ព័ត៌មានថ្មីៗ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ចាប់បើកលក់សំបុត្រឲ្យភ្ញៀវចូលទស្សនាហើយ

បានផ្សាយនៅ ថ្ងៃទី 05 ខែ កុម្ភៈ ឆ្នាំ2016 03:09 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តការរវាងរដ្ឋាភិបាលឥណ្ឌាជាមួយបណ្តាប្រទេសតំបន់ទន្លេមេគង្គរួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ។ សារមន្ទីរមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បានចាប់ផ្តើមបើកឲ្យដំណើរការលក់សំបុត្រចូលទស្សនាដល់ភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១៦ តទៅ។

តម្លៃសំបុត្រទស្សនាសម្រាប់ភ្ញៀវជាតិម្នាក់គឺ១០០០រៀល ចំណែកសំបុត្រទស្សនាសម្រាប់ភ្ញៀវអន្តរជាតិម្នាក់តម្លៃ៣ដុល្លារ និងលើកលែងចំពោះកុមារអាយុក្រោម១២ឆ្នាំ។ ចំណែកពេលវេលាសម្រាប់ចូលទស្សនាវិញ គឺរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨:៣០នាទីព្រឹកដល់ ម៉ោង៤:០០នាទីល្ងាច លើកលែងថ្ងៃអង្គារ និងថ្ងៃបុណ្យជាតិសំខាន់ៗ។

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានបន្ទប់ពិព័រណ៍៤ធំៗសម្រាប់តាំងបង្ហាញជូនទស្សនា គឺ បន្ទប់ពិព័រណ៍ព័ត៌មាន ដែលមានរៀបរាប់អំពីប្រវត្តិនៃទន្លេមេគង្គ ទន្លេគង្គា ទំនាក់ទំនងវប្បធម៌ អារ្យធម៌ និងពាណិជ្ជកម្មផ្នែកវាយនភណ្ឌនៃទន្លេទាំងពីរ។ល។

បន្ទប់ពិព័រណ៍ទី២ គឺពិព័រណ៍វត្ថុធាតុដើម និងដំណើរការផលិត ដែលបង្ហាញអំពីវត្ថុធាតុដើមសំខាន់ៗ ឧបករណ៍ផ្សេងៗ សម្រាប់ផលិតជាវាយនភណ្ឌដូចជា កប្បាស គ រោមសត្វ សម្បុកដង្កូវនាង រុក្ខជាតិផ្សំបង្កើតពណ៌សម្រាប់ជ្រលក់ កីតម្បាញផ្សេងៗ ក៏ដូចជាតាំងបង្ហាញផងដែរអំពីដំណើរការនៃការផលិតអម្បោះពីកប្បាស ការជ្រលក់ពណ៌ ការត្បាញជាដើម។

ក្នុងបន្ទប់ពិព័រណ៍ទី៣ គឺបន្ទប់ពិព័រណ៍វាយនភណ្ឌបុរាណ បន្ទប់ពិព័រណ៍នេះដាក់តាំងបង្ហាញអំពីសម្លៀកបំពាក់បែបប្រពៃណីនៃប្រទេសនីមួយៗ រួមមានសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់សម្រាប់ពិធីបុណ្យប្រពៃណីជាតិ និងវាយនភណ្ឌសម្រាប់ប្រើប្រាស់ក្នុងពិធីសាសនាជាដើម។ បន្ទប់ពិព័រណ៍ទី៤ គឺជាបន្ទប់ពិព័រណ៍វាយនភណ្ឌសហសម័យ។ បន្ទប់ពិព័រណ៍នេះដាក់តាំងសម្លៀកបំពាក់ មានលក្ខណៈតុបតែង បែបទាន់សម័យ ដោយប្រើប្រាស់ កែច្នៃប្រភេទវាយនភណ្ឌផលិតតាមបែបប្រពៃណី។

កញ្ញា ឯម ស្រីពៅ នាយិការងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានលើកឡើងថា សារមន្ទីរនេះបានចាប់ផ្តើមដំណើការសាងសង់ លើផ្ទៃដីទំហំ១ហិកតា កាលពីខែតុលា ឆ្នាំ២០១០ ហើយការងារសាងសង់អាគារ បានបញ្ចប់នៅខែធ្នូ ២០១១ និងសម្ពោធបើកជូនភ្ញៀវទស្សនាជា ផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោក Anil Wadhwa រដ្ឋមន្ត្រី ការបរទេសរបស់ប្រទេសឥណ្ឌានៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤។

កញ្ញាបន្តថា សារមន្ទីរដាក់បង្ហាញនូវវាយនភណ្ឌប្រពៃណី វត្ថុធាតុដើម ឧបករណ៍សម្រាប់ដំណើការផលិតវាយនភណ្ឌ របស់បណ្តាប្រទេសជាប់នឹងដងទន្លេមេគង្គទាំងប្រាំរួមមានប្រទេស កម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា ជាមួយនឹងប្រទេសឥណ្ឌាដែលមានទន្លេគង្គា។ សារៈសំខាន់នៃសារមន្ទីរនេះ ធ្វើឱ្យអ្នកចូលទស្សនា បានយល់ដឹងអំពីទំនាក់ទំនងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អារ្យធម៌ បណ្តាប្រទេសដែលនៅតាមដងទន្លេទាំងពីរគឺ ទន្លេមេគង្គ និងទន្លេគង្គាតាមរយៈវិស័យវាយនភណ្ឌ។

កញ្ញាស្រីពៅក៏បានអំពាវនាវសាធារណជន យុវជនខ្មែរសូមអញ្ជើញមកទស្សនាសារមន្ទីរនេះ ដើម្បីយល់ដឹងបន្ថែមអំពីទំនាក់វប្បធម៌រវាងទន្លេមេគង្គ និងទន្លេគង្គា ព្រមទាំងបង្កើនចំណេះដឹងនានា រួមចំណែកថែរក្សាវប្បធម៌ អារ្យធម៌របស់ជាតិ៕










លោកស្រី Gillian Green អ្នកជំនាញជនជាតិអូស្ត្រាលី ផ្នែកវាយនភណ្ឌប្រពៃណី និងជាសមាជិកកិត្តិយសនាយកដ្ឋានប្រតិបត្តិសិល្បៈនៃសាកលវិទ្យាល័យស៊ីដនី ព្រមទាំងជាប្រធានសមាគមសិល្បៈអាស៊ីអូស្ត្រាលី (TAASA) បានយកអំណោយផ្ទាល់ខ្លួនជាសម្ភារៈនិងឧបករណ៍តម្បាញនៃប្រទេសក្នុងតំបន់មេគង្គ ដែលសន្សំបានពីការស្រាវជ្រាវជាយូរឆ្នាំមកហើយ ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ អំណោយទាំងអស់រួមមានសម្ភារ:សរុបចំនួន៤០ ហើយបែងចែកជា៩មុខ ដួចជា៖ ១- រ៉ក ២- ត្រាក់តម្បាញមួយគូ ៣- ក្តារត្រដក់មួយគូនិងមួយចំហៀង ៤- ជើងដាច់មួយគូនិងមួយចំហៀង ៥- ឈើអន្ទងមួយគូ ៦- ប្រាំង ៧- ឧបករណ៍ស្រាវសូត្រមួយសម្រាប់ ៨- ត្រល់ ៩- ឧបករណ៍កិនផ្លែកប្បាស។ ឧបករណ៍ទាំងនេះធ្វើឡើងពីឈើ ឫស្សី ដែលជាចំណែកផ្សេងៗនៃកីតម្បាញ សម្រាប់ដំណើការត្បាញ មានប្រភពមកពីប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសមីយ៉ាន់មា ហើយមានអាយុកាលមិនក្រោមពី៥០ឆ្នាំឡើយ។
នៅពីមុខប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់កម្ពុជា នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានរៀបចំទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ មន្ត្រីបុគ្គលិក ឆ្មាំ កម្មករ និងសិស្ស និស្សិតយ៉ាងច្រើនកុះករ។
សក្តានុពលទេសចរណ៍នៅខេត្តសៀមរាប គឺទេសចរណ៍វប្បធម៌ ដែលក្រៅពីប្រាង្គប្រាសាទដ៏ល្បីល្បាញជាច្រើនហើយនោះ ជំនឿក៏ជាដួងព្រលឹងដែលមានជីវិតរស់រវើកនិងមានឥទ្ធិពលក្នុងផ្នត់គំនិតរបស់អ្នកស្រុកអង្គរ ហើយត្រូវបានគោរពបូជានិងជឿជាក់យ៉ាងមុតមាំទៀតផង។
ពិធីលៀងមេមត់នៅភូមិក្រវ៉ាន់
( ថ្ងៃទី 24 ខែ កុម្ភៈ ឆ្នាំ2016 )
ជារឿងកម្រសម្រាប់មនុស្សសម័យថ្មីដែលបានគិតគូរ និងជឿស៊ប់លើជំនឿ មូលហេតុដោយសារតែវិទ្យាសាស្ត្រជឿនលឿនខ្លាំង។ ការមិនស្គាល់ពីតម្លៃ និងយកចិត្តទុកដាក់របស់កូនខ្មែរភាគច្រើន បូករួមនឹងការហូរចូលវប្បធម៌បរទេសផងនោះ បានធ្វើឱ្យទំនៀមទម្លាប់មួយចំនួន ដែលជាកេរមរតកដូនតាបន្សល់ទុករាប់សតវត្សមកហើយត្រូវបាត់បង់ម្តងបន្តិចៗ។
ស្វែងយល់ខ្លឹមសារពិធីបុណ្យមាឃបូជា
( ថ្ងៃទី 23 ខែ កុម្ភៈ ឆ្នាំ2016 )
បណ្តាពិធីបុណ្យសំខាន់ៗរបស់ព្រះពុទ្ធសាសនា មាឃបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកជនគ្រប់ប្រទេស អ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលខកខាន។ ពិធីបុណ្យនេះប្រារព្ធឡើងជារៀងរាល់ថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ចំណុចដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ព្រះធរមាននៅឡើយ។ ព្រឹត្តិការណ៍សំខាន់ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន ១២៥០អង្គ ជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍មូលដ្ឋាននៃសាសនា ដែលហៅថា ឱវាទបាតិមោក្ខ។ ខ្លឹមសារសង្ខេបនៃឱវាទបាតិមោក្ខនោះមាន៣គាថាគឺ៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6390
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
26578
ខែនេះ
:
0344703
សរុប
:
013327017