ព័ត៌មានថ្មីៗ

បុណ្យឡើងមាឃភូមិក្រវ៉ាន់

បានផ្សាយនៅ ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ2016 07:16 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

៣កើតមាឃធំ ជាថ្ងៃបុណ្យដែលអ្នកសៀមរាបភាគច្រើន ជាពិសេសអ្នកតំបន់អង្គរនាំគ្នាប្រារព្ធពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា។ អ្នកភូមិក្រវ៉ាន់ ដែលមានទីតាំងស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប និងជាភូមិមួយដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ក៏នៅតែរក្សាប្រពៃណីបុណ្យឡើងមាឃនេះដែរ តែពិធីនេះហាក់មានលំនាំផ្សេង បើធៀបនឹងភូមិខ្លះទៀតដែលនៅឆ្ងាយពីអង្គរ។

ពិធីឡើងមាឃរបស់អ្នកភូមិក្រវ៉ាន់ ដែលប្រារព្ធធ្វើកាលពីព្រឹកថ្ងៃ៣កើតខែមាឃ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ ពុំមានការបញ្ចូលរូប ឬមេមត់ដូចតំបន់ខ្លះនោះទេ។ ពិធីនេះក៏ពុំបានធ្វើនៅមុខខ្ទមអ្នកតានោះដែរ គឺគេនាំគ្នាធ្វើនៅសាលាឆទាន ដែលអ្នកក្រវ៉ាន់ទម្លាប់ហៅថា សាលាលោក។ តាមការសង្កេត ពិធីនេះហាក់មានទំនោរទៅខាងព្រះពុទ្ធសាសនាច្រើនជាងសែនអ្នកតា ឬថ្វាយអ្នកតា។ ក្នុងពិធីនេះ គេនាំគ្នារៀបចំម្ហូបអាហារពីផ្ទះ ដែលតាមសង្កេតទៅគឺស្ទើរគ្រប់គ្នាមាននំបាញ់ឆែវ និងនំបញ្ចុក ទៅជួបជុំគ្នានៅសាលាលោក ដើម្បីរៀបចំប្រគេនព្រះសង្ឃ។

ចំណែកសំណែនអ្នកតាចាស់ស្រុក ដែលអ្នកស្រុកហៅថា អ្នកតាក្រវ៉ាន់ គឺមានត្រឹមតែមួយថាសប៉ុណ្ណោះ គឺរួមមុខម្ហូបដែលអ្នកភូមិយកមកលាយគ្នាម្នាក់បន្តិច ហើយយកទៅចាក់ថ្វាយអ្នកតានៅក្បែរប្រាសាទក្រវ៉ាន់។ ម្ហូបអាហារក្រៅពីនេះ គេប្រគេនព្រះសង្ឃហើយ ក៏នាំគ្នាហូបពិសារនៅនឹងកន្លែងប្រារព្ធពិធីនោះតែម្តង។

ក្នុងអត្ថបទរបស់លោកសាស្ត្រាចារ្យ អាំង ជូលាន ដែលបានចុះផ្សាយក្នុងបណ្តាញវប្បធម៌ខ្មែរ និយាយពី៣កើតមាឃធំ មានចំណុចមួយលោកសាស្ត្រាចារ្យបានលើកឡើងថា នៅតាមភូមិស្រុកដែលមុខរបរសំខាន់ជាស្រែសុទ្ធសាធ គេសង្កេតឃើញថា អ្នកស្រុកធ្វើពិធីនេះនៅមុខខ្ទមអ្នកតារបស់សហគមន៍គេតែម្តង។ នៅតំបន់របៀបនោះ គេច្រើនតែគិតថា ទាល់តែឡើងមាឃរួចហើយទើបអាច “ឡើងរោង” ពោលគឺបញ្ចូលរូបមេមត់នៅតាមផ្ទះនានាបាន។ បុណ្យពួកមេមត់នោះតែងមានច្រើនថ្ងៃ ព្រោះយប់នេះនៅផ្ទះមេមត់នេះ យប់នោះនៅផ្ទះមេមត់នោះ ឯយប់មួយទៀតនៅផ្ទះមេមត់មួយទៀត។ ដោយសារគេនិយមធ្វើ ឬយល់ថាគេត្រូវធ្វើតែក្នុងខែមាឃ គេក៏ត្រូវតែឡើងអ្នកតា ហៅថាឡើងមាឃនេះ ឲ្យបានដើមខែ ពោលគឺ៣កើតខែមាឃនេះឯង ដើម្បីទុកពេលតទៅទៀត ក្នុងខែដដែលសម្រាប់មេមត់។

ក្នុងអត្ថបទដដែលបន្ថែមថា ប្រសិនបើស្រុកនោះ ជាស្រុកដែលមានលក្ខណៈជាផ្សារបន្តិច ជួនកាលគេធ្វើនៅតាមសាលាសំណាក់របស់ភូមិ ទោះបីជាទីនោះមានខ្ទមអ្នកតា ឬឥតខ្ទមទេក៏ដោយ។ បើអត់ខ្ទមអ្នកតា ច្រើនតែឃើញថា តួនាទីនៃព្រះសង្ឃដែលគេនិមន្តមកមានសារៈសំខាន់ខ្លាំង។ ដូច្នេះបរិស្ថានភូមិសាស្ត្រនិងសង្គម ក៏មានឥទ្ធិពលទៅលើបុណ្យដែលគេប្រារព្ធឡើងនៅថ្ងៃ៣កើតខែមាឃនេះដែរ។ មិនតែប៉ុណ្ណោះ ន័យឬគោលបំណងនៃពិធីអាចខុសដាច់គ្នាឆ្ងាយ ពីមួយទៅមួយ ថ្វីត្បិតតែធ្វើនៅថ្ងៃតែមួយដូចគ្នា។

ដោយពិនិត្យពិធីជាក់ស្តែងនៅភូមិក្រវ៉ាន់ និងខ្លឹមសារអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យខាងលើឃើញថា ពិធីឡើងមាឃនៅភូមិក្រវ៉ាន់ស្ថិតនៅក្នុងលក្ខណៈទី២ច្រើនជាង គឺស្ថិតនៅក្នុងលំនាំនៃភូមិស្រុកដែលមានលក្ខណៈជាផ្សារបន្តិច។

លោកយាយ ជុច យិន អាយុ៨៦ឆ្នាំ ដែលជាចាស់ទុំក្នុងភូមិក្រវ៉ាន់រៀបរាប់ថា តាំងពីលោកយាយដឹងក្តីមក ពិធីឡើងមាឃនៅភូមិនេះមិនដែលឡើងមេមត់ដូចភូមិផ្សេងៗទេ គឺនិមន្តព្រះសង្ឃមកឆាន់ធម្មតា ហើយរៀបចំម្ហូបអាហារថ្វាយអ្នកតាចាស់ស្រុកប៉ុណ្ណោះ។ លោកយាយបញ្ជាក់ថា កាលពីមុន អ្នកស្រុកនាំគ្នាប្រារព្ធពិធីឡើងមាឃនៅមុខប្រាសាទក្រវ៉ាន់តែម្តង ដោយទុកប្រាសាទក្រវ៉ាន់ដូចខ្ទមអ្នកតា ឬកន្លែងអ្នកតា។ តែប៉ុន្មានឆ្នាំមកនេះ ដោយអ្នកស្រុកបានរួមគ្នាកសាងសាលាលោកនៅក្នុងភូមិ ក៏លែងទៅធ្វើបុណ្យមុខប្រាសាទក្រវ៉ាន់ទៀត គេនាំគ្នាធ្វើតែនៅក្នុងសាលាលោក ហើយនាំម្ហូបអាហារមួយថាសទៅថ្វាយអ្នកតាក្រវ៉ាន់ប៉ុណ្ណោះ៕

 



 



រមណីយដ្ឋានអង្គរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលទេសចរណ៍ទី១ ក្នុងគោលដៅទេសចរណ៍វប្បធ៌មនិងធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរចំរុះជាតិសាសន៍ចូលមកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ និងបន្តកើនឡើងឥតឈប់ឈរ។ ការកើនឡើងនេះគឺជាប្រភពចំណូលយ៉ាងសំខាន់សំរាប់អភិវឌ្ឍន៍សង្គម និងលើកស្ទួយនូវជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរតាមរយៈមធ្យោបាយជាច្រើន។
អ្នកស្រុកអង្គរជាមួយពិធីកាន់បិណ្ឌ
( ថ្ងៃទី 09 ខែ តុលា ឆ្នាំ2015 )
ពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាប្រពៃណីដូនតាខ្មែរ បានប្រព្រឹត្តទៅគ្រប់វត្តអារាមជិតឈានដល់ថ្ងៃបញ្ចប់ហើយ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាមក។ នៅថ្ងៃ១៥រោចខែភទ្របទ ដែលត្រូវនឹងថ្ងៃទី១២ ខែតុលាខាងមុខនេះ គឺជាថ្ងៃចុងបញ្ចប់ហើយ។
អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជន ជាតិនិងអន្តរជាតិមេត្តាជ្រាបថា ចំណូលដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែកញ្ញា និង៩ខែឆ្នាំ២០១៥ មានដូចខាងក្រោម៖
ក្រមប្រតិបត្តិអង្គរ
( ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2015 )
«ក្រមប្រតិបត្តិអង្គរ» ត្រូវបានរៀបចំធ្វើឡើងតាំងពីឆ្នាំ២០១២ តាមរយៈការប្រមូលព័ត៌មាន កិច្ចសហការ ការស្រាវជ្រាវឯកសារអន្តរជាតិ ការអង្កេត និងការពិគ្រោះយោបល់ រវាងអាជ្ញាធរជាតិអប្សរា ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក៏ដូចជាតំណាងមកពីឧស្សាហកម្មទេសចរណ៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សហគមន៍មូលដ្ឋាន និងព្រះសង្ឃផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1638
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
58694
ខែនេះ
:
0216583
សរុប
:
014276438