NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 12 Febrary 2016 07:16 PM Post By ៖ Apsara National Authority

៣កើតមាឃធំ ជាថ្ងៃបុណ្យដែលអ្នកសៀមរាបភាគច្រើន ជាពិសេសអ្នកតំបន់អង្គរនាំគ្នាប្រារព្ធពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា។ អ្នកភូមិក្រវ៉ាន់ ដែលមានទីតាំងស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប និងជាភូមិមួយដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ក៏នៅតែរក្សាប្រពៃណីបុណ្យឡើងមាឃនេះដែរ តែពិធីនេះហាក់មានលំនាំផ្សេង បើធៀបនឹងភូមិខ្លះទៀតដែលនៅឆ្ងាយពីអង្គរ។

ពិធីឡើងមាឃរបស់អ្នកភូមិក្រវ៉ាន់ ដែលប្រារព្ធធ្វើកាលពីព្រឹកថ្ងៃ៣កើតខែមាឃ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ ពុំមានការបញ្ចូលរូប ឬមេមត់ដូចតំបន់ខ្លះនោះទេ។ ពិធីនេះក៏ពុំបានធ្វើនៅមុខខ្ទមអ្នកតានោះដែរ គឺគេនាំគ្នាធ្វើនៅសាលាឆទាន ដែលអ្នកក្រវ៉ាន់ទម្លាប់ហៅថា សាលាលោក។ តាមការសង្កេត ពិធីនេះហាក់មានទំនោរទៅខាងព្រះពុទ្ធសាសនាច្រើនជាងសែនអ្នកតា ឬថ្វាយអ្នកតា។ ក្នុងពិធីនេះ គេនាំគ្នារៀបចំម្ហូបអាហារពីផ្ទះ ដែលតាមសង្កេតទៅគឺស្ទើរគ្រប់គ្នាមាននំបាញ់ឆែវ និងនំបញ្ចុក ទៅជួបជុំគ្នានៅសាលាលោក ដើម្បីរៀបចំប្រគេនព្រះសង្ឃ។

ចំណែកសំណែនអ្នកតាចាស់ស្រុក ដែលអ្នកស្រុកហៅថា អ្នកតាក្រវ៉ាន់ គឺមានត្រឹមតែមួយថាសប៉ុណ្ណោះ គឺរួមមុខម្ហូបដែលអ្នកភូមិយកមកលាយគ្នាម្នាក់បន្តិច ហើយយកទៅចាក់ថ្វាយអ្នកតានៅក្បែរប្រាសាទក្រវ៉ាន់។ ម្ហូបអាហារក្រៅពីនេះ គេប្រគេនព្រះសង្ឃហើយ ក៏នាំគ្នាហូបពិសារនៅនឹងកន្លែងប្រារព្ធពិធីនោះតែម្តង។

ក្នុងអត្ថបទរបស់លោកសាស្ត្រាចារ្យ អាំង ជូលាន ដែលបានចុះផ្សាយក្នុងបណ្តាញវប្បធម៌ខ្មែរ និយាយពី៣កើតមាឃធំ មានចំណុចមួយលោកសាស្ត្រាចារ្យបានលើកឡើងថា នៅតាមភូមិស្រុកដែលមុខរបរសំខាន់ជាស្រែសុទ្ធសាធ គេសង្កេតឃើញថា អ្នកស្រុកធ្វើពិធីនេះនៅមុខខ្ទមអ្នកតារបស់សហគមន៍គេតែម្តង។ នៅតំបន់របៀបនោះ គេច្រើនតែគិតថា ទាល់តែឡើងមាឃរួចហើយទើបអាច “ឡើងរោង” ពោលគឺបញ្ចូលរូបមេមត់នៅតាមផ្ទះនានាបាន។ បុណ្យពួកមេមត់នោះតែងមានច្រើនថ្ងៃ ព្រោះយប់នេះនៅផ្ទះមេមត់នេះ យប់នោះនៅផ្ទះមេមត់នោះ ឯយប់មួយទៀតនៅផ្ទះមេមត់មួយទៀត។ ដោយសារគេនិយមធ្វើ ឬយល់ថាគេត្រូវធ្វើតែក្នុងខែមាឃ គេក៏ត្រូវតែឡើងអ្នកតា ហៅថាឡើងមាឃនេះ ឲ្យបានដើមខែ ពោលគឺ៣កើតខែមាឃនេះឯង ដើម្បីទុកពេលតទៅទៀត ក្នុងខែដដែលសម្រាប់មេមត់។

ក្នុងអត្ថបទដដែលបន្ថែមថា ប្រសិនបើស្រុកនោះ ជាស្រុកដែលមានលក្ខណៈជាផ្សារបន្តិច ជួនកាលគេធ្វើនៅតាមសាលាសំណាក់របស់ភូមិ ទោះបីជាទីនោះមានខ្ទមអ្នកតា ឬឥតខ្ទមទេក៏ដោយ។ បើអត់ខ្ទមអ្នកតា ច្រើនតែឃើញថា តួនាទីនៃព្រះសង្ឃដែលគេនិមន្តមកមានសារៈសំខាន់ខ្លាំង។ ដូច្នេះបរិស្ថានភូមិសាស្ត្រនិងសង្គម ក៏មានឥទ្ធិពលទៅលើបុណ្យដែលគេប្រារព្ធឡើងនៅថ្ងៃ៣កើតខែមាឃនេះដែរ។ មិនតែប៉ុណ្ណោះ ន័យឬគោលបំណងនៃពិធីអាចខុសដាច់គ្នាឆ្ងាយ ពីមួយទៅមួយ ថ្វីត្បិតតែធ្វើនៅថ្ងៃតែមួយដូចគ្នា។

ដោយពិនិត្យពិធីជាក់ស្តែងនៅភូមិក្រវ៉ាន់ និងខ្លឹមសារអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យខាងលើឃើញថា ពិធីឡើងមាឃនៅភូមិក្រវ៉ាន់ស្ថិតនៅក្នុងលក្ខណៈទី២ច្រើនជាង គឺស្ថិតនៅក្នុងលំនាំនៃភូមិស្រុកដែលមានលក្ខណៈជាផ្សារបន្តិច។

លោកយាយ ជុច យិន អាយុ៨៦ឆ្នាំ ដែលជាចាស់ទុំក្នុងភូមិក្រវ៉ាន់រៀបរាប់ថា តាំងពីលោកយាយដឹងក្តីមក ពិធីឡើងមាឃនៅភូមិនេះមិនដែលឡើងមេមត់ដូចភូមិផ្សេងៗទេ គឺនិមន្តព្រះសង្ឃមកឆាន់ធម្មតា ហើយរៀបចំម្ហូបអាហារថ្វាយអ្នកតាចាស់ស្រុកប៉ុណ្ណោះ។ លោកយាយបញ្ជាក់ថា កាលពីមុន អ្នកស្រុកនាំគ្នាប្រារព្ធពិធីឡើងមាឃនៅមុខប្រាសាទក្រវ៉ាន់តែម្តង ដោយទុកប្រាសាទក្រវ៉ាន់ដូចខ្ទមអ្នកតា ឬកន្លែងអ្នកតា។ តែប៉ុន្មានឆ្នាំមកនេះ ដោយអ្នកស្រុកបានរួមគ្នាកសាងសាលាលោកនៅក្នុងភូមិ ក៏លែងទៅធ្វើបុណ្យមុខប្រាសាទក្រវ៉ាន់ទៀត គេនាំគ្នាធ្វើតែនៅក្នុងសាលាលោក ហើយនាំម្ហូបអាហារមួយថាសទៅថ្វាយអ្នកតាក្រវ៉ាន់ប៉ុណ្ណោះ៕

 



 



( 25 May 2015 )

FirstPrev12...910111213NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
5437
Yesterday
:
10672
This Week
:
65721
This Month
:
0149875
Total
:
014209730