាញ់ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី មាន១៦ផ្ទាំងអាចសាកបាន៤០អាគុយនិងទី៣នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មាន១៦ផ្ទាំងអាចសាកបាន៤០អាគុយ។ ស្ថានីយនីមួយៗមានគណៈកម្មការមួយក្រុមសម្រាប់គ្រប់គ្រង ហើយចំណាយថវិកាគម្រោងអស់ប្រហែលពីរម៉ឺនដុល្លារ ដោយប្រជាពលរដ្ឋផ្តល់ទីតាំងសម្រាប់សាងសង់។

លោក រឿង ចាន់ថុល មន្រ្តីទទួលបន្ទុកសម្របសម្រួលសហគមន៍សូឡានៃគម្រោងACHA និយាយថា នៅស្ថានីយនេះសាកអាគុយយកតម្លៃថោកជាងសាកដោយភ្លើងអគ្គិសនី ហើយមិនធ្វើឲ្យអាគុយឆាប់ខូច ប្រើបានយូរ ចំណេញថវិកាច្រើន និងមិនប៉ះពាល់បរិស្ថានថែមទៀតផង។ ម៉្យាងវិញទៀត ថវិកាទាំងអស់ដែលបានពីការសាកអាគុយនេះប្រើជាប្រយោជន៍សម្រាប់សហគមន៍ផ្ទាល់ ដោយបែងចែកជាបួនផ្នែកគឺ ម្ចាស់ទីតាំងទទួលបាន៥០% គណៈកម្មការ២០% សហគមន៍១៥%និង១៥%ទុកសម្រាប់ជួសជុលថែទាំ។ លោកបញ្ជាក់ថា កន្លងមក គណៈកម្មការក៏បានដកប្រាក់សហគមន៍ទិញអាគុយជូនប្រជាពលរដ្ឋចំនួន១៤គ្រួសារដែលគ្មានលទ្ធភាព ដោយតម្រូវឲ្យពួកគាត់បង់ថវិការំលោះ៧០% ចំណែកសហគមន៍ជួយ៣០%។

លោកស្រី ប៊ី សុខា ម្ចាស់ទីតាំងសាកអាគុយបន្ទះសូឡាភូមិលាងដៃនិយាយថាស្ថានីយទទួលសាកអាគុយជារៀងរាល់ថ្ងៃ ហើយមានករណីពិសេសមួយគឺនៅដើមខែឬចុងខែស្ថានីយសាកអាគុយជូនប្រជាពលរដ្ឋមួយថ្ងៃដោយមិនយកថវិកា។

អាជ្ញាធរជាតិអប្សរាលើកទឹកចិត្ត និងគាំទ្រចំពោះប្រជាពលរដ្ឋដែលប្រើសេវានេះដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ក៏ដូចជាជួយការពារបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន៕








ស្រះស្រង់ មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ដោយមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ បានធ្វើឱ្យទឹកក្នុងស្រះប្រុស ស្រះស្រីមុខអង្គរវត្តនារដូវប្រាំងស្រក ខ្វះ បាត់បង់ភាពស្រស់ស្អាត។ ដូច្នេះដើម្បីរក្សាទឹកឱ្យនៅមានដូចរដូវវស្សានិងធ្វើឱ្យស្រះមានសោភ័ណភាពស្រស់បំព្រងឡើងវិញ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបូមទឹកពីកសិណមកបញ្ចូលស្រះទាំងពីរនេះកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
ប្រជាពលរដ្ឋប្រមាណ៦០រូប ដែលតំណាងឲ្យអ្នកស្រុកចំនួនបួនឃុំ នៅស្រុកពួក គឺឃុំសំរោងយារ ឃុំពួក ឃុំកែវព័ណ៌ និងឃុំខ្នាត បានជួបពិភាក្សាជាមួយមន្ត្រីជំនាញគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាដែលពួកគាត់កំពុងប្រឈមក្នុងការខ្វះទឹកបង្កបង្កើនផល។
ប្រជាពលរដ្ឋជាង៨០០នាក់មកពី៤ឃុំសង្កាត់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតប្រព័ន្ធប្រឡាយបង្ហូរទឹក ចេញពីបារាយណ៍ខាងលិច ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាសហគមន៍ចំនួន៩ឃុំសង្កាត់ក្នុងក្រុងសៀមរាប និងស្រុកពួកប្រើប្រាស់ក្នុងវិស័យកសិកម្ម។
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល២ថ្ងៃកន្លះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1686
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
34721
ខែនេះ
:
0129400
សរុប
:
012898832