ព័ត៌មានថ្មីៗ

បុណ្យឡើងមាឃភូមិក្រវ៉ាន់

បានផ្សាយនៅ ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ2016 07:16 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

៣កើតមាឃធំ ជាថ្ងៃបុណ្យដែលអ្នកសៀមរាបភាគច្រើន ជាពិសេសអ្នកតំបន់អង្គរនាំគ្នាប្រារព្ធពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា។ អ្នកភូមិក្រវ៉ាន់ ដែលមានទីតាំងស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប និងជាភូមិមួយដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ក៏នៅតែរក្សាប្រពៃណីបុណ្យឡើងមាឃនេះដែរ តែពិធីនេះហាក់មានលំនាំផ្សេង បើធៀបនឹងភូមិខ្លះទៀតដែលនៅឆ្ងាយពីអង្គរ។

ពិធីឡើងមាឃរបស់អ្នកភូមិក្រវ៉ាន់ ដែលប្រារព្ធធ្វើកាលពីព្រឹកថ្ងៃ៣កើតខែមាឃ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ ពុំមានការបញ្ចូលរូប ឬមេមត់ដូចតំបន់ខ្លះនោះទេ។ ពិធីនេះក៏ពុំបានធ្វើនៅមុខខ្ទមអ្នកតានោះដែរ គឺគេនាំគ្នាធ្វើនៅសាលាឆទាន ដែលអ្នកក្រវ៉ាន់ទម្លាប់ហៅថា សាលាលោក។ តាមការសង្កេត ពិធីនេះហាក់មានទំនោរទៅខាងព្រះពុទ្ធសាសនាច្រើនជាងសែនអ្នកតា ឬថ្វាយអ្នកតា។ ក្នុងពិធីនេះ គេនាំគ្នារៀបចំម្ហូបអាហារពីផ្ទះ ដែលតាមសង្កេតទៅគឺស្ទើរគ្រប់គ្នាមាននំបាញ់ឆែវ និងនំបញ្ចុក ទៅជួបជុំគ្នានៅសាលាលោក ដើម្បីរៀបចំប្រគេនព្រះសង្ឃ។

ចំណែកសំណែនអ្នកតាចាស់ស្រុក ដែលអ្នកស្រុកហៅថា អ្នកតាក្រវ៉ាន់ គឺមានត្រឹមតែមួយថាសប៉ុណ្ណោះ គឺរួមមុខម្ហូបដែលអ្នកភូមិយកមកលាយគ្នាម្នាក់បន្តិច ហើយយកទៅចាក់ថ្វាយអ្នកតានៅក្បែរប្រាសាទក្រវ៉ាន់។ ម្ហូបអាហារក្រៅពីនេះ គេប្រគេនព្រះសង្ឃហើយ ក៏នាំគ្នាហូបពិសារនៅនឹងកន្លែងប្រារព្ធពិធីនោះតែម្តង។

ក្នុងអត្ថបទរបស់លោកសាស្ត្រាចារ្យ អាំង ជូលាន ដែលបានចុះផ្សាយក្នុងបណ្តាញវប្បធម៌ខ្មែរ និយាយពី៣កើតមាឃធំ មានចំណុចមួយលោកសាស្ត្រាចារ្យបានលើកឡើងថា នៅតាមភូមិស្រុកដែលមុខរបរសំខាន់ជាស្រែសុទ្ធសាធ គេសង្កេតឃើញថា អ្នកស្រុកធ្វើពិធីនេះនៅមុខខ្ទមអ្នកតារបស់សហគមន៍គេតែម្តង។ នៅតំបន់របៀបនោះ គេច្រើនតែគិតថា ទាល់តែឡើងមាឃរួចហើយទើបអាច “ឡើងរោង” ពោលគឺបញ្ចូលរូបមេមត់នៅតាមផ្ទះនានាបាន។ បុណ្យពួកមេមត់នោះតែងមានច្រើនថ្ងៃ ព្រោះយប់នេះនៅផ្ទះមេមត់នេះ យប់នោះនៅផ្ទះមេមត់នោះ ឯយប់មួយទៀតនៅផ្ទះមេមត់មួយទៀត។ ដោយសារគេនិយមធ្វើ ឬយល់ថាគេត្រូវធ្វើតែក្នុងខែមាឃ គេក៏ត្រូវតែឡើងអ្នកតា ហៅថាឡើងមាឃនេះ ឲ្យបានដើមខែ ពោលគឺ៣កើតខែមាឃនេះឯង ដើម្បីទុកពេលតទៅទៀត ក្នុងខែដដែលសម្រាប់មេមត់។

ក្នុងអត្ថបទដដែលបន្ថែមថា ប្រសិនបើស្រុកនោះ ជាស្រុកដែលមានលក្ខណៈជាផ្សារបន្តិច ជួនកាលគេធ្វើនៅតាមសាលាសំណាក់របស់ភូមិ ទោះបីជាទីនោះមានខ្ទមអ្នកតា ឬឥតខ្ទមទេក៏ដោយ។ បើអត់ខ្ទមអ្នកតា ច្រើនតែឃើញថា តួនាទីនៃព្រះសង្ឃដែលគេនិមន្តមកមានសារៈសំខាន់ខ្លាំង។ ដូច្នេះបរិស្ថានភូមិសាស្ត្រនិងសង្គម ក៏មានឥទ្ធិពលទៅលើបុណ្យដែលគេប្រារព្ធឡើងនៅថ្ងៃ៣កើតខែមាឃនេះដែរ។ មិនតែប៉ុណ្ណោះ ន័យឬគោលបំណងនៃពិធីអាចខុសដាច់គ្នាឆ្ងាយ ពីមួយទៅមួយ ថ្វីត្បិតតែធ្វើនៅថ្ងៃតែមួយដូចគ្នា។

ដោយពិនិត្យពិធីជាក់ស្តែងនៅភូមិក្រវ៉ាន់ និងខ្លឹមសារអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យខាងលើឃើញថា ពិធីឡើងមាឃនៅភូមិក្រវ៉ាន់ស្ថិតនៅក្នុងលក្ខណៈទី២ច្រើនជាង គឺស្ថិតនៅក្នុងលំនាំនៃភូមិស្រុកដែលមានលក្ខណៈជាផ្សារបន្តិច។

លោកយាយ ជុច យិន អាយុ៨៦ឆ្នាំ ដែលជាចាស់ទុំក្នុងភូមិក្រវ៉ាន់រៀបរាប់ថា តាំងពីលោកយាយដឹងក្តីមក ពិធីឡើងមាឃនៅភូមិនេះមិនដែលឡើងមេមត់ដូចភូមិផ្សេងៗទេ គឺនិមន្តព្រះសង្ឃមកឆាន់ធម្មតា ហើយរៀបចំម្ហូបអាហារថ្វាយអ្នកតាចាស់ស្រុកប៉ុណ្ណោះ។ លោកយាយបញ្ជាក់ថា កាលពីមុន អ្នកស្រុកនាំគ្នាប្រារព្ធពិធីឡើងមាឃនៅមុខប្រាសាទក្រវ៉ាន់តែម្តង ដោយទុកប្រាសាទក្រវ៉ាន់ដូចខ្ទមអ្នកតា ឬកន្លែងអ្នកតា។ តែប៉ុន្មានឆ្នាំមកនេះ ដោយអ្នកស្រុកបានរួមគ្នាកសាងសាលាលោកនៅក្នុងភូមិ ក៏លែងទៅធ្វើបុណ្យមុខប្រាសាទក្រវ៉ាន់ទៀត គេនាំគ្នាធ្វើតែនៅក្នុងសាលាលោក ហើយនាំម្ហូបអាហារមួយថាសទៅថ្វាយអ្នកតាក្រវ៉ាន់ប៉ុណ្ណោះ៕

 



 



ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បាននាំយកស៊ីម៉ង់ត៍ចំនួន៦តោន ទៅប្រគេនព្រះសង្ឃនៅវត្តរុន និងវត្តភ្នំបូក ដែលស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីរួមចំណែកកសាងសំណង់នានាក្នុងវត្ត។
វត្តប្រាសាទបាគងជាវត្តបុរាណមួយ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ស្ថិតនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង និងមានចម្ងាយប្រហែល១៣គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតក្រុងសៀមរាបបច្ចុប្បន្ន។ ប្រាសាទបាគងដែលជាកេរមត៌កដូនតា ត្រូវបានកសាងឡើងក្នុងសតវត្សទី៩ ដោយព្រះបាទ ឥន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ (ប៉ុន្តែទ្រង់ទ្រាយប្រាសាទដែលយើងឃើញសព្វថ្ងៃ គឺជារូបភាពក្រោយការជួសជុលនៅសតវត្សទី១២ មានរចនាប័ទ្មអង្គរវត្ត ឧទ្ទិសថ្វាយព្រះនារាយណ៍)។ ប្រាសាទនេះ ស្ថិតស្ថេរគង់វង្សបាន រហូតដល់សព្វថ្ងៃ ដោយសារ បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃរួបរួមថែទាំរក្សាទាំងអស់គ្នា។
អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជន ជាតិនិងអន្តរជាតិមេត្តាជ្រាបថា ចំណូលដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែតុលា និង១០ខែឆ្នាំ២០១៥ មានដូចខាងក្រោម៖
ចម្លាក់ស្បែកត្រូវបានបុព្វបុរសខ្មែរ ឆ្លាក់ឡើងដើម្បីសម្តែងក្នុងវង់ល្ខោនស្រមោលស្បែកធំ និងល្ខោនស្បែកតូច ឬអាយ៉ង ដែលមានអាយុកាលតាំងពីមុនសម័យអង្គរទៅទៀត។ បើទោះជាការសម្តែងល្ខោនប្រភេទនេះ មានការថយចុះតាំងពីក្រោយសម័យអង្គរ និងស្ទើរតែបាត់បង់ក្នុងសម័យ ប៉ុល ពត ក៏ដោយ ក៏ចម្លាក់ស្បែកនៅតែត្រូវបានបុព្វបុរសថែរក្សាមកជាបន្តបន្ទាប់ ក្នុងឋានៈជាកេរមរតកវប្បធម៌របស់ខ្មែរ។ នៅឆ្នាំ២០០៥ ល្ខោនស្បែកធំត្រូវបានចុះបញ្ជីនៅអង្គការយូនីស្កូជាបេតិកភណ្ឌនិទាននិងអរូបី របស់មនុស្សជាតិ។
ការផ្តល់អត្តសញ្ញាណឲ្យរូបចម្លាក់ ដោយកំណត់មាឌ ទំហំ អាយុកាល រចនាប័ទ្ម ប្រវត្តិសង្ខេបនៃចម្លាក់ ។ល។ ទាំងនេះជាការងារចុះបញ្ជីសារពើភ័ណ្ឌទៅលើចម្លាក់បុរាណ។ នេះជាសេចក្តីពន្យល់សង្ខេបដោយលោក ភឹង តារា អ្នកជំនាញផ្នែកចុះបញ្ជីសារពើភ័ណ្ឌ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅប្រាសាទបាយ័ន ជាទីដែលលោក និងក្រុមការងារកំពុងបំពេញការងារនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
4983
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
56305
ខែនេះ
:
0359813
សរុប
:
014802655